ស្ថានទូតអាមេរិកនៅភ្នំពេញនឹងរៀបចំពិធីអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតជាមួយកម្ពុជា នៅថ្ងៃពុធ ទី៨ ខែមករា នៅចំពេលដែលប្រទេសទាំងពីរកំពុងស្ថិតក្នុងអន្តរកាលនៃកិច្ចខិតខំប្រឹងប្រែងស្វះស្វែងរកទំនាក់ទំនងល្អប្រសើរ។
កម្ពុជានិងអាមេរិក បានផ្សាភ្ជាប់ទំនាក់ទំនងទូតជាផ្លូវការ កាលពីពាក់កណ្ដាលឆ្នាំ១៩៥០ តាំងតែពីពេលដែលកម្ពុជាមិនទាន់បានឯករាជ្យនៅឡើយ ហើយកំពុងស្ថិតនៅក្នុងអតីតសហភាពឥណ្ឌូចិន គ្រប់គ្រងដោយអាណានិគមបារាំង។
ពិធីផ្លូវការមួយគ្រោងនឹងត្រូវបានរៀបចំឡើងដោយស្ថានទូត នាថ្ងៃពុធ ទី៨ ខែមករា នេះ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយការប្រារព្ធខួបអបអរឆ្នាំទី៧០នៃទំនាក់ទំនងទូតនេះ គ្រោងនឹងត្រូវរៀបចំជាហូរហែនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
«ស្ថានបេសកកម្មសហរដ្ឋអាមេរិក ដោយសហការជាមួយមិត្តកម្ពុជារបស់យើង នឹងធ្វើការរៀបចំខួបលើកទី៧០ឆ្នាំ ក្នុងរយៈពេលមួយឆ្នាំ ដោយផ្ដោតលើការចូលរួមចំណែករបស់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍ[...]ប្រទេសកម្ពុជា និងភាពជាដៃគូដ៏សំខាន់ជាច្រើនទៀត រវាងប្រទេសយើងទាំងពីរ»។
លោកប្រធានាធិបតី Donald J. Trump និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដោះដូរលិខិតកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានខ្លឹមសារចង់ផ្សះផ្សា កែកុនភាពខុសគ្នារវាងប្រទេសទាំងពីរ ដែលកន្លងមកបានចង្អុរមុខគ្នាចំៗលើបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការចោទប្រកាន់អាមេរិកនៅក្រោយគណបក្សប្រឆាំងក្នុងគម្រោងមួយដែលលោក ហ៊ុន សែន ហៅថាចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
ក្នុងពិធីអបអរខួបលើកទី៤១ឆ្នាំនៃការផ្ដួលរំលំរបបខ្មែរក្រហម លោក ហ៊ុន សែន ដែលស្ថិតក្នុងអំណាច៣៥ឆ្នាំមកហើយ បានថ្លែងសារជាប្រយោល ស្នើឱ្យប្រទេសខ្លះ ដែលលោកមិនបញ្ចេញឈ្មោះ ឱ្យគោរពកម្ពុជា។
«ខ្ញុំក៏សង្ឃឹមផងដែរថា ទំនាក់ទំនងរវាងកម្ពុជាជាមួយប្រទេសខ្លះ ដែលធ្លាប់មានទស្សនៈមិនគ្រប់ជ្រុងជ្រោយចំពោះរាជរដ្ឋាភិបាលកម្ពុជានោះ នឹងត្រូវបានថែរក្សាពូនជ្រុំលើកស្ទួយឱ្យល្អប្រសើរឡើង ដែលនឹងមិនក្លាយជាចំណាប់ខ្មាំងនៃទំព័រដ៏ខ្មៅងងឹតខ្លះប្រវត្តិសាស្ត្រឡើយ»។
ខ្លឹមសារស្រដៀងគ្នានេះ គេធ្លាប់បានឃើញក្នុងលិខិតរបស់លោក ហ៊ុន សែន សរសេរឆ្លើយតបទៅលោក Donald J. Trump កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ហ៊ុន សែន ផ្ទាល់ខ្លួនលោកផ្ទាល់ ធ្លាប់ជាអតីតនាយទាហានខ្មែរក្រហម ដែលដឹកនាំការប្រយុទ្ធជាមួយកងទ័ពសហរដ្ឋអាមេរិកអំឡុងសង្គ្រាមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
របាយការណ៍ផ្លូវការរបស់សហរដ្ឋអាមេរិកបានបង្ហាញឱ្យដឹងថា កងទាហានរបស់ប្រទេសមួយនេះទម្លាក់គ្រាប់បែករង្វង់៥០ម៉ឺនតោនមកលើប្រទេសកម្ពុជា ក្នុងប្រតិបត្តិការបណ្ដេញទាហានកុម្មុយនីស្ដវៀតណាមដែលតាំងទីនៅកម្ពុជា អំឡុងឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៧៥។ តែប្រភពខ្លះបានបញ្ជាក់ថាតួលេខនៃគ្រាប់បែកដែលបានទម្លាក់អាចមានលើសពីនេះ។
នៅពេលដែលរបបដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ចូលមកកាន់អំណាចដំបូងនៅឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសបស្ចិមលោកដែលបានហ៊ុមព័ទ្ធសេដ្ឋកិច្ចនៃរបបថ្មីដឹកនាំដោយប្រធានរដ្ឋ ហេង សំរិន ដោយហេតុថាទីក្រុងភ្នំពេញទទួលបានការគាំទ្រពីអតីតសហភាពសូវៀត និងវៀតណាម។
អាមេរិកបានស្ថិតក្នុងចំណោមប្រទេសដែលរិះគន់និងបញ្ចេញប្រតិកម្មឆ្លើយតបនឹងការបង្ក្រាបនយោបាយនៅកម្ពុជា អំឡុងការបោះឆ្នោត២០១៨ ដែលគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំងអស់នៅសភាទាំងពីរ ហើយបក្សជំទាស់ត្រូវបានរំលាយចោល ដោយតុលាការកំពូល តាមសំណើរបស់រដ្ឋាភិបាល។
យ៉ាងណាក្ដី ឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានថ្លែងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកបានវិនិយោគជាជំនួយទឹកប្រាក់រង្វង់២ពាន់លានដុល្លារមកឱ្យប្រទេសកម្ពុជា នារយៈពេលជិតបីទសវត្សរ៍ចុងក្រោយនេះ អភិវឌ្ឍលើវិស័យផ្សេងៗរួមមានការអប់រំ បរិស្ថាន អភិបាលកិច្ចល្អ សិទ្ធិមនុស្ស សង្គមស៊ីវិល និងប្រជាធិបតេយ្យ។
ទោះបីមានការចោទប្រកាន់ពីសំណាក់ទីក្រុងភ្នំពេញថាអាមេរិកគាំទ្របក្សជំទាស់ លោកប្រមុខការទូតអាមេរិកប្រចាំនៅកម្ពុជារូបនេះ បានគូសបញ្ជាក់ថាអាមេរិកមិនកាន់ជើងបក្សនយោបាយណានោះទេ តែបានបង្ហាញក្ដីបារម្ភអំពីការដើរថយក្រោយនៃលំហសេរីភាពនយោបាយ និងសិទ្ធិជាមូលដ្ឋាន។
«ការណ៍នេះនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងពិតជាមានក្ដីសង្ឃឹមចង់ឱ្យមានការរីកចម្រើនលើចំណុចទាំងនេះ ពីព្រោះដើម្បីឲ្យយើងអាចកសាងទំនាក់ទំនងជារួមរបស់យើង ដើម្បីជាប្រយោជន៍ដល់កម្ពុជានិងសហរដ្ឋអាមេរិក»។
ឆ្នាំ២០១៩កន្លងទៅ ទំនាក់ទំនងប្រទេសទាំងពីរក៏រួតរឹតដោយសំណុំរឿងដែលផ្ដោតលើលទ្ធភាពការដាក់វត្តមានយោធារបស់ចិននៅកម្ពុជាផងដែរ ក្នុងអ្វីដែលសហរដ្ឋអាមេរិកមើលឃើញថាជាការគំរាមកំហែងដល់ស្ថិរភាពតំបន់។ ប៉ុន្តែកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការថាមិនពិត ហើយជាប្រការផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសទៀតផង។
ទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរក៏ស្ថិតក្នុងកម្រិតបង្គួរផងដែរ។ ភ្ញៀវទេសចរអាមេរិកប្រមាណ២០ម៉ឺន នាក់ បានមកទស្សនាកម្ពុជា កាលពីឆ្នាំ២០១៩កន្លងទៅ ក្នុងចំណោមអ្នកទេសចរបរទេស៦,៧លាននាក់ ដែលមកកម្ពុជា។ សហរដ្ឋអាមេរិកនៅឈរពីក្រោយ ចិន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី និងជប៉ុនទៅទៀត ក្នុងចំណោមទុនវិនិយោគផ្ទាល់ពីបរទេសចូលមកកាន់កម្ពុជាឆ្នាំ២០១៩ ដែលមានទំហំ៣,៥០០លានដុល្លារ។
យ៉ាងណាក្ដីសហរដ្ឋអាមេរិកជាប្រទេសគោលដៅនាំចេញទំនិញសំខាន់ៗពីកម្ពុជាទៅ រួមមាន ស្បែកជើង ផលិតផលវាយនភណ្ឌ ផលិតផលកម្មន្តសាល និងផលិតផលផ្សេងៗទៀត គិតជាទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារ កាលពីឆ្នាំ២០១៩កន្លងទៅ។ នេះបើយោងតាមស្ថិតិរបស់ធនាគារកណ្ដាលរបស់កម្ពុជា៕