សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃពុធម្សិលមិញថា ខ្លួននឹងស្វះស្វែងរកការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើងនៅឯអង្គការសហប្រជាជាតិ ក្រោយពីរបបដឹកនាំរបស់លោក Kim Jong Un បានបាញ់សាកល្បងកាំជ្រួចមីស៊ីល ដែលក្នុងនោះអាចរួមមានមីស៊ីលបាលីស្ទីកអន្តរទ្វីបដ៏ធំបំផុតមួយរបស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ការបាញ់សាកល្បងរបស់កូរ៉េខាងជើងនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចាកចេញពីតំបន់អាស៊ី។
កាំជ្រួចមីស៊ីលបីគ្រាប់ដែលរួមមានកាំជ្រួចមីស៊ីលអន្តរទ្វីប ICBM មួយផងដែរត្រូវបានកូរ៉េខាងជើងបាញ់ចេញពីតំបន់ Sunan នៅក្នុងរដ្ឋធានីព្យុងយ៉ាង។ នេះបើតាមការលើកឡើងរបស់មន្ត្រីនៃរដ្ឋាភិបាលកូរ៉េខាងត្បូង។ នេះជាការសាកល្បងអាវុធមួយក្នុងចំណោមការសាកល្បងជិត២០ដងក្នុងឆ្នាំនេះរបស់កូរ៉េខាងជើងដែលជំរុញឱ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធារួមគ្នាមួយ ដោយមានការបាញ់គ្រាប់មីស៊ីលពិតជាការឆ្លើយតបទៅនឹងការសាកល្បងរបស់កូរ៉េខាងជើងនោះ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានគម្រោងអំពាវនាវឱ្យមានការបោះឆ្នោតមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការដាក់ទណ្ឌកម្មកាន់តែខ្លាំងថែមទៀតប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង បន្ទាប់ពីបានបាញ់សាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប់របស់ខ្លួនរួចមក។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប។
មន្ត្រីរូបនោះរំពឹងថា ការបោះឆ្នោត នឹងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះ ហើយក៏បាននិយាយផងដែរថា សេចក្តីសម្រេចលើកមុនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានវិធានការណ៍កាន់តែធ្ងន់ថែមទៀតទៅលើកូរ៉េខាងជើងក្នុងករណីដែលប្រទេសនេះធ្វើការសាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីប ICBM បន្ថែមទៀតនោះ។
មន្ត្រីអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបន្តទៀតថា៖ «នេះជាខ្លឹមសារមួយដែលសេចក្តីសម្រេចនោះបានចែង។ នេះជាការបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវអ្វីដែលបានកើតមានឡើង ដូចនេះយើងដឹងថា វាដល់ពេលហើយដែលយើងត្រូវធ្វើការលើរឿងនេះ»៕