សហរដ្ឋអាមេរិកបានប្តេជ្ញាថានឹងដាក់ទណ្ឌកម្មអន្តរជាតិកាលពីលើកមុនឡើងវិញលើប្រទេសអ៊ីរ៉ង់ ដែលនឹងចូលជាធរមាននៅថ្ងៃទី ១៩ ខែកញ្ញា វេលាម៉ោង ៨ យប់ ម៉ោងនៅក្នុងសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានបញ្ជាក់ថា ការប្រកាសបន្ថែមទៀតនឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ និងសប្ដាហ៍ក្រោយ ទាក់ទិននឹងវិធីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្រោងអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធក្នុងអំឡុងពេលសន្និសីទកាសែតរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក Dominic Raab ថា៖ «យើងនឹងងាកទៅរកអង្គការសហប្រជាជាតិដើម្បីឲ្យដាក់ទណ្ឌកម្មឡើងវិញ [លើប្រទេសអ៊ីរ៉ង់] ដើម្បីឲ្យការហាមឃាត់ការលក់ដូរអាវុធនោះក្លាយជាអចិន្ត្រៃយ៍នៅសប្តាហ៍ក្រោយ»។
ចក្រភពអង់គ្លេស ប្រទេសបារាំង និងអាល្លឺម៉ង់ ដែលគេហៅថា E3 បានបញ្ជាក់កាលពីខែសីហាថា ពួកគេមិនអាចគាំទ្រចំណាត់ការរបស់សហរដ្ឋអាមេរិកនៅក្នុងការស្ដារឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើប្រទេសអ៊ីរ៉ង់នោះទេ។
ប្រទេសទាំង ៣ នេះបានលើកឡើងថា វិធានការនេះមិនស្របទៅនឹងកិច្ចប្រឹងប្រែងដើម្បីគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះឡើយ៕