នៅក្នុងជំនួបមួយជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានអំពាវនាវឲ្យដោះលែងសកម្មជនបរិស្ថានដែលត្រូវបានកាត់ទោសកាលពីដើមខែឧសភា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃអង្គារនេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងថាឯកអគ្គរដ្ឋទូតអាមេរិកបានជួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែមិថុនា ដោយពិភាក្សាបញ្ហាមួយចំនួន។
ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតអាមេរិកក៏បានបង្ហាញនូវ«កង្វល់ជាខ្លាំង»អំពីការកាត់ទោសសកម្មជនបរិស្ថានមួយចំនួនដាក់ពន្ធនាគារ។
ស្ថានទូតបញ្ជាក់ថា៖ «យើងអំពាវនាវឲ្យមានការដោះលែង។ សេរីភាពបញ្ចេញមតិគឺជាសិទ្ធិមនុស្សជាមូលដ្ឋាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ការហ៊ាននិយាយដើម្បីការពារបរិស្ថាន ដែលប្រឈមនឹងការគំរាមកំហែង ដោយសារការកាប់ឈើខុសច្បាប់ និងកេងយកប្រយោជន៍ពាណិជ្ជកម្ម គឺជារឿងគួរឲ្យសរសើរទៅវិញទេ»។
ស្ថានទូតអាមេរិកបញ្ជាក់បន្ថែមថា៖ «ការគោរពនូវសិទ្ធិសេរីភាពជាមូលដ្ឋានអាចជួយធានានូវអនាគតមួយដែលប្រកបដោយសុខសន្តិភាព វិបុលភាព មានអធិបតេយ្យនិងប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជា»។
ជំនួបរវាងលោក ស ខេង និងឯកអគ្គរដ្ឋទូតអាមេរិក កើតឡើងក្រោយមានជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី Wendy Sherman និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមិថុនា។
អ្នកស្រី Shermanបានអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់«មានលក្ខណៈនយោបាយ»ប្រឆាំងនឹងអ្នកនយោបាយ អ្នកសារព័ត៌មាននិងសកម្មជន និងបង្កើតលំហសេរីភាពខាងនយោបាយនិងសង្គមស៊ីវិលឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣។
កាលពីដើមខែឧសភា តុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារមនុស្ស៥នាក់ ដែលក្នុងនោះមានសកម្មជនបរិស្ថាន៤នាក់ ឲ្យជាប់ពន្ធនាគារចន្លោះពី១៨ខែដល់២០ខែ ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគេក្នុងការការពារបរិស្ថានកាលពីកន្លងមក។
ក្នុងចំណោមមនុស្ស៥នាក់នោះ មានសកម្មជនបរិស្ថាន៣នាក់ ដែលកំពុងជាប់ឃុំ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ។ ពួកគេត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ចំពោះសកម្មភាពលើបណ្តាញសង្គមដែលផ្សព្វផ្សាយអំពីគម្រោងដើរថ្មើរជើងទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ដើម្បីបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៅតំបន់បឹងតាមោក។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ក្រោយការកាត់ទោស ស្ថានទូតសហរដ្ឋអាមេរិកនិងអូស្ត្រាលីប្រចាំនៅកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភលើការកាត់ទោសសកម្មជនបរិស្ថានវ័យក្មេង ដោយអាមេរិកអំពាវនាវឲ្យដោះលែងពួកគេ ខណៈអូស្ត្រាលីជំរុញឲ្យធានាសិទ្ធិមនុស្សជាមូលដ្ឋាន។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថាសកម្មជនបរិស្ថានដែលអាមេរិកលើកឡើងនោះបាន«ធ្វើសកម្មភាពដែលជាបទល្មើសមានបញ្ញត្តិក្នុងច្បាប់កម្ពុជា»។ លោកបន្ថែមថាការលើកឡើងនេះ«មិនមានប្រយោជន៍»អ្វីនោះទេ គឺមានតែការចូលរួមនីតិវិធីរបស់តុលាការកម្ពុជា ដើម្បីបង្ហាញភស្តុតាងដោះបន្ទុកតែប៉ុណ្ណោះ៕