សហ​រដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​ថា​ ក្រុម​តាលីបង់​នឹង​ត្រូវ​​វាយ​តម្លៃ​​តាម​រយៈ​សកម្មភាព​ជាជាង​ពាក្យ​សម្តី

ក្រុម​តាលីបង់​យាមល្បាត​នៅ​ក្នុង​តំបន់ Wazir Akbar Khan ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​និយាយ​ថា​ ពួក​គេនឹង​ធ្វើ​ការ​ជា​មួយ​ប្រទេស​ផ្សេងៗ​ទៀត​ ដើម្បី​ដាក់​ចេញ​យុទ្ធសាស្ត្រ​សម្រប​សម្រួល​មួយ​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​នៅ​ពេលនិយាយ​អំពី​ការ​សន្យា​របស់​ក្រុម​តាលីបង់​ក្នុង​ការគ្រប់​គ្រង​ប្រទេស​នោះ​ សកម្មភាព​របស់​ក្រុម​នេះ​ មាន​សារៈសំខាន់បំផុត។​

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ Boris Johnson ​បានប្រាប់​សមាជិក​សភា​នៅ​ថ្ងៃ​ពុធថា​ «យើង​នឹង​វាយ​តម្លៃរបបតាលីបង់​ ដោយ​ផ្អែកលើជម្រើស​ដែល​គេ​ធ្វើ​ និង​តាម​រយៈ​សកម្មភាព​ជាជាង​ពាក្យ​សម្តី។​ យើង​នឹង​វាយ​តម្លៃ​ទៅ​លើ​អាកប្បកិរិយា​ភេរវកម្ម​ ​ ​ឧក្រិដ្ឋកម្ម​ ​គ្រឿង​ញៀន​ក៏​ដូចជា​ការ​អនុញ្ញាត​ជំនួយ​មនុស្ស​ធម៌​ និង​សិទ្ធិ​របស់ក្មេង​ស្រីក្នុង​ការ​សិក្សា»។​

លោក Johnson​ ​បាន​និយាយ​ទូរសព្ទ​ជា​មួយប្រធានាធិបតី​អាមេរិក​ លោក ​Joe Biden ​កាល​ពី​ថ្ងៃ​អង្គារ។​ សេចក្តី​ថ្លែង​ការណ៍​ពី​សេតវិមានបាន​បញ្ជាក់​ថា​ មេដឹកនាំ​ទាំង​ពីរបាន​«ពិភាក្សា​អំពី​ភាព​ចាំបាច់​បន្ត​កិច្ច​សហការ​ជិត​ស្និទ​ក្នុង​ចំណោមសម្ព័ន្ធ​មិត្ត ​និង​ដៃគូ​ប្រជា​ធិបតេយ្យ​ផ្សេងៗស្តីពី​គោល​នយោបាយរបស់​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ពេល​ខាង​មុខ​ ដែល​ក្នុង​នោះ​រួម​មានវិធី​ ដែល​ពិភព​លោកអាចផ្តល់ជំនួយ​មនុស្ស​ធម៌​ និង​ការ​គាំទ្រដល់​ជន​ភៀស​ខ្លួន​ និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ផ្សេងៗ​ទៀត​ដែល​ងាយ​ទទួល​រង​គ្រោះ»។​

មេដឹកនាំ​ទាំង​ពីរបានព្រម​ព្រៀង​រៀប​ចំកិច្ច​ប្រជុំ​មេដឹកនាំ​ក្រុមប្រទេស​ G-7 នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាពនោះ។​

ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ Jake Sullivan ​បាន​ប្រាប់​ក្រុម​អ្នក​ព័ត៌មាននៅ​ថ្ងៃ​អង្គារ​ថា ​ សហគមន៍​អន្តរជាតិ​រំពឹង​ថា ក្រុម​តាលីបង់​ «នឹងអនុវត្ត​កាតព្វកិច្ចរបស់​ខ្លួនអំពី​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ និង​សេចក្តី​ថ្លៃថ្នូររបស់សិទ្ធិ​មនុស្ស»៕ ​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ The Associated Press, Reuters​ និង​ Agence France-Presse)