ស.រ.អា.​ជួយ​កម្ពុជា​ធ្វើ​ច្បាប់​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត

រូបឯកសារ៖ នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។

លោក​ William Heidt ​ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​នៅ​ដើម​ខែ​មិថុនា​នេះ​ថា​ ប្រទេស​របស់​លោក​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធានា​ថា​ ប្រជាជន​កម្ពុជា​មាន​សេរីភាព​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ជាមួយ​កម្ពុជា ​ហើយ​បង្ហាញ​កម្ពុជា​អំពី​ច្បាប់​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ ដោយ​ការ​ផ្តល់​ឱកាស​ដល់​ក្រុម​មន្ត្រី​កម្ពុជា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក។​

សហរដ្ឋ​អាមេរិក​នឹង​នាំ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ទៅ​ទស្សកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​សិក្សា​ពី​អ្នក​ជំនាញ​របស់​សហរដ្ឋ​អាមេរិក​អំពី​ច្បាប់​គ្រប់គ្រង​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

លោក​ William Heidt ​ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​នៅ​ដើម​ខែ​មិថុនា​នេះ​ថា​ ប្រទេស​របស់​លោក​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធានា​ថា​ ប្រជាជន​កម្ពុជា​មាន​សេរីភាព​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​ លោក​មាន​ប្រសាសន៍​ថា​ ស្ថានទូត​នឹង​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​សិក្សា​អំពី​ច្បាប់​របស់​អាមេរិក​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

«ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​បញ្ហា​ពិត​ប្រាកដ​មួយ​នៅ​សហរដ្ឋ​អាមេរិក​ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ដូច្នេះ​ហើយ ​យើង​កំពុង​តែ​ធ្វើការ​រួម​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា។​ យើង​បាន​ផ្តល់​ឱកាស​ឲ្យ​ក្រុម​មន្ត្រី​មកពី​ក្រសួង​ពាក់ព័ន្ធ​នានា​ ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វែង​យល់​ថា​ តើ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​មាន​ដំណើរការ​យ៉ាង​ដូច​ម្តេច?​ ហើយ​តើ​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​អនុវត្ត​ច្បាប់​នេះ​ និង​កាត់​ទោស​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​នេះ​យ៉ាង​ដូច​ម្តេច?»

លោក​ឯក​អគ្គរដ្ឋទូត​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖​ «យើង​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ អ៊ីនធឺណិត​នឹង​នៅ​តែ​ជា​កន្លែង​មួយ​សម្រាប់​ការ​បញ្ចេញ​មតិ​យោបល់​ដោយ​សេរី»។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ​ កំពុង​បង្កើន​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ ដូច​ជា​ Facebook ​ដើម្បី​បង្ហាញ​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​របស់​លោក​និង​ដើម្បី​ស្ទង់​មតិ​សាធារណៈ។ ​អ្នក​វិភាគ​នយោបាយ​បាន​និយាយ​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​នេះ​ដើម្បី​ទទួល​បាន​ប្រជា​ប្រិយភាព​ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​អ្នក​គាំទ្រ​វ័យក្មេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ខាង​មុខ​នេះ។

លោក​ ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ បាន​និយាយ​ថា​ រដ្ឋាភិបាល​ស្វាគមន៍​ការ​ផ្តួចផ្តើម​គំនិត​បណ្តុះ​បណ្តាល​នេះ។ ​ទោះ​ជា​យ៉ាងនេះ​ក៏​ដោយ ​លោក​បាន​បន្ថែម​ថា​ ច្បាប់​សហ​រដ្ឋ​អាមេរិក​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិតនេះ​ មិន​អាច​យក​មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទាំង​ស្រុង​នោះ​ទេ។

«អា​ហ្នឹង​ខ្ញុំ​គាំ​ទ្រ​វា​ ពីព្រោះ​ជា​បទ​ពិសោធន៍​ចែក​រំលែក​មួយ។​ ក៏​ប៉ុន្តែ​ខ្ញុំ​ចាប់​អារម្មណ៍​អំពី​ស្តង់ដារ​របស់​សហ​រដ្ឋ​អាមេរិក​ពាក់ព័ន្ធ​ជាមួយ​នឹង​វប្បធម៌​ដើម​របស់​គេ​ ពាក់ព័ន្ធ​ទៅ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ជាតិ​របស់​គេ ​ហើយ​នឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​យល់​ដឹង​របស់​ប្រជាជាតិ​របស់​គេ»។​

លោក​បាន​បន្ថែម​ថា​ កម្ពុជា​នឹង​ប្រើ​ច្បាប់របស់​សហ​រដ្ឋអាមេរិក​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិតនេះ​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ខ្លួន។​

«យើង​យក​ជា​ Reference​ ពីព្រោះ​យើង​មិន​ទាន់​ដល់​កន្លែង​ហ្នឹង​មែន ​ក៏​ប៉ុន្តែ​យើង​រៀបចំ​នៅ​ពេល​ចុងក្រោយ រាប់​ឆ្នាំ​ទៅ​មុខ​ទៀត ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​យើង​ខ្ពស់។​ ការ​រស់​នៅ​ដែល​មាន​សេចក្តី​ថ្លៃថ្នូរ ​និង​ការ​គោរព​ច្បាប់​បាន​ខ្ពស់ ​ដូច្នេះ​យើង​យក​អា​ហ្នឹង​គ្រាន់​តែ​ជា​ករណី​សិក្សា​ដើម្បី​ប្រមូល​ធាតុ​ផ្សំ​មក​ដាក់​ក្នុង​ការ​ចាប់​ផ្តើម​នៃ​ការ​តាក់​តែង​ Cyber Crime Law ​(ច្បាប់​គ្រប់គ្រង​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត)​នេះ​ឯង»។​

លោក​ ផៃ ស៊ីផាន ​បាន​បន្ត​ថា​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ដែល​មាន​ច្បាប់​នោះ​ក៏​នៅ​តែ​មាន​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​វិធានការ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែរ​ ដោយ​លោក​បាន​លើក​អំពី​ជម្លោះ​រវាង​ការិយាល័យ​សហ​ព័ន្ធ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​អាមេរិក​ និង​ក្រុមហ៊ុន​ APPLE​ ដ៏​ធំ​របស់​សហ​រដ្ឋ​អាមេរិក។ ​អាជ្ញាធរ​អាមេរិក​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិត​បច្ចេកវិទ្យា​ដ៏​ធំ​នេះ ​ដោះ​សោរ​ទូរស័ព្ទ​ដៃ​ដែល​ត្រូវ​បាន​អ៊ិនគ្រីប​គឺ​ធ្វើ​ប្រព័ន្ធ​អក្សរកូដ​របស់អ៊ីនធឺណិត​ដ៏​ស្មុគ​ស្មាញ។

លោក​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ឱ្យដឹង​ថា​ កម្រិត​នៃ​ចំណេះ​ដឹង​ក្នុង​ចំណោម​មន្ត្រីអាជ្ញាធរ​កម្ពុជា​លើ​របៀបដោះ​ស្រាយ​ឧក្រិដ្ឋ​កម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ។​

«ការវិវឌ្ឍ​នៃ​បច្ចេកទេស ​វា​លឿន​ណាស់! ​មាន​ប្រទេស​ខ្លះ​ក៏​វិវឌ្ឍ​មិន​ដល់​ប្រទេស​ជឿនលឿន​ដែរ ​ហើយ​ការ​យល់​ដឹង​របស់​មន្ត្រី​នៃ​ប្រទេស​យើង​មួយ​ចំនួនពេល​ខ្លះ​ហ្នឹង ​វាហួស​ពី​សមត្ថភាព​របស់​យើង​ទៅទៀត​បាទ។​ ដូច​ដឹង​ស្រាប់​ហើយ ​យើង​មិនមែន​ជា​ប្រទេស​ដែល​ផលិត​កំព្យូទ័រ​ ឬ​ក៏ ​Programmer ​ (អ្នក​បង្កើត​កម្ម​វិធី)​ឯណា»។​

លោក​បាន​បន្ថែម​ថា​ នៅ​ពេល​ចំនួន​អ្នក​ប្រើ​ Facebook ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ ​ការ​ប្រើ​ពាក្យ​សម្តីប្រមាថ​មន្ត្រី​រដ្ឋាភិបាល​តាម​រយៈ​បណ្តាញ​នេះ​ក៏​មាន​ការ​កើន​ឡើង​ដែរ។​

«បច្ចុប្បន្ន​នេះ​ឃើញ​ថា ​វា​មាន​ជាក់​ស្តែង​គឺ​ការ​ប្រើប្រាស់​ Facebook។​ Facebook​ ហ្នឹង​អ្នក​ខ្លះ​ភាគ​ច្រើន​គឺ​ជន​ដែល​ប្រើប្រាស់​ស្ថិត​នៅ​ប្រទេស​អាមេរិក​ហ្នឹង​ឯង។​ រក​ទៅ​ឃើញ​ថា​ នៅ​ទី​នោះ។ ​ចង់​ឲ្យអ្នក​ទាំង​អស់​នោះ​បញ្ឈប់។​ ហើយ​ប្រសិន​បើ​មាន​បញ្ហា​អ្វី​កើត​ឡើង​ សូម​ឲ្យមន្ត្រី​សហរដ្ឋ​អាមេរិក​ជួយ​សហការ​ យ៉ាងហោច​ណាស់​ ឲ្យអ្នក​នោះ​ដឹង​ថា​ អ្នក​ឯង​ជន​ជាតិ​អាមេរិកាំង​មែន​ ក៏​ប៉ុន្តែ​ត្រូវ​តែ​គោរព​ខ្មែរ។​ គោរព​ប្រពៃណី​ខ្មែរ»។

លោក​មាន​ប្រសាសន៍​ថា​ ការ​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​គឺ​ជា​ការ​ចាំ​បាច់​ ហើយ​ប្រទេស​កម្ពុជា​ត្រូវ​មាន​ច្បាប់​គ្រប់គ្រង​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

សហគមន៍​អន្តរជាតិ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​របស់​កម្ពុជាគ្រប់គ្រង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ក្រុម​អ្នក​រិះគន់បាន​និយាយ​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ដើម្បី​រឹត​បន្តឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​រារាំង​អ្នក​រិះគន់​យោបាយ​កម្ពុជា​ នៅ​ខណៈ​ពេល​ដែល​ប្រជាជន​កម្ពុជា​ប្រើប្រាស់​អ៊ីនធឺណិត​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ដូច​ជា​ហ្វេសប៊ុក​ កាន់តែ​ច្រើន​ឡើងៗ​ ដើម្បី​បង្ហាញ​ទស្សនៈ​នយោបាយ​របស់​ពួក​គេ​នោះ។​

ទិន្នន័យ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បាន​កើន​ឡើង​រហូត​ដល់​៧​លាន​នាក់​ដែល​ស្ទើរ​តែ​ពាក់​កណ្តាល​ចំនួន​ប្រជាជន​សរុប៕