សហរដ្ឋ​អាមេរិក​នឹង​ពង្រឹង​ចំណង​ទាក់ទង​​និង​លើក​កម្ពស់​នីតិរដ្ឋ​​ជាមួយ​​​​ហ្វីលីពីន

ក្រុម​អ្នក​គាំទ្រ​លោក Ferdinand 'Bongbong' Marcos Jr. កូន​ប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ Ferdinand Marcos នាំគ្នា​សាទរ​ចំពោះ​ជ័យជម្នះ​របស់លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២។ (REUTERS)

ខណៈ​ពេលដែល​សហរដ្ឋអាមេរិក​ អបអរ​សាទរ​ប្រធានាធិបតីហ្វីលីពីន​ដែល​ទើប​ជាប់ឆ្នោត​ថ្មី​ លោក Ferdinand "Bongbong" Marcos Jr ដែល​ឈ្នះ​ការ​បោះ​ឆ្នោត​ដើម្បី​ក្លាយ​ជា​មេដឹកនាំថ្មី​ក្នុង​ប្រទេស​ហ្វីលីពីន​នោះ ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិកនិយាយ​ថា ខ្លួន​នឹង​ពង្រឹង​សម្ពន្ធភាព​ដ៏​យូរ​អង្វែងរវាង​ប្រទេស​ទាំង​ពីរ​និង​បន្តលើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​និងនីតិរដ្ឋ។

សេតវិមាន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ហៅ​ទូរសព្ទ​ស្វាគមន៍​ទៅកាន់​លោក Ferdinand Marcos Jr. ចំពោះ​ជ័យ​ជម្នះរបស់​លោក។

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះឧបការី​រង​ក្រសួង​ការបរទេស​អាមេរិក​លោក​ស្រី Jung Pak បានផ្តល់​បទ​សម្ភាសន៍​មួយជា​មួយប្រធាន​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មានរបស់វីអូអេ​ប្រចាំ​ក្រសួង​ការបរទេស​អាមេរិក​អ្នកស្រី Nike Ching ដើម្បី​ឆ្លុះ​បញ្ចាំង​ពីកិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​នេះ។

មេដឹកនាំ​ទាំង​១០​ប្រទេស​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​មាន​គម្រោង​នឹងចូលរួមក្នុង​ជំនួប​កំពូល​ពិសេស​នេះ លើកលែង​តែប្រធានាធិបតី​ហ្វីលីពីនលោក Rodrigo Duterte ដែល​ត្រូវ​ចេញ​ពី​តំណែង​និង​មេដឹកនាំ​របប​សឹក​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing។

លោក​ស្រី Pak បាន​ថ្លែង​ប្រាប់​វីអូអេ​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត«ចាត់​វិធានការ»ដើម្បី​ដាក់​សម្ពាធលើ​របប​សឹក​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​តាម​វិធី​ផ្សេងៗ​ដើម្បី​ឱ្យ​ប្រទេស​នេះ​វិល​ត្រឡប់​ទៅ​រក​មាគ៌ា​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញបន្ទាប់​ពី​ក្រុម​យោធានៅ​ក្នុង​ប្រទេស​នេះ​បាន​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាលស៊ីវិល​ចេញ​ពីអំណាចកាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១កន្លង​ទៅ។

នៅ​ពេល​សួរ​អំពីសេចក្តីរាយការណ៍​ព័ត៌មានដែល​ថា ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មីក្នុង​ប្រទេស​ហ្វីលីពីន​លោក Marcos នឹង​ទុក​មួយ​អន្លើ​នូវសេចក្តី​សម្រេចកាល​ពីឆ្នាំ២០១៦របស់​តុលាការ​អាជ្ញា​កណ្តាល​អចិន្ត្រៃយ៍ក្នុង​ទីក្រុង​ឡាអេរ៍​នៃ​ប្រទេស​ហូឡង់​ដែល​បានប្រឆាំង​ជំទាស់​ទៅ​នឹងការ​ទាមទារ​អធិបតេយ្យភាពរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​មួយ​ហ្វីលីពីន​នោះ លោកស្រី Pak បាន​និយាយ​ថា លោក​ស្រី​មិន​អាច​ធ្វើ​ការ​វាយ​តម្លៃ​ជា​មុន​អំពី​របៀប​វារៈដឹកនាំរបស់លោក Marcos នោះ​ទេ៕