ធនាគារ​កណ្ដាល​ចិន​ថា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​ត្រូវការ​ដំណោះ​ស្រាយ​មាន​ប្រយោជន៍

លោក Yi Gang អភិបាល​ធនាគារ​កណ្ដាល​ប្រទេស​ចិន។

នៅ​ថ្ងៃ​អាទិត្យ​នេះ លោក Yi Gang អភិបាល​ធនាគារ​កណ្ដាល​ប្រទេស​ចិន មាន​បំណង​ចង់​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម និង​សង្គ្រាម​រូបិយវត្ថុ​ដែល​កំពុង​តែ​ពុះ​កញ្ជ្រោល​ឡើង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​បាន​អំពាវនាវ​ឲ្យ​រក «ដំណោះស្រាយ​មាន​ប្រយោជន៍» សម្រាប់​បញ្ហា​នេះ នៅ​ចំ​ពេល​ដែល​ជម្លោះ​នេះ​គំរាម​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក។

ដោយ​ថ្លែង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​រូបិយ​វត្ថុ​អន្តរជាតិ IMF និង​ធនាគារ​ពិភពលោក​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី លោក Yi Gang បាន​ព្រមាន​ថា ស្ថានការណ៍​នេះ​អាច​កាន់តែ​យ៉ាប់យ៉ឺន​ជាង​នេះ។ លោក​បាន​បន្ថែម​ផង​ដែរ​ថា ជម្លោះ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ទាំង​ពីរ​នេះ​នៅ​លើ​ពិភពលោក​គឺ​ជា​ស្ថានការណ៍ «ចាញ់​ទាំង​សង​ខាង»។

លោក Yi Gang បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី​ធនាគារ​កំពូលៗ​ផ្សេង​ទៀត​នេះ​ថា៖ «ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​បណ្ដាល​ឲ្យ​មាន​ក្ដី​រំពឹង​ទុក​អវិជ្ជមាន ក្ដី​រំពឹង​ទុក​ស្រពេច​ស្រពិល»។

លោក​បន្ថែម​ថា៖ «ពិភពលោក​ទាំង​មូល​គួរតែ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដ៏​មាន​ប្រយោជន៍​ចំពោះ​បញ្ហា​នេះ»។

លោក​បាន​សន្យា​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ប្រឹងប្រែង​ដោយ​ដាក់​កំហិត​តឹងតែង​ជាង​មុន​លើ​អ្នក​រំលោភ​កម្មសិទ្ធិ​បញ្ញា​ក្នុង​ប្រទេស និង​បើក​ចំហ​នូវ​វិស័យ​សេវា​ហិរញ្ញវត្ថុ។

ការ​លើក​ឡើង​របស់​លោក Yi Gang ដូច​នេះ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​អង្គការ IMF ព្រមាន​ថា «ឱកាស​បើក​ចំហ» ដើម្បី​រក្សា​ការ​រីក​ចម្រើន​នៅ​លើ​សាកលលោក​ឲ្យ​មាន​ដំណើរការ​ល្អ​ធម្មតា ឥឡូវ​នេះ​បាន​រួម​តូច​ទៅៗ ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន៕