សហរដ្ឋអាមេរិកកំពុងបង្កើនជំនួយមនុស្សធម៌ទៅឲ្យប្រទេសយ៉េម៉ែន ស៊ូដង់ខាងត្បូង នីហ្សេរីយ៉ានិងប្រទេសសូម៉ាលីដើម្បីជួយមនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយអសន្តិសុខម្ហូបអាហារនិងអំពើហិង្សា។
ប្រាក់បន្ថែម៥រយ៧៥លានដុល្លារនៅក្នុងជំនួយមនុស្សធម៌នឹងត្រូវផ្តល់ឲ្យប្រទេស៤នេះតាមការប្រកាសរបស់លោក Mark Green រដ្ឋបាលរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិកនៅឯមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។
ទីភ្នាក់ងារនេះបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ដោយមានថវិកាថ្មីនេះ សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយគ្រាអាសន្ននិងជំនួយជាម្ហូបអាហារ គ្រឿងបរិក្ខាពេទ្យជួយសង្គ្រោះជីវិត ការធ្វើប្រសើរឡើងនូវអនាម័យ កន្លែងស្នាក់នៅក្នុងគ្រាអាសន្នហើយនឹងការពារក្រុមដែលងាយទទួលរង្គ្រោះដែលបានរងផលប៉ះពាល់ដោយសារសង្គ្រាម»។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា «សហរដ្ឋអាមេរិកក៏នឹងផ្តល់ទឹកស្អាតហើយនឹងផ្តល់កម្មវិធីសុខភាពនិងអនាម័យដើម្បីព្យាបាលនិងការពារការផ្ទុះឡើងនូវជំងឺ រួមមានជំងឺអាសន្នរោគដែលបានសម្លាប់មនុស្សនៅក្នុងប្រទេសទាំង៤នោះ។
យោងតាមទីភ្នាក់ងារនោះបានប្រាប់ឲ្យដឹងថា មនុស្សរាប់លាននាក់ត្រូវការជំនួយទាំងនោះនៅក្នុងប្រទេសទាំង៤នោះដោយសារវិបត្តិដែលមនុស្សបង្កើតឡើង។ថវិកាថ្មីៗបំផុតនេះនឹងធ្វើឲ្យជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកទៅឲ្យប្រទេសដែលមានវិបត្តិទាំង៤នោះមានចំនួនទាំងអស់ជិត២ពាន់៥រយលានដុល្លារចាប់តាំងពីចាប់ផ្តើមឆ្នាំសារពើពន្ធ២០១៧នេះមក៕