ការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានបានចំនួន៩០ភាគរយហើយ។ នេះបើតាមការប្រកាសរបស់ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ។
ព័ត៌មាននេះកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងអន្តរជាតិបានចាកចេញពីមូលដ្ឋានទ័ពផ្លូវអាកាស Bagram ដែលជាមូលដ្ឋានទព័របស់សហរដ្ឋអាមេរិកអស់រយៈពេលជិត២ទសវត្សរ៍ដើម្បីប្រយុទ្ធទម្លាក់ក្រុមតាលីបង់ចេញពីអំណាចនិងកម្ចាត់ក្រុមភេរវកម្ម al-Qaida ដែលទទួលខុសត្រូវការលើសម្លាប់ពលរដ្ឋអាមេរិកាំងរាប់ពាន់នាក់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារ បាននិយាយការពារការដកកងទ័ពកាលពីពេលថ្មីៗនេះចេញពីព្រលានយន្តហោះ Bagram ដែលធ្វើឲ្យមេបញ្ជាការអាហ្វហ្គានីស្ថានក្នុងមូលដ្ឋានសម្តែងការភ្ញាក់ផ្អើល ហើយបាននាំឲ្យមានចន្លោះប្រហោងខាងសន្តិសុខ ដែលធ្វើឲ្យពួកចោរចូលលួចរបស់របរក្នុងមូលដ្ឋានយោធានោះ។
លោក Kirby បានបញ្ជាក់ថា យោធាអាមេរិកមិនប្រាប់សម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានអំពីពេលវេលាជាក់លាក់នៃការដកចេញនេះទាំងស្រុងទេ ដោយលោកលើកឡើងពីហេតុផល«សន្តិសុខប្រតិបត្តិការ» ក៏ប៉ុន្តែបាននិយាយថា ការចាកចេញនេះ«មិនបានធ្វើជាការសម្ងាត់នោះទេ»។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមមន្ត្រីយោធាអាហ្វហ្គានីស្ថានបាននិយាយថា កងទ័ពសហរដ្ឋអាមេរិកបានចាកចេញពីទីតាំងនោះកាលពីយប់ថ្ងៃសុក្រ ដោយមិនជូនដំណឹងដល់មេបញ្ជាការថ្មីរបស់អាហ្វហ្គានីស្ថានទេ។
សហរដ្ឋអាមេរិកបានប្រគល់ជាផ្លូវការនូវទីតាំងចំនួន៦ ផ្សេងទៀតឱ្យក្រសួងការពារជាតិអាហ្វហ្គានីស្ថានមុនពេលបោះបង់ការគ្រប់គ្រងអាកាសយានដ្ឋាន Bagram។
ទីភ្នាក់ងារសារព័ត៌មាន AP ក៏បានរាយការណ៍ដែរថា ចរន្តអគ្គិសនីបានដាច់នៅអាកាសយានដ្ឋាន Bagram ភ្លាមៗ បន្ទាប់ពីកងទ័ពអាមេរិកបានចាកចេញដែលបង្កឱ្យមានការភាន់ច្រឡំដែលអនុញ្ញាតឱ្យក្រុមចោរចូលទៅដល់មូលដ្ឋាននិងអគារនានា។
លោក Kirby បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណថា លោកនឹងពិនិត្យមើលសំណួរអំពីមូលហេតុដែលធ្វើឲ្យចរន្តអគ្គិសនីដាច់៕