លោក Biden ជួប​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​នៅ​សេតវិមាន ​ផ្តោត​ទៅ​លើ​វត្តមាន​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់

រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​អ៊ីរ៉ាក់​លោក Mustafa al-Kadhimi ឈរ​នៅក្នុង​ការិយាល័យ​របស់​លោក​ក្នុង​អំឡុងពេល​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Associated Press នៅ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​ លោក ​Joe Biden​ ទទួល​ជួបនាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់លោក​ Mustafa al-Kadhimi នៅ​សេតវិមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដោយ​ប្រធាន​បទ​សំខាន់​នៃ​ជំនួប​នោះ ​គឺវត្តមាន​កងទ័ពអាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ពេល​ខាង​មុខ។​ ​

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ាក់​លោក ​Fuad Hussein ​បាន​ប្រាប់​វីអូអេភាសា​ឃឺដ ​កាល​ពី​សប្តាហ៍​មុន​ថា ​ លោក​រំពឹង​ថា​ ភាគី​ទាំង​ពីរ​ នឹង​ឯកភាព​គ្នាលើ​ការ​បញ្ចប់​បេសក​កម្ម​ប្រយុទ្ធ​របស់​កងទ័ព​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ​

សហ​រដ្ឋ​អាមេរិកមាន​កងទ័ពក្នុង​ប្រទេស​អ៊ីរ៉ាក់​ប្រមាណ​២.៥០០​នាក់​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែងរបស់​កង​កម្លាំង​ចម្រុះដឹក​នាំ​ដោយ​សហ​រដ្ឋ​អាមេរិកប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម ​ដែល​បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំ​២០១៤។​

ប្រទេស​ទាំង​ពីរ​ បាន​យល់​ស្រប​គ្នា​កាល​ពី​ខែ​មេសា​ក​ន្លង​ទៅ​ក្នុង​ការ​ផ្លាស់​ប្តូរបេសក​កម្ម​កងទ័ព​អាមេរិក​ ដោយ​ផ្តោត​ទៅ​លើ​តួនាទី​បណ្តុះ​បណ្តាល​ និងផ្តល់​ប្រឹក្សា​យោបល់​ក្នុង​ការ​ជួយ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ ប៉ុន្តែ​ពុំ​មាន​កំណត់ពេល​វេលា​ច្បាស់​លាស់ក្នុង​ការ​បញ្ចប់​អន្តរកាល​នោះ​ឡើយ។​

ប្រទេស​អ៊ីរ៉ាក់​ បាន​ប្រកាស​ពី​ជ័យ​ជម្នះលើពួក​សកម្មជន​រដ្ឋ​អ៊ីស្លាមក្នុង​ឆ្នាំ​២០១៧។ ទោះ​ជា​យ៉ាង​ណា​ក្តី ​ក្រុម​នេះនៅ​រក្សា​វត្តមាន​នៅ​ក្នុង​តំបន់ ​ដោយកាល​ពី​សប្តាហ៍​មុន​បាន​ដាក់​គ្រាប់​បែក​អត្តឃាត​ក្នុង​ផ្សារ​មួយក្នុង​ប្រទេស​អ៊ីរ៉ាក់​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់។​ ​

ជំនួបនៅ​ថ្ងៃចន្ទ​កើត​មាន​ឡើង​ខណៈ​ពេល​ដែល​មូលដ្ឋាន​កងទ័ព​អាមេរិ​ក​មួយ​ចំនួន​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ បន្តរងការ​វាយ​ប្រហារជា​បន្តបន្ទាប់ ដោយ​សហ​រដ្ឋ​អាមេរិកចោទ​ក្រុម​ជីវពល​ដែល​មាន​បណ្តាញ​ទាក់​ទង​នឹង​ប្រទេស​អ៊ីរ៉ង់។​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ មេ​បញ្ជាការ​នៃ​កង​ជីវពលគាំទ្រ​អ៊ីរ៉ង់​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​គំរាម​កំហែង​វាយ​ប្រហារកងកម្លាំង​អាមេរិក​ ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​អំពាវនាវ​ឲ្យ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​នេះ៕​