រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា វា «នឹងត្រូវការពេលរាប់ឆ្នាំ» ដើម្បីធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលបានបំផ្លិចបំផ្លាញដោយសារវិបត្តិជំងឺកូវីដ១៩ វិលទៅរកសភាពដើមវិញ ប្រសិនបើសភាមិនអនុម័តលើសំណើកញ្ចប់ថវិកាជំនួយដែលមានទឹកប្រាក់ ១,៩ លានលានដុល្លាររបស់លោកប្រធានាធិបតី Joe Biden។
អ្នកស្រី Yellen បានប្រាប់បណ្តាញទូរទស្សន៍ CNN ថា ប្រសិនបើសំណើកញ្ចប់ថវិកាជំនួយនោះត្រូវបានអនុម័ត នោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចវិលទៅរកអ្វីដែលត្រូវបានចាត់ទុកថាអាចផ្ដល់ការងារបានពេញលេញនៅត្រឹមឆ្នាំ ២០២២ ខាងមុខ ដោយមានអត្រាគ្មានការងារធ្វើចំនួន ៤% បើប្រៀបធៀបទៅនឹងអត្រាគ្មានការងារធ្វើចំនួន ៦,៣% កាលពីខែមករា។
អ្នកស្រីបានបញ្ជាក់ថា «មានការប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងសហរដ្ឋអាមេរិក» ដោយការងារជិត ១០ លានបានបាត់បង់ដោយសារវិបត្តិជំងឺកូវីដ១៩ ហើយមានសេចក្តីរាយការណ៍ថា អ្នកធ្វើការចំនួន ៤ លាននាក់បានលះបង់ចោលការស្វែងរកការងារថ្មី។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា សហរដ្ឋអាមេរិកបានបន្ថែមការងារតែ ៤៩.០០០ ការងារប៉ុណ្ណោះនៅក្នុងខែមករា។
សភាទាំងពីរថ្នាក់ ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Joe Biden បានបោះឆ្នោតកាលពីសប្តាហ៍មុនសម្រាប់ច្បាប់ថវិកា ដែលប្រសិនបើចាំបាច់ នឹងអនុញ្ញាតឲ្យសមាជិកសភាគណបក្សប្រជាធិបតេយ្យបោះឆ្នោតលើសំណើកញ្ចប់ថវិកាជំនួយកូវីដ១៩ ស្របតាមគោលជំហរគណបក្សរបស់ខ្លួន ទាំងនៅក្នុងព្រឹទ្ធសភានិងរដ្ឋសភា ដោយមិនចាំបាច់មានការគាំទ្រពីសមាជិកសភាខាងគណបក្សសាធារណរដ្ឋ៕