សហរដ្ឋអាមេរិកនឹងរក្សាវត្តមានការទូតនៅអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល ខណៈពន្លឿនការជម្លៀសជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលមានសិទ្ធិទទួលបានទិដ្ឋាការអន្តោប្រវេសន៍ពិសេស និងពង្រីកលទ្ធភាពទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលធ្វើការឱ្យទីភ្នាក់ងារព័ត៌មានអាមេរិកនិងអង្គការក្រៅរដ្ឋាភិបាល។
កាលពីថ្ងៃច័ន្ទក្រសួងការបរទេសអាមេរិកក៏បានស្នើឱ្យជនជាតិអាមេរិកជ្រកកោននៅនឹងកន្លែងនិងកុំធ្វើដំណើរទៅអាកាសយានដ្ឋានក្រុងកាប៊ុល។ ស្ថានការណ៍សន្តិសុខ ដែលកាន់តែយ៉ាប់យ៉ឺននៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បានជំរុញឱ្យជនស៊ីវិលសម្រុកទៅអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីកាប៊ុល។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Priceបាននិយាយកាលពីថ្ងៃច័ន្ទថា៖ «យើងនឹងរក្សាវត្តមានការទូតនៅទីក្រុងកាប៊ុលដរាបណាមានសុវត្ថិភាព ហើយយើងមានការទទួលខុសធ្វើដូចនេះ»។
លោកបាននិយាយថា ចាប់តាំងពីយប់ថ្ងៃអាទិត្យមក បុគ្គលិកស្ថានទូតអាមេរិកទាំងអស់បានប្តូរទៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ដែលការពារដោយយោធាអាមេរិក។
យោធាអាមេរិកបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់នៅឯអាកាសយានដ្ឋាននោះ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា ខ្មាន់កាំភ្លើងពីរនាក់បានបាញ់ទៅលើហ្វូងមនុស្សនៅក្នុងឧបទ្ទវហេតុពីរដាច់ដោយឡែកពីគ្នាកាលពីថ្ងៃច័ន្ទ ហើយអ្នកទាំងពីរត្រូវបានសម្លាប់ដោយកងកម្លាំងអាមេរិក ដែលឆ្លើយតបការគំរាមកំហែងដ៏រសើបនិងជាក់ស្តែង។
មន្រ្តីអាមេរិកម្នាក់ដែលបាននិយាយជាមួយវីអូអេដោយសុំមិនបញ្ចេញឈ្មោះក៏បាននិយាយដែរថា មានរបាយការណ៍អំពីជនស៊ីវិលស្លាប់មួយចំនួនអំឡុងពេលយន្ដហោះដឹកជញ្ជូនយោធាអាមេរិកចេញដំណើរ ហើយករណីនេះកំពុងត្រូវបានស៊ើបអង្កេត។
កងទ័ពអាមេរិកប្រហែល៦.០០០នាក់ត្រូវបញ្ជូនទៅប្រទេសអាហ្វហ្គានីស្ថានដើម្បីជួយជម្លៀសបុគ្គលិកស៊ីវិលអាមេរិក និងសម្ព័ន្ធមិត្ត និងជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះ។ កងទ័ពទាំងនោះប្រហែលពាក់កណ្តាលបានទៅដល់ទីនោះហើយ គិតត្រឹមថ្ងៃច័ន្ទ។
ប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពិសេសចំនួន២.០០០នាក់និងគ្រួសាររបស់ពួកគេត្រូវបាននាំយកមកសហរដ្ឋអាមេរិក។ នេះបើយោងតាមក្រសួងការបរទេស។ សហរដ្ឋអាមេរិកចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយពួកតាលីបង់នៅទីក្រុងកាប៊ុល និងទីក្រុងដូហា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា អាមេរិកបានប្តូរអាទិភាពពីការគាំទ្រកិច្ចចរចាសន្តិភាពមកចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីជួយទប់ស្កាត់អំពើហិង្សានៅទីក្រុងកាប៊ុល ខណៈដឹងច្បាស់ថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានជិតដួលរលំ ហើយក្រុមតាលី បង់បានចូលលុកលុយក្រុងកាប៊ុល។
រដ្ឋបាលលោកប្រធានាធិបតី Joe Bidenរងការរិះគន់ ខណៈក្រុមបះបោរតាលីបង់បានដណ្តើមយកទីក្រុងសំខាន់ៗក្នុងរយៈពេលប៉ុន្មានថ្ងៃដែលនាំឱ្យមានការរិះគន់ទ្វេភាគីអំពីវិធីសាស្រ្តដកយោធាអាមេរិកចេញ៕