រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីនកាលពីថ្ងៃសៅរ៍ម្សិលមិញថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump គាំទ្រយ៉ាងពេញទំហឹងចំពោះឯករាជ្យភាពរបស់ប្រព័ន្ធថវិកាបម្រុងសហព័ន្ធ ដែលជាប្រព័ន្ធធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក ទោះបីជាលោក Trump បានរិះគន់លើប្រព័ន្ធនេះកាលពីដើមសប្ដាហ៍នេះក៏ដោយ។
នៅក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេស G20 នៅក្នុងប្រទេសអាហ្សង់ទីន លោក Mnuchin បាននិយាយថា ការលើកឡើងរបស់លោក Trump កាលពីដើមសប្ដាហ៍នេះគឺមិនមានគោលបំណងដាក់សម្ពាធណាមួយលើប្រព័ន្ធថវិកាបម្រុងសហព័ន្ធឲ្យបន្ទាបការប្រាក់នោះទេ។
លោក Trump បានប្រាប់ទូរទស្សន៍ CNBC នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីដើមសប្ដាហ៍នេះថា៖ «ខ្ញុំមិនពេញចិត្តចំពោះរឿងរ៉ាវដែលយើងបានធ្វើឲ្យកើតឡើងចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនោះទេ ហើយដោយសារតែបញ្ហានេះហើយបានជាខ្ញុំឃើញអត្រាការប្រាក់កើនឡើង»។
ការលើកឡើងរបស់លោក Trump គឺជាការរំលោភទៅលើពិធីការ ដោយសារតែជាទូទៅ ប្រធានាធិបតីអាមេរិកមិនបញ្ចេញយោបល់ណាមួយនោះទេលើកិច្ចការរបស់ប្រព័ន្ធថវិកាបម្រុងសហព័ន្ធ ដែលជាប្រព័ន្ធមួយដែលអាចបង្កើន ឬក៏បន្ថយអត្រាការប្រាក់ដើម្បីរក្សាសេដ្ឋកិច្ចឲ្យមានលំនឹង។
ឆ្លើយទៅនឹងសំណួរដែលសួរអំពីការប្រកាសរបស់សហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មមួយចំនួនរបស់សហរដ្ឋអាមេរិកនៅក្នុងការយកពន្ធគយថ្មីកាលពីពេលថ្មីៗនេះ លោក Mnuchin បាននិយាយថា ការយកពន្ធគយនេះមិនទាន់បណ្ដាលឲ្យមានបញ្ហាណាមួយប៉ះពាល់ដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ ប៉ុន្តែ លោកបានបញ្ជាក់ថា ឧស្សាហកម្មមួយចំនួននៅក្នុងសហរដ្ឋអាមេរិកបានរងការប៉ះពាល់ដោយសារតែការដាក់កំហិតពន្ធគយពីបណ្ដាប្រទេសផ្សេងៗ៕