សហរដ្ឋអាមេរិកនឹងបង្ហាញលទ្ធផលនៃការស៊ើបអង្កេតស៊ីជម្រៅថ្មីមួយ ដែលធ្វើឡើងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់ទាំងឡាយរបស់ខ្លួន ទៅលើប្រភពនៃជំងឺកូវីដ១៩ ដែលបានសម្លាប់មនុស្សរាប់លាននាក់ទូទាំងពិភពលោក។
មុនពេលឡើងយន្តហោះ Air Force One ទៅបំពេញទស្សនកិច្ចនៅទីក្រុងCleveland រដ្ឋOhio កាលពីថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រាប់អ្នកសារព័ត៌មានថាលោកនឹងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការពិនិត្យឡើងវិញដែលមានរយ:ពេល៩០ថ្ងៃ«លើកលែងតែមានអ្វីដែលខ្ញុំមិនដឹង»។
លោក Biden បានបញ្ជាឲ្យមានការពិនិត្យជាថ្មីឡើងវិញកាលពីថ្ងៃពុធជុំវិញការប្រមើលមើលកាន់តែច្រើនឡើងដែលថា ជំងឺកូវីដ១៩ អាចកើតចេញពីមន្ទីរពិសោធន៍មួយរបស់ចិន ដោយសន្យាថានឹងចំណាយធនធានបន្ថែមទៀត រួមទំាងធនធានពីមន្ទីរពិសោធន៍ជាតិរបស់សហរដ្ឋអាមេរិកផង។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់នានារបស់សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីឆ្នាំមុនថា ព័ត៌មានរបស់ពួកគេ គាំទ្រ «ការមូលមតិគ្នាខាងផ្នែកវិទ្យាសាស្ត្រ ដែលថាវីរុសនៃជំងឺកូវីដ១៩ មិនត្រូវបានបង្កើតដោយមនុស្ស ឬដោយការកែប្រែហ្សែនទេ ប៉ុន្តែថា ពួកគេនឹងបន្តការពិនិត្យឲ្យបានល្អិតល្អន់នូវរាល់ព័ត៌មាននិងការស៊ើបការណ៍សម្ងាត់ដែលទទួលបាន ដើម្បីសន្មតថាតើការឆ្លងរាតត្បាតនេះ កើតឡើងក្រោយពេលមេរោគបានចម្លងពីសត្វមកមនុស្សតាមធម្មជាតិ ឬជាលទ្ធផលនៃគ្រោះថ្នាក់ចេញពីមន្ទីរពិសោធន៍មួយ៕