ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេ រិក នឹងផ្តល់ជំនួយជា«គ្រាប់រំសេវនិងប្រព័ន្ធរ៉ុក្កែតដែលមានលក្ខណៈទំនើបជាងមុន» ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ៧០០លានដុល្លារដល់អ៊ុយក្រែន ខណៈដែលការឈ្លានពានរបស់រុស្ស៊ីបានឈានចូលដល់ខែទី៤។ មន្ត្រីសេតវិមាននិយាយថា អ៊ុយក្រែនបានសន្យាថា នឹងមិនប្រើរ៉ុក្កែតទាំងនោះបាញ់ចូលក្នុងទឹកដីរបស់រុស្ស៊ីនោះទេ។
លោក Biden បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «កញ្ចប់ជំនួយថ្មីនេះ នឹងជួយដល់អ៊ុយក្រែនឱ្យមានសមត្ថភាពថ្មីនិងមានប្រព័ន្ធអាវុធទំនើបដែលក្នុងនោះរួមមានប្រព័ន្ធបាញ់រ៉ុក កែត HIMARS និងគ្រាប់រំសេវសម្រាប់ប្រយុទ្ធក្នុងសមរភូមិដើម្បីការពារទឹកដីរបស់ខ្លួននិងការពារការរុលទៅមុខរបស់កងកម្លាំងរុស្ស៊ី។ យើងនឹងបន្តដឹកនាំពិភពលោកក្នុងការផ្តល់ជំនួយជាប្រវតិត្តិសាស្ត្រដល់ការប្រយុទ្ធតស៊ូរបស់អ៊ុយក្រែនដើម្បីសេរីភាពរបស់ខ្លួន»។
មន្ត្រីរដ្ឋបាលអាមេរិកមួយចំនួននិយាយថា កញ្ចប់ជំនួយជាអាវុធយុទ្ធភណ្ឌថ្មីដល់ប្រទេសអ៊ុយក្រែននេះមានភាពសមស្របទៅនឹងភាពចាំបាច់នៃដំណាក់កាលនៃជម្លោះនាពេលបច្ចុប្បន្ននេះដែលកំពុងបន្តកើតមានយ៉ាងខ្លាំងនៅភាគខាងកើតអ៊ុយក្រែន។
លោក Colin Kahl អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយនៃក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា «ខណៈដែលការប្រយុទ្ធកំពុងបន្តផ្លាស់ប្តូរនោះ អ៊ុយ ក្រែនបានមកពឹងពាក់យើង។ យើងបានធ្វើការវាយតម្លៃរបស់យើង។ យើងតែងតែធ្វើការវាស់ស្ទង់នូវអ្វីដែលអ៊ុយក្រែនត្រូវការ ការវាយតម្លៃរបស់យើងនៅលើសមរភូមិប្រយុទ្ធនិងផលប៉ះពាល់ទៅលើកងកម្លាំងរបស់យើង ជាពិសេសនៅពេលដែលយើងយកអាវុធចេញពីឃ្លាំងស្តុកអាវុធរបស់យើងនោះ»។
លោកបានបន្ថែមទៀតថា សហរដ្ឋអាមេរិក នឹងផ្តល់ប្រព័ន្ធរ៉ុកកែតថ្មីចំនួន៤ប្រភេទហើយវាត្រូវប្រើពេលវេលាប្រហែល៣សប្តាហ៍ដើម្បីហ្វឹកហ្វឺនដល់កងកម្លាំងអ៊ុយក្រែនក្នុងការប្រើប្រព័ន្ធអាវុធថ្មីៗទាំងនោះ។ លោកColin Kahl បានបដិសេធមិននិយាយថា តើការហ្វឹកហ្វឺនដល់កម្លំាងអ៊ុយក្រែននឹងកើតមានឡើងនៅទីណានោះទេ ប៉ុន្តែលោកថា អាវុធយុទ្ធភណ្ឌថ្មីៗទាំងនោះ កំពុងស្ថិតនៅក្នុងទ្វីបអឺរ៉ុបរួចហើយ»។
ថ្លែងក្នុងរដ្ឋធានីវ៉ាស៊ីនតោនជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃពុធម្សិលមិញ អគ្គលេខាធិការអង្គការអូតង់លោកJens Stoltenbergបានគូសបញ្ជាក់ថា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះ នឹងត្រូវបញ្ចប់នៅពេលណានោះឡើយ ក៏ប៉ុន្តែអង្គការអូតង់ចង់ឃើញអ៊ុយក្រែនស្ថិតនៅក្នុងជំហរមួយដ៏រឹងមាំនៅពេលដែលកិច្ចពិភាក្សាសន្តិភាព កើតមានឡើង។
ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិកលោកBlinkenវិញបានថ្លែងថា «រុស្ស៊ីជាអ្នកសម្រេចថាតើត្រូវបញ្ចប់ឬបន្ថយនូវជម្លោះនៅក្នុងប្រទេសអ៊ុយក្រែននោះ»៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មានAPទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មានReuters។