ទីប្រឹក្សា​ក្រសួង​ការបរទេស​អាមេរិក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា ពិភាក្សា​អំពី​តួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន

រូបឯកសារ៖ បេសកជន​សហរដ្ឋ​អាមេរិក​លោក Derek Chollet (ស្តាំ) ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​រដ្ឋធានី​ទ្រីប៉ូលី កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ទីប្រឹក្សា​ក្រសួង​ការ​បរទេស​អាមេរិក​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ហើយ​នឹង​ពិភាក្សា​អំពី​តួនាទី​របស់​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ ចុះ​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ ឆ្នាំ​២០២១។​

លោក ​Derek Chollet ​ទីប្រឹក្សា​ក្រសួង​ការ​បរទេស​អាមេរិក​ ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ។ ​ដំណើរ​ទស្សន​កិច្ច​ទាំង​នៅ​កម្ពុជា ​និង​ឥណ្ឌូនេស៊ី ​ចាប់​ពី​ថ្ងៃ​ទី​៨ ​ដល់​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ ​ឆ្នាំ​២០២១។​

នៅ​កម្ពុជា ​លោក​នឹង​ពិភាក្សា​អំពី​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ​នៅ​ឆ្នាំ​ក្រោយ ​និង​ការ​ពង្រឹង​តួនាទី​របស់​អាស៊ាន​សម្រាប់​សន្តិសុខ​តំបន់ ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច ​និង​ការពារ​សណ្តាប់​ធ្នាប់​នាវាចរណ៍​ដែល​គោរព​ទៅ​តាម​វិធាន​នានា ​ជា​ពិសេស​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា។​

លោក​ ក៏​នឹង​ពង្រឹង​ការ​គាំទ្រ​របស់​អាមេរិក​សម្រាប់​សង្គម​ស៊ីវិល​ និង​ប្រជាជន​កម្ពុជា​ផង​ដែរ។ ​នេះ​ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​អាមេរិក។​

កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​វិច្ឆិកា ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ​លោក ​ប្រាក់ សុខុន ​និង​លោក​ Derek Chollet​ ធ្លាប់​បាន​ពិភាក្សា​គ្នា ​តាម​ទូរស័ព្ទ​ម្តង​រួច​មក​ហើយ។ ​កាល​នោះ​លោក​ ប្រាក់ សុខុន ​បាន​ប្រាប់​លោក​ថា​ កម្ពុជា​នឹង​ដោះស្រាយ​បញ្ហា​តំបន់​ដោយ​«ប្រុង​ប្រយ័ត្ន» ​«ដើម្បី​ពង្រឹង​មជ្ឈភាព​ និង​ភាព​ធន់​របស់​អាស៊ាន ​និង​ជំរុញ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​កសាង​សហគមន៍​អាស៊ាន ​និង​រក្សា​សន្តិភាព​ ស្ថិរ​ភាព​ និង​សន្តិសុខ​ក្នុង ​និង​ក្រៅ​តំបន់​អាស៊ី​អាគេ្នយ៍»។​

ក្នុង​ពិធី​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាង​សង់​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី ​ស្ថិត​នៅ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ ​លោក ​ហ៊ុន សែន ​បាន​ថ្លែង​ថា ​លោក ​នឹង​ធ្វើ​ការ​ជាមួយ​អ្នក​ដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា ​បើ​ទោះ​មាន​ការ​រិះគន់​ក៏​ដោយ។​

លោក​បញ្ជាក់​ថា៖ ​«អ្នក​ខ្លះ​សប្បាយ​ចិត្ត ​អ្នក​ខ្លះ​ថា​ ទេ ​ទៅ​ហ្នឹង​ ដូច​ទទួល​ស្គាល់។ ​ទទួល​ស្គាល់ ​មិន​ទទួល​ស្គាល់​ វា​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​គេ ​បាន​ដោះស្រាយ​បញ្ហា​ចេញ»។ ​

លោក​បន្ថែម​ថា ​លោក​ខិតខំ​នា​ពេល​នេះ​ដើម្បី​ឲ្យ​អាស៊ាន​មាន​សំឡេង​១០​ប្រទេស​វិញ ​បើ​ទោះ​មាន​ការ​យល់​ឃើញ​ថា​ នេះ​ជា​ទង្វើ​ខុស​ក៏​ដោយ៕