ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញ«ក្តីបារម្ភយ៉ាងខ្លាំង»ទៅលើការចាប់ខ្លួនមេដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដោយអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកតស៊ូមតិរូបនេះជាបន្ទាន់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ចេញផ្សាយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
អាមេរិកបញ្ជាក់ថាអាជ្ញាធរកម្ពុជាបានជ្រៀតជ្រែកសិទ្ធិរបស់កម្មករ ដោយចាប់ឃុំខ្លួនមេដឹកនាំសហជីពនិងកម្មករដែលតវ៉ាប្រឆាំងនឹងការបញ្ឈប់ពីការងារ នៅក្នុងជម្លោះជាមួយក្រុមហ៊ុនរកស៊ីកាស៊ីណូណាហ្គាវើលដ៍ ប្រមាណ១ឆ្នាំមកហើយ។
សហរដ្ឋអាមេរិកបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងជំរុញអាជ្ញាធរកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ និងមន្រ្តីសហជីពការងារទាំងអស់ដែលត្រូវបានចាប់ខ្លួន ដោយសារការសម្តែងសិទ្ធិសេរីភាពផ្នែកសមាគម និងការប្រមូលផ្តុំដោយសន្តិវិធីរបស់ពួកគេ ហើយទម្លាក់ចោលការចោទប្រកាន់ប្រឆាំងពួកគេ និងឈានដល់ការដោះស្រាយជម្លោះ ដោយការស្ថាបនា»។
បើតាមសេចក្តីថ្លែងការណ៍ នោះ អាមេរិកក៏បញ្ជាក់ជាថ្មីអំពីការអំពាវនាវឱ្យដោះលែងមេធាវីខ្មែរសញ្ជាតិអាមេរិកាំងកញ្ញា សេង ធារី ផងដែរ។
កញ្ញា ឈឹម ស៊ីថរ ដែលចេញមុខយ៉ាងសកម្មក្នុងការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលដែលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅក្នុងប្រទេសអូស្ត្រាលី។
កញ្ញា ស៊ីថរ ធ្លាប់ត្រូវបានចាប់ខ្លួនលើកទីមួយ កាលពីខែមករា ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារសកម្មភាពកូដកម្មរបស់សហជីពដែលកញ្ញាដឹកនាំ។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិល។
កញ្ញា ស៊ីថរ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ កាលពីខែមីនា ហើយត្រូវបានចាប់ខ្លួនសាជាថ្មី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយអាជ្ញាធរចោទប្រកាន់ថា កញ្ញាបានរំលោភលក្ខខណ្ឌដែលហាមឃាត់កញ្ញាមិនឱ្យចាកចេញពីប្រទេស។ ប៉ុន្តែទាំង កញ្ញា ស៊ីថរ និងមេធាវីការពារក្តីឱ្យកញ្ញាសុទ្ធតែមិនបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌ ក្នុងការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះទេ។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក ដែលទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ដែរ។
បើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពនូវកាតព្វកិច្ចសិទ្ធិការងារ និងការប្តេជ្ញារបស់ខ្លួន និងសម្រុះសម្រួលឱ្យមានដំណោះស្រាយមួយរវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងសហជីពការងារតំណាងដោយកម្មករដែលត្រូវបានបញ្ឈប់ពីការងារ»។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ដោយសារតែកញ្ញាល្មើសឬក៏បំពានទៅនឹងកាតព្វកិច្ចនៃការដាក់ឱ្យស្ថិតនៅក្រោមលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ នៅពេលដែលកញ្ញាបានចាកចេញពីកម្ពុជា ដោយមិនមានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។
លោកបញ្ជាក់ថា៖ «ចំពោះការលើកឡើងថា ជនត្រូវចោទមិនបានទទួលដំណឹងពីដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការនោះ កាន់តែបង្ហាញយ៉ាងច្បាស់ក្នុងចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់វីអូអេថាការលើកឡើងរបស់សហរដ្ឋអាមេរិក ជាការមិនពិនិត្យមើលទិដ្ឋភាពច្បាប់របស់កម្ពុជា ខណៈថានេះជាដំណើរការអនុវត្តច្បាប់របស់តុលាការកម្ពុជា។
លោកថ្លែងថា៖ «ការដែលសមត្ថកិច្ចអនុវត្តទៅតាមនីតិវិធីច្បាប់ ផ្លូវច្បាប់របស់កម្ពុជាដែលមានជាធរមាន ត្រឹមត្រូវគ្រប់លក្ខណៈទាំងអស់នេះ មិនមែនជាការរំលោភបំពានសិទ្ធិឬក៏ធ្វើទុក្ខបុកម្នេញនោះទេ។ អាហ្នឹងជាវិធានការច្បាប់ទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យ....នីតិរដ្ឋណាក៏គេធ្វើអ៊ីចឹងដែរ»។
លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ប្រាប់វីអូអេថា ការចាប់ខ្លួនសកម្មជនសិទ្ធិការងារដ៏លេចធ្លោរូបនេះគឺជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ ដោយការចោទប្រកាន់របស់តុលាការមិនបានផ្អែកលើមូលដ្ឋានច្បាប់។
បើតាម លោក ឃុន ថារ៉ូ ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការពិចារណាថាតើថាគួរដកបន្ថែមឬក៏ឱ្យមកកម្ពុជាវិញ ដោយលោកព្រមានពីការបាត់បង់ ប្រសិនបើមិនមានការគោរពសិទ្ធិការងារ។
លោកថ្លែងថា៖ «អ៊ីចឹងចំណុចមួយនេះ ខ្ញុំគិតថា វាជាចំណុចមួយដែលរាជរដ្ឋាភិបាលត្រូវគិតគូរពិចារណាឱ្យបានដិតដល់ក្នុងការធានាឱ្យមានការលើកកម្ពស់ សេរីភាពផ្នែកសមាគម ជំរុញឱ្យមានលម្ហសិទ្ធិពលរដ្ឋ និងការអនុវត្តសិទ្ធិជាមូលដ្ឋានក្នុងការជួបជុំ ប្រមូលផ្តុំ និងការសម្តែងមតិ ដោយសន្តិវិធី»។
កូដកម្មរបស់កម្មករនិយោជិត ឬអតីតបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការចោទប្រកាន់ពីក្រុមបុគ្គលិកថា ក្រុមហ៊ុនបានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព៕