អ្នក​ការ​ទូត​កំពូល​​អាមេរិក​ខកចិត្ត​ចំពោះ​ក្តីក្តាំ​​របស់​លោក​កឹម សុខា​ «ដែល​​ជាប់​ហេតុផល​នយោបាយ»​​​​​​​​

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ជួប​ជាមួយ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ កឹម សុខា នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២២។ (រូប​ថត​ពី​​ក្រសួង​ការបរទេស​អាមេរិក)

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក Antony Blinken​ លើក​ឡើង​អំពី​ការ​រំខានចិត្ត​ពាក់​ព័ន្ធរឿង​ក្តី​«ដែល​ជាប់​ហេតុផល​នយោបាយ»​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិលោក​ កឹម សុខា​ ដែលបាន​អូស​បន្លាយ​ពេល​៥​ឆ្នាំ​មក​ហើយ តែ​គ្មាន​ដំណោះស្រាយ។

លោក​ Antony Blinken ​បាន​បញ្ចប់​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន​ បន្ទាប់​ពី​លោក​បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ​ផ្សេង​ទៀត។

មុន​ពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា​ ឆ្នាំ​២០២២ លោក​ Blinken បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោក ​កឹម សុខា​ ក្នុង​ទីក្រុង​ភ្នំពេញ និង​បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​ការ​គ្មាន​ដំណោះ​ស្រាយ​ដល់រឿង​ក្តី​ដែល​មាន​អាយុកាល​៥​ឆ្នាំ​របស់​លោក​ កឹម សុខា។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

បើ​តាម​សារ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា​ លោក​Blinken ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​ប្រែ​សម្រួល​ជា​ខេមរភាសា​តាម​អត្ថន័យ​ដើម​ថា៖ «​ខ្ញុំ​បាន​ជួប​ជាមួយ​លោក​ កឹម សុខា​ អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​មក​ទីក្រុង​ភ្នំពេញ»។

លោក​ Blinken បន្ថែម​ថា៖​ «យើង​ខក​ចិត្ត​ចំពោះ​សវនាការ​របស់​លោកដែល​មាន​ជាប់​ហេតុផល​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ហើយ​គ្មាន​ដំណោះស្រាយ។ ព្រះរាជាណាចក្រ​ [កម្ពុជា] នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ស្តារ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ឡើងវិញ​ និង​ការ​ចូលរួម​របស់​លោក​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា»។ ​


លោក​ កឹម សុខា​ មិន​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​ការ​ពិភាក្សា​ទល់មុខ​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកលោក Antony Blinken ទេ​ តែ​អ្នកនយោបាយ​ដែល​កំពុង​ជាប់​បម្រាម​ធ្វើ​នយោបាយ​រូប​នេះ​ បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក​ Blinken និង​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ផ្តល់​ឱកាស​ និង​កិត្តិយស​ដល់​លោក​ ខណៈ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ទីក្រុង​ភ្នំពេញ​ ទោះ​បី​មាន​កិច្ចការ​ពិភពលោក​ តំបន់​ និង​បញ្ហា​ក្តៅ​គគុក​ជា​ច្រើន​យ៉ាង​មមាញឹក​ក៏​ដោយ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​មេដឹកនាំ​នយោបាយ​ជំទាស់​លោក​ កឹម សុខា។ ​

លោក​ មុត ចន្ថា​ ជំនួយការ​ជំនិត​លោក ​កឹម សុខា​ ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​លម្អិត​បន្ថែម​អំពី​ការ​ពិភាក្សា​រវាង​លោក ​កឹម សុខា​ និង​លោក Blinken​ ដោយ​ថា​ លោក​ កឹម សុខា​ និង​លោក​ Blinken បាន​បកស្រាយ​រួច​រាល់​នៅ​តាម​ប្រព័ន្ធ​ទំនាក់​ទំនងសង្គម​ហ្វេសប៊ុក។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ឬ​តាម​អ្វី​ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ​កន្លង​មក​ទាំង​លោក កឹម សុខា​ និង​សហរដ្ឋ​អាមេរិក​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​នេះ។

នៅ​ក្នុង​សវនាការ​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​បាន​ធ្វើ​ឡើង​៥០​លើក​មក​ហើយ​នោះ​ មិន​ទាន់​មាន​ការ​បង្ហាញភ័ស្តុតាង​ជាក់​លាក់​ដែល​អាច​យក​មក​ដាក់​បន្ទុក​លើ​លោក​ កឹម សុខា​ ក្រៅ​តែ​ពី​ភ័ស្តុតាង​ជា​ឃ្លីប​វីដេអូ​មួយ​ចំនួន​ បង្ហាញ​ពី​សកម្មភាព​បាតុកម្ម​ និង​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក​ កឹម សុខា​ និង​សហ​ស្ថាបនិក​មួយ​រូប​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រង្ស៊ី។ នេះ​បើ​តាម​ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​តាម​ឃ្លាំមើល​សវនាការ​របស់​លោក ​កឹម សុខា។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ក្នុង​សវនាការ​របស់​លោក កឹម សុខា​ ដែល​ធ្វើ​ឡើង​ជាច្រើន​ដង​មក​ហើយ​នោះ​ តុលាការ​មិន​ទាន់​បង្ហាញ​ភ័ស្តុតាង​ជា​ដុំ​កំភួន​ គាំទ្រ​ការ​ចោទ​ប្រកាន់​លើ​លោក​ កឹម សុខា​ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​នោះ​ឡើយ។

លោក​បន្ថែម​ថា៖ «​អ៊ីចឹង​ហើយ​ បាន​មាន​ការ​រិះ​គន់​ច្រើន​ ហើយ​ក៏​មាន​សហគមន៍​អន្តរជាតិ​ជាច្រើន​ ហើយ​យើង​ឃើញ​ហើយ​ ដូច​ជា​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ដែល​ជួប​ហ្នឹង​ ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​ដែរ។ អ៊ីចឹង​កាល​ណា​ សវនាការ​ចេះ​តែ​អូស​បន្លាយ​ទៅ​វា​ប៉ះ​ទៅ​ដល់​សិទ្ធិ​នៃ​ការ​ចូលរួម​ផ្នែក​នយោបាយ​របស់​ឯក​ឧត្តម​ កឹម សុខា។ អ៊ីចឹង​ហើយ​ដែល​សហរដ្ឋ​អាមេរិក​ទទូច​ស្នើ​សុំ​ ឱ្យ​មាន​លម្ហ​សេរីភាព​ទាក់​ទង​នឹង​ លម្ហ​សេរី​ភាព​អង្គការ​សង្គម​ស៊ីវិល​ ឬ​ក៏​លម្ហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ និង​លម្ហ​សេរីភាព​នយោបាយ​នោះ»។

លោក​ ផែង ហេង​ សហ​មេធាវី​ការ​ពារ​ក្តី​ឱ្យ​លោក​ កឹម សុខា ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា​ សំណើ​របស់​សហរដ្ឋអាមេរិក​ ដែល​សុំ​ឱ្យ​កម្ពុជា​បើក​លម្ហ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​គួរ​តែ​ត្រូវ​បាន​អ្នក​នយោបាយ​ខ្មែរ​យក​ទៅ​ពិចារណា​ ហើយ​ថា​សំណុំ​រឿង​លោក កឹម សុខា​ អាច​ដោះស្រាយ​បាន​ បើសិន​ជា​គណបក្ស​កាន់​អំណាច​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បញ្ចប់​សំណុំ​រឿង​នេះ។​

លោក​ថ្លែង​ថា៖ «វា​ជា​សំណើ​មួយ​ដែល​ធ្វើ​ឱ្យ​ខ្មែរ​យើង​គួរ​ពិចារណា​ ហើយ​រឿង​នេះបើ​សិន​ជា​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ប្រជាជន​ គាត់​ចង់​ឱ្យ​មាន​លម្ហ​សេរីភាព​របស់​ឯកឧត្តម​ កឹម​ សុខា មក​វិញ​ មធ្យោបាយ​ក្នុង​ការ​ដោះ​ស្រាយ​ វា​មាន​ច្រើន​ មិន​មែន​ថា​ មិន​អាច​ដោះស្រាយ​បាន​ ទោះ​បី​សំណុំ​រឿង​នៅ​ក្នុង​ដៃ​តុលាការ​ក៏ដោយ»។

​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​ប្លង់ សុផល​ មិនផ្តល់​ការ​អត្ថាធិប្បាយ​លើ​ជំហរ​របស់​រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋអាមេរិក​លោក​ Antony Blinken ដែល​ចង់​ឃើញ​លោក​ កឹម សុខា​ បាន​ធ្វើ​នយោបាយ​ដូច​ដើម​វិញ។​

លោក​លើក​ឡើង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​ចន្ទ​នេះថា៖ «ខ្ញុំ​មិន​[មាន]​យោបល់​អ្វី​ទេ​ ព្រោះ​ជា​ការ​យល់​ឃើញ​របស់​គាត់​ប៉ុណ្ណោះ»៕