អង្គការសហប្រជាជាតិរាយការណ៍ថា មនុស្សប្រហែល២៥០លាននាក់ឬ៥ភាគរយនៃមនុស្សជំទង់សាកលលោក បានប្រើប្រាស់ថ្នាំញៀននៅឆ្នាំ២០១៥ ហើយមនុស្សប្រហែល២៩លាន៥សែននាក់នៃមនុស្សទាំងនោះ មានបញ្ហាផ្លូវចិត្តមកពីការប្រើប្រាស់ថ្នាំញៀន រួមបញ្ចូលទាំងការញៀនផង។
របាយការណ៍ថ្នាំញៀនពិភពលោកឆ្នាំ២០១៧ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយការិយាល័យប្រឆាំងឆ្នាំញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹងថា ថ្នាំដែលមានសារធាតុញៀនជាប្រភេទថ្នាំញៀនគ្រោះថ្នាក់បំផុត ដែលមានចំនួន៧០ភាគរយនៃបញ្ហាសុខភាពទាក់ទិននឹងថ្នាំញៀនទូទាំងសាកលលោក។
របាយការណ៍នោះបានប្រាប់ឲ្យដឹងថាសារធាតុញៀនរួមមានថ្នាំញៀនហេរ៉ូអ៊ីន ថ្នាំបំបាត់ការឈឺចាប់ស្របច្បាប់ដូចជាថ្នាំ Morphine និង Syntheticជាប្រភេទថ្នាំធ្វើឲ្យមនុស្សស្លាប់ជាច្រើន។
លោក Aldo Lale-Demoz អនុប្រធាននៃការិយាល័យប្រឆាំងឆ្នាំញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិឬ(UNODC)បាននិយាយថា «នៅក្នុងផ្នែកជាច្រើនរបស់ពិភពលោក យើងសង្កេតឃើញពីការកើនឡើងនូវការទាក់ទិនដ៏ស្មុគ្រស្មាញរវាងការប្រើប្រាស់ថ្នាំញៀនហេរ៉ូអ៊ីននិងសារធាតុគ្រឿងញៀន»។
មនុស្ស១២លាននាក់បានចាក់ថ្នាំញៀននោះទូទាំងសាកលលោក របាយការណ៍នោះបានរកឃើញថា មនុស្ស១នាក់ក្នុងចំណោមមនុស្ស៨នាក់ ឬ មនុស្ស១លាន៦សែននាក់ កំពុងផ្ទុកមេរោគ HIV ហើយមនុស្សជាងពាក់កណ្តាលឬច្រើនជាង៦លាននាក់កំពុងមានជំងឺមេរោគថ្លើមប្រភេទC ខណៈដែលមនុស្សប្រហែល១លាន៣សែននាក់កំពុងមានជំងឺទាំង២នោះ៕