រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្វីលីពីនបាននិយាយថា ប្រទេសរបស់លោកចង់ទិញសព្វាវុធពីសហរដ្ឋអាមេរិក ដើម្បីបង្កើនការការពារ។
ប៉ុន្តែ ទោះបីជាប្រទេសទាំងពីរបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធទាក់ទិននឹងបញ្ហាសន្តិសុខក្នុងរយៈពេល ៧០ឆ្នាំកន្លងមកក៏ដោយ ក៏តម្លៃ និងក្ដីបារម្ភច្រើនផ្នែកសន្តិសុខនឹងធ្វើឲ្យរឿងសព្វាវុធនេះពិបាកសម្រេចបាន។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញផ្នែកកិច្ចការអាស៊ីមួយចំនួន។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teodoro Locsin បានបញ្ជាក់ក្នុងសន្និសីទកាសែតក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះថា លោកនិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានពិភាក្សាគ្នាអំពី «ការគាំទ្រដ៏សំខាន់» របស់សហរដ្ឋអាមេរិកចំពោះការធ្វើទំនើបកម្មយោធាហ្វីលីពីន។
លោកបានបន្ថែមថា ការការពារគ្នាទៅវិញទៅមក «គួរផ្ដោតលើការការពារដៃគូរបស់ខ្លួនទាំងពីក្រោយ ក៏ដូចជាពីមុខ»។
ក្រោយមក លោក Locsin បានសរសេរនៅលើ Twitter ថា លោកសង្ឃឹមថា រដ្ឋាភិបាលអាមេរិកនឹងលក់សព្វាវុធឲ្យហ្វីលីពីនដើម្បី «ផ្គត់ផ្គង់អាវុធថ្មីៗដល់យោធាហ្វីលីពីន» ក្នុងការការពារខ្លួន។
ប៉ុន្តែ អ្នកជំនាញនានាអះអាងថា រដ្ឋាភិបាលហ្វីលីពីនប្រហែលជាគ្មានសមត្ថភាពចាត់ចែងប្រព័ន្ធសព្វាវុធទំនើបដ៏ស្មុគស្មាញនេះទេ រីឯមន្ត្រីរដ្ឋាភិបាលអាមេរិកវិញប្រហែលជាព្រួយបារម្ភថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ប្រហែលជាអាចប្រើអាវុធទាំងនេះនៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក។
សម្រាប់លោក Duterte វិញ លោកប្រហែលជាមិនចង់បានគ្រឿងសព្វាវុធថ្មីណាមួយរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរយៈពេល ៣ ឆ្នាំកន្លងមក ជាមួយនឹងប្រទេសចិន ដែលជាប្រទេសមានភាពខុសគ្នាផ្ទាល់ជាមួយនឹងសហរដ្ឋអាមេរិក នោះទេ។
លោក Collin Koh អ្នកសិក្សាស្រាវជ្រាវផ្នែកសន្តិសុខដែនសមុទ្រនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៅក្នុងប្រទេសសិង្ហបុរី បាននិយាយថា៖ «មានបញ្ហាមួយចំនួនទាក់ទិននឹងការទទួលយកសព្វាវុធទាំងនេះ។ ទីមួយគឺបញ្ហាភូមិសាស្ត្រនយោបាយ ហើយទីពីរគឺបញ្ហាថវិកាមានកំណត់ និងមួយទៀតគឺបញ្ហាព្រួយបារម្ភផ្នែកសន្តិសុខ។ ដូច្នេះ សម្រាប់ផ្នែកខ្លះ វាដាក់កំហិតដល់កងកម្លាំងយោធារបស់ប្រទេសហ្វីលីពីន»។
ភាពស្មុគស្មាញផ្នែកនយោបាយ
ច្បាប់គ្រប់គ្រងការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងលើការលក់អាវុធទៅបរទេស គឺជាអ្វីដែលអ្នកប្រឹក្សាផ្នែកនយោបាយម្នាក់ហៅថាជា «ស្ថានភាពគ្រោះថ្នាក់នៃភាពស្មុគស្មាញ និងភាពត្រឹមត្រូវតាមច្បាប់» សម្រាប់រឿងលក់អាវុធឲ្យហ្វីលីពីននេះ។
អ្នកសិក្សាស្រាវជ្រាវនានាបាននិយាយថា ដោយសារមូលហេតុនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកភាគច្រើនលក់សព្វាវុធជឿនលឿនថ្មីរបស់ខ្លួន ដូចជាយន្តហោះចម្បាំងជាដើម ទៅឲ្យសម្ព័ន្ធមិត្តយូរអង្វែងរបស់ខ្លួនដូចជាប្រទេសអូស្ត្រាលី សិង្ហបុរី និងកោះតៃវ៉ាន់ជាដើម។
សម្ព័ន្ធមិត្តទាំងនោះស្គាល់អំពីច្បាប់នេះ និងបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីទិញសព្វាវុធថ្មី ប៉ុន្តែមិនយកអាវុធទាំងនោះទៅប្រឆាំងប្រជាពលរដ្ឋខ្លួនឯងនោះទេ។
ពេលខ្លះ ការលក់ទាំងនេះធ្វើឲ្យប្រទេសចិនមួម៉ៅ ស្របពេលដែលយោធាជើងទឹករបស់ចិនពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែ ថ្នាក់ដឹកនាំចិនបានស៊ាំជាមួយនឹងបណ្ដាសម្ព័ន្ធមិត្តដដែលៗរបស់សហរដ្ឋអាមេរិកទាំងនេះទៅហើយ។
យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte ប្រហែលជាធ្វើឲ្យសហរដ្ឋអាមេរិកមានមន្ទិលសង្ស័យទាក់ទិននឹងបញ្ហា «សិទ្ធិមនុស្ស»។ នេះបើតាមការបញ្ជាក់របស់លោក Eduardo Araral សាស្ត្រាចារ្យមហាវិទ្យាល័យគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី។ អង្គការសិទ្ធិមនុស្សនានាបានអះអាងថា ប៉ូលិសបង្ក្រាបគ្រឿងញៀនហ្វីលីពីនបានសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅនីតិវិធីតុលាការ។
ប្រទេសចិនសង្ឃឹមថា ប្រទេសហ្វីលីពីន ដែលជាគូប្រជែងរបស់ខ្លួននៅក្នុងការទាមទារអធិបតេយ្យភាពនៅក្នុងសមុទ្រចិនខាងត្បូង នឹងដកខ្លួនពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃទំនាក់ទំនងរវាងចិន និងហ្វីលីពីន ដែលក្នុងនោះមានទាំងការសន្យារបស់ចិនកាលពីឆ្នាំ ២០១៦ នៅក្នុងការផ្ដល់ថវិកាចំនួន ២៤ ពាន់លានដុល្លារ សម្រាប់ជំនួយ និងការវិនិយោគផងដែរ។
លោក Araral បាននិយាយថា៖ «ប្រសិនបើអ្នកលក់នាវាមួយ ឬពីរគ្រឿងឲ្យប្រទេសហ្វីលីពីន ហើយប្រទេសហ្វីលីពីនទិញវា តើវាជាសារអ្វីដែលបង្ហាញដល់ចិន? គឺវាចង់បង្ហាញថា ហ្វីលីពីនជាអ្នកជិតខាង និងជាដៃគូមិនស្មោះត្រង់ និងមិនគួរឲ្យជឿទុកចិត្ត។ សម្រាប់ប្រទេសហ្វីលីពីនវិញ អ្នកប្រាកដជាមិនចង់បញ្ជូនសារខុសទៅឲ្យប្រទេសចិននោះទេ»។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែប្រទេសសិង្ហបុរីប៉ុណ្ណោះដែលមានគោលនយោបាយច្បាស់លាស់នៅក្នុងការទិញសព្វាវុធពីសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ New South Wales នៅក្នុងប្រទេសអូស្ត្រាលី។
ប្រទេសសិង្ហបុរីបានទិញយន្តហោះចម្បាំងល្បឿនលឿន ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកពីសហរដ្ឋអាមេរិក។
លោក Carl Thayer បានកត់សម្គាល់ថា មន្ត្រីនៅក្នុងប្រទេសវៀតណាមមានបំណងទិញអាវុធធ្វើនៅសហរដ្ឋអាមេរិក ប៉ុន្តែមានការភ័យខ្លាចថា សហរដ្ឋអាមេរិកអាចបដិសេធមិនលក់ឲ្យ។
លោក Carl Thayer បានបន្ថែមថា សមាជិកសភាអាមេរិកាំងនានាប្រហែលជាមានការព្រួយបារម្ភថា រដ្ឋាភិបាលហ្វីលីពីនអាចប្រើអាវុធទាំងនេះ «ដោយគ្មានការពិចារណាត្រឹមត្រូវ»។
លោកបញ្ជាក់ដូច្នេះថា៖ «លើកលែងតែប្រទេសសិង្ហបុរីប៉ុណ្ណោះ នៅតំបន់អាស៊ីអាគ្នេយ៍ គ្មានប្រទេសណាមួយដែលមានទំនាក់ទំនងរឹងមាំដែលដំណើរការដោយគ្មានបញ្ហានោះទេ ហើយនៅពេលដែលគ្មានទំនាក់ទំនងរឹងមាំទាំងនោះ វានឹងជួបបញ្ហាជាមិនខាន»។
សព្វាវុធធុនស្រាល សព្វាវុធប្រើរួច និងសព្វាវុធឧបត្ថម្ភ
រដ្ឋាភិបាលក្រុងម៉ានីល និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានកិច្ចព្រមព្រៀងយោធារួមគ្នាតាំងពីឆ្នាំ ១៩៥១ មក និងមានកិច្ចព្រមព្រៀងទស្សនកិច្ចយោធាឆ្នាំ ១៩៩១ ក៏ដូចជាការធ្វើសមយុទ្ធយោធារួមគ្នាជាបន្តរហូតមកផងដែរ។
មន្ត្រីសហរដ្ឋអាមេរិកពឹងផ្អែកលើប្រទេសហ្វីលីពីនជាសម្ព័ន្ធមិត្តដ៏សំខាន់មួយនៅអាស៊ីដើម្បីតតាំងនឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ហើយនេះក៏ជាមូលហេតុមួយផងដែរ ដែលរដ្ឋាភិបាលក្រុងម៉ានីលចង់ធ្វើទំនើបកម្មវិស័យយោធាជើងទឹករបស់ខ្លួន ក្រែងលទំនាក់ទំនងរបស់ខ្លួនជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងមានភាពជូរចត់នៅថ្ងៃណាមួយ។
តាំងពីឆ្នាំ ១៩៨០ មក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានលក់សព្វាវុធមួយចំនួនឲ្យប្រទេសហ្វីលីពីនដូចជាកាំភ្លើងខ្លី កាំភ្លើងវែង គ្រាប់កាំភ្លើង និងម៉ាស៊ីនបាញ់គ្រាប់រ៉ុកកែតជាដើម។ នេះបើយោងតាមអត្ថបទស្រាវជ្រាវរបស់អង្គការសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកាំង (Federation of American Scientists)។
អ្នកសិក្សាស្រាវជ្រាវនានាបានកត់សម្គាល់ឃើញថា កាំភ្លើងធុនស្រាលដែលប្រើសម្រាប់ការងារប្រឆាំងភេរវកម្ម ឬក៏សម្រាប់ការយាមល្បាតរបស់ឆ្មាំសមុទ្រ ជាទូទៅបង្កជាក្ដីព្រួយបារម្ភផ្នែកនយោបាយតិចតួចប៉ុណ្ណោះ។
វេបសាយទិន្នន័យ GlobalFirePower.com បានចាត់ថ្នាក់កម្លាំងយោធានៃប្រទេសហ្វីលីពីនទី ៦៣ ក្នុងចំណោមប្រទេសចំនួន ១៣៧។ អតីតប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino បានចាប់ផ្ដើមកម្មវិធីធ្វើទំនើបកម្មយោធា ដែលអំពាវនាវឲ្យមាននាវាចម្បាំងថ្មីពីរគ្រឿង ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសហ្វីលីពីនបានរាយការណ៍កាលពីឆ្នាំមុនថា អ្នកជំនួយការពិសេសរបស់លោកប្រធានាធិបតី Duterte បាន «ធ្វើអន្តរាគមន៍» នៅក្នុងរឿងនេះ ដើម្បីទិញនាវាចម្បាំងពីរគ្រឿងនោះពីក្រុមហ៊ុនផលិតនាវានៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Collin Koh នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang បាននិយាយថា មន្ត្រីរដ្ឋាភិបាលហ្វីលីពីនប្រហែលជានៅតែពឹងផ្អែកលើសព្វាវុធធុនស្រាល ដែលគេឧបត្ថម្ភឲ្យ ឬដែលត្រូវបានកែច្នៃឡើងវិញ សម្រាប់ការប្រើប្រាស់ទ្រង់ទ្រាយតូច ហើយអាវុធទាំងនោះមិនចាំបាច់មកពីសហរដ្ឋអាមេរិកនោះទេ។ ប្រទេសដែលលក់អាវុធបានគោរពតាមចំណុចនេះរួចមកហើយ។
នៅក្នុងឆ្នាំ ២០១៧ ប្រទេសកូរ៉េខាងត្បូងបានឧបត្ថម្ភនាវាចម្បាំងធុនតូចមួយគ្រឿងដល់យោធាជើងទឹកហ្វីលីពីន ហើយកាលពីឆ្នាំមុន ក្រុមហ៊ុនផលិតនាវារបស់ប្រទេសអូស្ត្រាលីបានបញ្ជាក់ថា ខ្លួននឹងប្រគល់នាវាល្បាតតាមសមុទ្រ ៦ គ្រឿងឲ្យប្រទេសហ្វីលីពីន៕
ប្រែសម្រួលដោយ ភី សុភាដា