ស.រ.អា.​រារាំង​ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប.​អំពី​ការ​បាញ់គ្រាប់​កាំភ្លើងពិត​ដោយ​ជនជាតិ​ប៉ាឡេស្ទីន

បាតុករ​ប៉ាឡេស្ទីន​ប៉ះ​ទង្គិច​ជាមួយ​អ៊ីស្រាអែល​នៅ​Gaza Strip កាលពី​ថ្ងៃសោរ៍ទី៣១ មីនា ២០១៨។

សហ​រដ្ឋ​អាមេរិក​បាន​រារាំង​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហ​ប្រជាជាតិ​ កាលពីថ្ងៃសៅរ៍​ដែល​អំពាវនាវ​ឱ្យមាន​ការ​ស៊ើបអង្កេត​ទៅលើ​ការ​បាញ់គ្រាប់​កាំភ្លើងពិត​ដោយ​ទាហានអ៊ីស្រាអែល បាញ់​ទៅលើ​ជនជាតិ​ប៉ាឡេស្ទីន​ ដែលចូលរួម​បាតុកម្មទ្រង់ទ្រាយ​ធំ​នៅ Gaza Strip។ នេះបើ​យោងតាម​អ្នក​ការទូត​របស់​ក្រុមប្រឹក្សា​សន្តិសុខ។​

កាលពីថ្ងៃសៅរ៍​បុរសប៉ាឡេស្ទីន២​នាក់ត្រូវបាន​ទាហាន​អ៊ីស្រាអែល​បាញ់ចំជើង​ បន្ទាប់ពី​ពួក​គេដើរជិត​របងព្រំដែន​ Gaza Strip ​ដែលជាព្រំដែនអ៊ីស្រាអែល​ប៉ាឡេស្ទីន។​ ក្នុង​ហេតុការណ៍​មួយ​ទៀត ​ក្មេងប្រុសអាយុ​១៦​ឆ្នាំម្នាក់​ត្រូវបាន​គេបាញ់​ជើងទាំងពីរ​ ​នៅពេលក្មេងនេះ​និងក្មេងប្រុសដទៃទៀត​យកចំពាមបាញ់​ដំថ្ម​ទៅលើ​របងព្រំដែន​នេះ។​ ក្មេងប្រុស​នេះត្រូវបាន​គេ​ដឹកទៅ​សង្រ្គោះ​នៅ​ក្នុងមន្ទីរពេទ្យ ​ហើយ​ជើងម្ខាង​រុំដោយ​ក្រណាត់​រំរបួស​និង​ម្ខាង​ទៀត​មាន​អបដែក។​

អាជ្ញាធរ​ប៉ាឡេស្ទីន​និយាយ​ថា ​យ៉ាងហោច​ណាស់​មាន​មនុស្ស ​១៥ ​នាក់ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​អ៊ីស្រាអែល ហើយ​ជាង​៧៥០នាក់​រងរបួស​ដោយគ្រាប់​កាំភ្លើងពិត។​

ប្រជាជន​ប៉ាឡេស្ទីន​បានបញ្ចុះ​សាកសព​របស់អ្នកស្លាប់នៅថ្ងៃបុណ្យ​ជាតិ ​កាលពី​ថ្ងៃសៅរ៍ ​ហើយ​ពួកអ្នក​ចូលរួម​ក៏​បាន​អំពាវនាវ​ឱ្យ​មាន «ការសងសឹក» ។​

លោក Benjamin Netanyahu ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ បាន​សរសើរ​កង​កម្លាំង​អ៊ីស្រាអែល​ដែលបាន​បាញ់ជនជាតិ​ប៉ាឡេស្ទីន​នោះ។​ ​កងយោធាអ៊ីស្រាអែល​បាន​និយាយ​នៅយប់​ថ្ងៃ​សៅរ៍​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ថា ​មនុស្ស​១០​នាក់ក្នុង​ចំណោម​ជន​ប៉ាឡេស្ទីន ដែល​បាន​ស្លាប់នោះ​ ត្រូវ​បាន​គេរាយ​ការណ៍​មក​ថា មាន​ប្រវត្តិជា​ភេរវជន​ក្នុងក្រុម​ Hamas និងក្រុម​ដទៃ​ទៀត​ ហើយត្រូវ​បាន​សម្លាប់​ ខណៈ​ដែល​ពួកគេ​កំពុងធ្វើ​សកម្មភាព​ភេវរកម្ម។ ​ខាង​អ៊ីស្រាអែល​មិនមាន​អ្នកណាម្នាក់​រងគ្រោះ​ថ្នាក់​ឡើយ៕