អាមេរិក​និង​វៀតណាម​សាទរ​កិច្ច​ព្រមព្រៀង​លើក​កម្ពស់​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ឆ្វេង) លើក​កែវ​អបអរ​ជាមួយ​ប្រធានាធិបតី​វៀតណាម លោក Vo Van Thuong នៅ​វិមាន​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣។

នៅ​ថ្ងៃ​ចន្ទ​នេះ មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​វៀតណាម​បាន​សាទរ​កិច្ច​ព្រមព្រៀង​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​និយាយ​អំពី​សក្ដានុពល​សម្រាប់​ការ​លើកស្ទួយ​នវានុវត្តន៍​និង​ការ​វិនិយោគទុន។

នៅ​ពេល​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​វៀតណាម​លោក Vo Van Thuong ក្នុង​ទីក្រុង​ហាណូយ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​លើ «បញ្ហា​ប្រឈម​នានា​ដែល​សំខាន់​ចំពោះ​ប្រជាពលរដ្ឋ​របស់ [ប្រទេស​ទាំង​ពីរ]» និង​បាន​និយាយ​ថា​វា​ជា​រឿង​អស្ចារ្យ «ដែល [ប្រទេស​ទាំង​ពីរ] បាន​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​នេះ»។

លោក Thuong បាន​ហៅ​កិច្ច​ព្រមព្រៀង​នេះ​ថា​ជា «ឱកាស​ដ៏​សំខាន់» មួយ និង​បាន​បញ្ជាក់​ថា​វា​បាន «បើក​ទំព័រ​ថ្មី​មួយ»។

នៅ​មុន​នេះ​បន្តិច​ លោក Biden ធ្លាប់​បាន​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh ហើយ​មេដឹកនាំ​ទាំង​ពីរ​បាន​ចូលរួម​នៅ​ក្នុង​វេទិកា​ធុរកិច្ចមួយ ដែល​នៅ​ទីនោះ​លោក Biden បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ជាមួយ​នឹង​វៀតណាម​លើ​សេវា​ប្រព័ន្ធ cloud តាម​អ៊ីនធឺណិត បន្ទះ​ឈីប និង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI)។

លោក​បាន​លើកឡើង​អំពី «ដំណាក់កាល​ថ្មី» នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម និង​បាន​និយាយ​ថា​ ប្រទេស​ទាំង​ពីរ​ចាំបាច់​ត្រូវ​បន្ត​ភាព​ជា​ដៃគូ​នានា។

លោក Biden ថ្លែង​ដូច្នេះ​ថា៖ «សារ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​គឺ​សាមញ្ញ​បំផុត ដែល​នោះ​គឺ​ចូរ​យើង​បន្ត​ធ្វើ​វា​ត​ទៅ​ទៀត»។

អ្នក​ដែល​មាន​វត្តមាន​ចូលរួម​នៅ​ក្នុង​ជំនួប​របស់​លោក​ទាំង​ពីរ​រួម​មាន​ទាំង​ថ្នាក់ដឹកនាំ​មកពី​ក្រុមហ៊ុន​បន្ទះ​អេឡិចត្រូនិក បច្ចេកវិទ្យា និង​អាកាសចរណ៍​កំពូលៗ​របស់​សហរដ្ឋ​អាមេរិក​និង​វៀតណាម​ផង​ដែរ។

សេតវិមាន​ក៏​បាន​ប្រកាស​កិច្ច​ព្រមព្រៀង​ដែល​មាន​ទឹក​ប្រាក់​ចំនួន ៧,៨ ពាន់​លាន​ដុល្លារ​ផង​ដែរ​រវាង​ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន Vietnam Airways និង​បាន​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​នេះ​នឹង​ផ្ដល់​ការងារ​ចំនួន ៣០.០០០ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ព័ត៌មាន​ទាក់ទង៖ អ្នក​ជំនាញ៖ ទំនាក់ទំនង​កាន់​តែ​ស្និទ្ធ​មិន​មែន​ជា​សញ្ញា​ថា​វៀតណាម​​ចង​សម្ព័ន្ធ​ជាមួយ​អាមេរិក​នោះ​ទេ


ការ​ពិភាក្សា​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​និង​វៀតណាម​បាន​លើក​កម្ពស់​ទំនាក់ទំនង​របស់​ពួកគេ​ទៅ​ដល់​កម្រិត «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ»។ នេះ​ជា​វិធានការ​មួយ​ដែល​សេតវិមាន​បាន​ពណ៌នា​ថា «មិន​ធ្លាប់​មាន​ពី​មុន​និង​សំខាន់» និង​ថា​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ឈាន​ដល់​កម្រិត​មួយ​ស្មើ​នឹង​ប្រទេស​ចិន​ដែល​ជា​គូ​ប្រជែង​ចម្បង​របស់​ខ្លួន​ដែល​មាន​ឋានៈ​ការទូត​កម្រិត​ខ្ពស់​ដូច​គ្នា​ជាមួយ​នឹង​វៀតណាម៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។