លោក Jack Lew រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស.រ.អា.បានជួបជាមួយមន្ត្រីចិនជាន់ខ្ពស់នៅក្នុងក្រុងប៉េកាំងក្នុងដំណើរទស្សនកិច្ចមួយមានគោលដៅជំរុញអាជ្ញាធរចិនឲ្យចាប់ផ្តើមប្រើគោលនយោបាយអត្រាប្តូរប្រាក់មួយដែលមានការកំណត់តាមតម្លៃទីផ្សារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅមុនកិច្ចចរចាគ្នាកាលពីថ្ងៃច័ន្ទជាមួយលោកឧបនាយករដ្ឋមន្ត្រីចិន Wang Yang លោក Lew បានមានប្រសាសន៍ថា ស.រ.អា.និងប្រទេសចិន«ត្រូវធ្វើការដើម្បីឲ្យបានសម្រេចទំនាក់ទំនងសេដ្ឋកិច្ចមួយដែលមានអត្ថប្រយោជន៍ទៅវិញទៅមក»ដោយលោកបាននិយាយបន្ថែមថា ជាការដែលមានសារៈសំខាន់ក្នុងការអនុវត្តន៍គោលនយោបាយអត្រាប្តូរប្រាក់មួយមានតម្លាភាពជាងមុន។
លោក Lew ក៏បានសម្តែងកង្វល់ផងដែរអំពីអ្វីដែលលោកបានហៅថា«ការប៉ុនប៉ងរារាំងមិនឲ្យមានការប្រកួតប្រជែងខាងបច្ចេកទេស»។
ប្រទេសចិនកំពុងធ្វើសេចក្តីព្រាងច្បាប់មួយដែលនឹងតម្រូវឲ្យក្រុមហ៊ុនបរទេសប្រគល់ sofware សម្រាប់វិភាគអក្សរឬលេខសម្ងាត់ អនុញ្ញាតឲ្យរដ្ឋាភិបាលចិនធ្វើការឃ្លាំមើលនិងរក្សាទុកទិន្នន័យអ្នកប្រើកុំព្យូទ័រ។ ពួកអ្នកផ្តល់សេវាកម្មព្រួយបារម្ភថា ពួកគេប្រហែលជាត្រូវប្រាប់អំពីការសម្ងាត់ដូចជាលេខកូដ ប្រភពផលិតកម្ម ឬការផ្ទេរកម្មសិទ្ធិបញ្ញាទៅឲ្យអង្គភាពចិន៕