ឧត្តមនាវី​ទោ​អាមេរិក​ស្នើ​ឲ្យ​មាន​ក្រម​សីលធម៌​សម្រាប់​អវកាស

អវកាស​យានិក​ជនជាតិរុស្សី​ Fyodor Yurchikhin (រូបស្តាំ​) កំពុង​និយាយ​ខណៈពេល​ដែល​អវកាស​យានិក​ជនជាតិ​អាមេរិក​ Jack Fischer កំពុង​ស្តាប់ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុងប្រទេស​ កាហ្សាក់ស្ថាន​ ថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០១៧។

មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​យុទ្ធសាស្រ្ត​សហរដ្ឋអាមេរិក​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​ក្រម​សីលធម៌​សម្រាប់​អវកាស​ ស្រប​ពេល​ដែល​ក្តី​ស្រមៃ​នៃ​ការ​រុករក​ដើម្បី​ផលប្រយោជន៍​រួម​កំពុងតែ​សាបរលាប។

លោក​ឧត្តមនាវី​ទោ Charles Richard ជឿជាក់​ថា​ ការ​បង្កើត​បទដ្ឋាន​និង​ការ​ប្រតិបត្តិ​ក្រម​សីលធម៌​នៅ​អវកាស​នឹង​ជួយ​ឲ្យ​ប្រទេស​នានា​យល់​ដឹង​ពី​សកម្មភាព​រវាង​គ្នា​នឹងគ្នា​កាន់​តែ​ច្បាស់។

លោក Richardបាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​ស្តីពី «សន្តិសុខ​អវកាស៖​បញ្ហា​នានា​ចំពោះ​រដ្ឋបាល​សហរដ្ឋអាមេរិក​ថ្មី» ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មីនា​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​ថ្លែង​ថា៖ «យើង​កំពុង​តែ​កំណត់ថា​តើអ្វីខ្លះអាច​រាប់​ចាត់ទុកថា​ជាការវាយ​ប្រហារលើ​ទី​អវកាស»។

លោក​បាន​ចោទ​សួរ​ថា​៖ «តើ​មាន​ភ័ស្តុតាង​សម​ស្រប​ណា​ខ្លះ​ដែល​អាច​ឲ្យ​សហគមន៍​អន្តរជាតិ​រាប់​បញ្ចូល​ថា​ជា​ការ​រំលោភ​បូរណភាព​ទី​អវកាស? តាម​ទស្សនៈ​របស់​យើង​ តើ​អ្វី​ខ្លះ​ដែល​អាច​រាប់​បញ្ចូល​ថា​ជា​ការ​បង្ក​ហេតុ​ក្នុង​ទី​អវកាស?»

លោក​ Richard ​បាន​និយាយ​ថា​ «ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​ដែល​ជា​ដៃគូ​ និង​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា​ វា​មាន​ការ​ពិបាក​ក្នុង​ការឆ្លើយ​នឹង​សំណួរ​ខាង​លើ​ទាំង​នេះ​ ពីព្រោះ​យើង​មិន​ទាន់​មាន​បទបញ្ញត្តិ​ទាក់​ទង​នឹង​អវកាស​នៅ​ឡើយ‍​ទេ»។

ស្រប​ពេល​ដែល​លោក​ទទួល​ស្គាល់​ថា ​នៅ​ទី​អវកាស​គឺ​«មាន​ភាព​ខុស​គ្នា» លោក​ Richard ​បាន​ថ្លែង​ថា៖ «សំណួរ​មួយ​ចំនួន​ដែល​យើង​កំពុង​តែ​រក​ចម្លើយ​ត្រូវ​បាន​ឆ្លើយ​រួច​ហើយនៅ​ក្នុង​ស្ថាប័ន​កងទ័ព​ជើង​ទឹក​និង​ជើង​អាកាស​ ដូច្នេះ​យើង​អាច​ចាប់​ផ្តើមពីមូលដ្ឋានដែល​មាន​រួច​ហើយ»។

ជាច្រើន​ទសវត្សរ៍​មក​នេះ​ គម្រោង​ផែនការ​សម្រាប់​អវកាស​គឺ​សន្ធិសញ្ញា​អវកាស​ឆ្នាំ​១៩៦៧​ ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​រុស្សី​និង​សហរដ្ឋអាមេរិក​ក្នុង​អំឡុង​ពេល​នៃ​សង្រ្គាម​ត្រជាក់។ បច្ចុប្បន្ន​នេះ សន្ធិសញ្ញា​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ចំនួន​១០៥​ និង​មាន​ប្រទេស​ចំនួន​២៤​ទៀត​បាន​ចុះ​ហត្ថលេខា​ដែរ ​ប៉ុន្តែ​មិន​ទាន់​បាន​ផ្តល់​សច្ចានុមតិ​នៅ​ឡើយ​ទេ។ សន្ធិ​សញ្ញា​នេះ​ហាម​ឃាត់​ការ​បង្ហោះ​អាវុធ​នុយក្លេអ៊ែរ​ ឬ​អាវុធ​ប្រល័យ​លោក​នៅ​លើ​គន្លង​ភព​ផែនដី​ នៅ​លើ​ភព​ព្រះ​ចន្ទ​ ឬ​នៅ​កន្លែង​ណា​មួយ​ក្នុង​ទី​អវកាស។ សន្ធិសញ្ញា​នេះ​ក៏​ហាម​ឃាត់​ «ការ​បង្កើត​មូលដ្ឋាន​យោធា​ ការ​បំពាក់​សព្វាវុធ ការ​ធ្វើ​តេស្ត​សាក​ល្បង​សព្វាវុធ​គ្រប់​ប្រភេទ និង​ការ​ធ្វើ​សមយុទ្ធ​យោធា​នៅ​ទីអវកាស​ផង​ដែរ»។

ក៏​ប៉ុន្តែ​ពាក្យពេចន៍​ជាច្រើន​នៅ​ក្នុង​សន្ធិ​សញ្ញា​នេះ​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​នៅ​ឡើយ។ សន្ធិ​សញ្ញា​នេះ​មិន​បាន​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​សព្វាវុធ​ធម្មតា​ ឬ​ហាម​ឃាត់​កង​កម្លាំង​យោធា​នៅ​ទី​អវកាស​ទេ​ ប្រសិន​បើ​ពួក​គេ​មិន​ប្រតិបត្តិ​សកម្មភាព​ហិង្សា​ តួយ៉ាង​ដូចជា​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ឬ​ការ​បង្ហោះ​ផ្សាយ​ផ្កាយ​រណប​សម្រាប់​កិច្ចការ​ចារកម្ម​ និង​ទំនាក់​ទំនង។ គិត​ត្រឹម​ខែ​កក្កដា ​ឆ្នាំ​២០១៦​ មាន​ផ្កាយ​រណប​ចំនួន​១៤១៩​គ្រឿង​ហោះ​ជុំវិញ​ភព​ផែនដី​ ដែល​ក្នុង​នោះ​មាន​ផ្កាយរណប​ប្រហែល​៣៥០​គ្រឿង​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​កិច្ចការ​យោធា​ នេះ​បើ​យោង​តាម​សហភាព​នៃ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ ដែល​មាន​ទិន្នន័យ​នេះ។

ការ​ក្រើន​រំឭក​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៧​ នៅ​ពេល​ដែល​ប្រទេស​ចិន​បាន​បាញ់​ទម្លាក់​ផ្កាយ​រណប​ព្យាករណ៍​អាកាសធាតុ​ឈ្មោះ​ Fengyun-1Cដែល​មាន​អាយុ​កាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ​នៅ​ពេល​កំពុង​បាញ់​សាក​ល្បងគ្រាប់​មីស៊ីល​ដែល​មាន​បំពាក់​ឧបករណ៍​ប្រឆាំង​នឹង​ផ្កាយរណប​ (ASAT)។

ក្នុង​ឆ្នាំ​២០១៥ គណៈកម្មការ​ត្រួត​ពិនិត្យ​វាយតម្លៃ​សេដ្ឋកិច្ច​និង​សន្តិសុខ​សហរដ្ឋអាមេរិក-ចិន បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​លើ​កម្មវិធី​អវកាស​របស់​ប្រទេស​ចិន ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​។ កាល​ពី​ពេល​កន្លង​ទៅ​នេះ មន្ត្រី​ម្នាក់​នៃ​បញ្ជាការដ្ឋាន​យុទ្ធសាស្រ្ត​អាមេរិក​បាន​ថ្លែង​ប្រាប់ VOA ថា យោធា​អាមេរិក​និង​ចិន​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​សន្តិសុខ​អវកាស ហើយ​សង្ឃឹម​ថា សន្ទនា​នេះ​នឹង​នៅ​តែ​បន្ត។

លោក​Peter Hays ​ដែល​ជា​សាស្ត្រចារ្យ​ជំនាញ​គោលនយោបាយ​អវកាស​នៃ​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក និងនៅ​វិទ្យាស្ថាន​គោល​នយោបាយ​អវកាស​នៃ​សាកល​វិទ្យាល័យ​ George Washington​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​មួយ​ថា​ សហរដ្ឋអាមេរិក​មិន​គួរ​ក្លាយ​ជា​ប្រទេស​ទី១​ដែល​បំពាក់​សព្វាវុធ​នៅ​អវកាស​ទេ​ ប៉ុន្តែ​ប្រទេស​នេះ​ក៏​គួរ​តែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដែរ។

លោក​ Richard ​បាន​និយាយ​ថា​ ខណៈ​ពេល​ដែល​សហរដ្ឋអាមេរិក​មិន​ធ្លាប់​ចង់​មានសង្គ្រាម​ដល់​ទីអវកាស​ សំណួរ​សម្រាប់​ពេល​នេះ​ គឺថា៖ «តើ​យើង​អាច​ទប់​ស្កាត់​អ្នក​ដែល​ប្រឆាំង​នឹង​យើង​នៅ​អវកាស​ដូចម្តេច ក្នុង​ពេល​ដែល​យើង​កំពុង​រក្សា​ទីអវកាស​ឲ្យ​មាន​សុវត្ថិភាព​ ស្ថិរភាព​ និង​សន្តិសុខ? មិន​ថា​អ្នក​កំពុង​បញ្ជា​យាន​អវកាស​ យន្ត​ហោះ​ យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ ឬ​មីស៊ីល​ទេ ​អវកាស​គឺ​ជា​កន្លែង​ដែល​អាច​ឲ្យ​អ្នក​ផ្សេង​ទៀត​ធ្វើ​បាន​ដូច​គ្នា»។

លោក​បាន​និយាយ​ថា៖ «ប្រសិន​បើ​យើង​អាច​ព្រមព្រៀង​គ្នា​លើ​បទដ្ឋាន​និង​ក្រម​សីលធម៌ ឥឡូវ​នេះ​អ្នក​នឹង​ចាប់​ផ្តើម​កាត់​បន្ថយ​កម្រិត​នៃ​ការ​យល់​ច្រឡំ​ក្នុង​ទំនាក់​ទំនង​ឲ្យ​បាន​ទាប​បំផុត»។ លោក​ថ្លែង​បន្ថែម​ថា ការ​កាត់​បន្ថយ​កម្រិត​នៃ​ការ​បក​ស្រាយ​ខុស ​ក៏​អាច​កាត់​បន្ថយ​ការ​ឆ្លើយ​តប​មិន​ត្រឹម​ត្រូវ​ ឬ​មិន​សម​ទំនង​ណា​មួយ​ដែល​អាច​កើត​មាន​ផង​ដែរ»៕

ប្រែសម្រួល​ដោយ ​កោះ​ សុគន្ធី​