សហរដ្ឋ​អាមេរិក នឹង​បញ្ជូន​ខ្យល់​អុកស៊ីសែន​ទៅកាន់​ប្រទេស​ឥណ្ឌា

រូបឯកសារ៖ បំពង់ខ្យល់​​អុកស៊ីសែន

សហរដ្ឋ​អាមេរិក​បាន​សន្យា​ថា​នឹង​បញ្ជូន​ខ្យល់​អុកស៊ីសែន​ទៅកាន់​ប្រទេស​ឥណ្ឌា​ឲ្យ​បាន​ឆាប់​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន និង​បញ្ជូន​វ៉ាក់សាំង​រាប់​សិប​លាន​ដូស​ទៅ​ប្រទេស​ផ្សេងៗ​តាម​ដំណាក់កាល ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ឆ្លង​រាតត្បាត​ជា​បន្ត​នៃ​ជំងឺ​កូវីដ១៩ និង​សម្ពាធ​ខ្លាំងក្លា​ពី​អន្តរជាតិ​ដែល​ចង់​ឲ្យ​សហរដ្ឋអាមេរិក​ជួយ។

អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «យើង​ចង់​ធ្វើការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ឥណ្ឌា។ យើង​បាន​តាំងចិត្ត​ផ្តល់​ជំនួយ​ដែល​ពួកគេ​ត្រូវការ មិន​ថា​ជា​ខ្យល់​អុកស៊ីសែន ឧបករណ៍​ការពារ​ខ្លួន វិធី​ព្យាបាល ការ​ធ្វើ​តេស្ត ឬ​សារធាតុ​ដើម​សម្រាប់​ផលិត​វ៉ាក់សាំង​នោះ​ទេ»។

មន្ត្រី​ជាន់​ខ្ពស់ម្នាក់​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា ក្រុម​អ្នក​ជំនាញ​សុខភាព​សាធារណៈ​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ឥណ្ឌា។

វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca រហូត​ដល់ ៦០ លាន​ដូស ដែល​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ពី​ទីភ្នាក់ងារ​ម្ហូបអាហារ​និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក​នៅ​ឡើយ អាច​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​ផ្សេងៗ​តាម​ដំណាក់កាល នៅ​ពេល​ដែល​វា​ទទួល​បាន​ការ​បញ្ជាក់​អំពី​ការ​ពិនិត្យ​សុវត្ថិភាព​ពី​រដ្ឋាភិបាល​សហព័ន្ធ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។

អ្នកស្រី Psaki ពន្យល់​ថា ការ​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រទេស​ផ្សេង​គឺ​នៅ​មិន​ទាន់​ធ្វើ​នៅ​ឡើយ​ទេ ដោយ​នៅ​ត្រូវការ​ពេល​រាប់​សប្តាហ៍​ទៀត ហើយ​ការ​ចែកចាយ​ដំណាក់កាល​ដំបូង ទំនងជា​មាន​ចំនួន ១០ លាន​ដូស។

លោក Joe Biden បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​ម្នាក់​បាន​ពណ៌នា​ការ​សន្ទនា​របស់​លោក​ទាំង​ពីរ​ថា​មាន​លក្ខណៈ «កក់ក្តៅ​និង​វិជ្ជមាន»៕