អាមេរិករឹតបន្តឹងទណ្ឌកម្មប្រឆាំងមេបញ្ជាការកងទ័ព​មីយ៉ាន់ម៉ា​ឬភូមា​

រូបឯកសារ៖ លោក​ Min Aung Hlaing ​មេបញ្ជាការ​យោធា​ភូមា​ថ្លែងអំឡុងពេលពិធីមួយនៅសន្និបាតអន្តរជាតិនៅក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃអង្គារ​បាន​រឹត​បន្តឹង​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មេបញ្ជាការ​កងទ័ព​មីយ៉ាន់ម៉ា​ឬ​ភូមា​ចំពោះ​ការ​សម្លាប់់​រង្គាល​ប្រជាជន​រ៉ូហ៊ីងយ៉ាខណៈ​ប្រទេស​នេះ​កំពុង​និយាយ​ការពារ​ខ្លួន​ប្រឆាំង​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​តុលាការ​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ។​

សហ​រដ្ឋ​អាមេរិក​កាលពី​ខែ​កក្កដា​បាន​ហាម​ឃាត់​មិន​ឱ្យលោក​ Min Aung Hlaing ​មេបញ្ជាការ​យោធា​ភូមា​មក​ស.រ.អា.​ ​ប៉ុន្តែការ​សម្រេច​កាល​ពី​ថ្ងៃអង្គារ​នេះ​ជំរុញ​បន្ថែម​ដោយ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក​នៅ​អាមេរិក​ ហើយ​ការ​ផ្ទេរហិរញ្ញ​វត្ថុ​រវាង​លោក​និង​នរណា​ក៏ដោយនៅ​សហរដ្ឋ​អាមេរិក​គឺ​ជា​បទ​ឧក្រិដ្ឋ។​

ក្រសួង​ហិរញ្ញ​វត្ថុ​ស.រ.អា.​បាន​ដាក់​ទណ្ឌកម្មដូច​គ្នា​ទៅលើ​មេបញ្ជាការ​ជាន់ខ្ពស់​ភូមា​៣​នាក់​ផ្សេង​ទៀត​និង​មនុស្ស​១៤​នាក់​ក្នុង​ប្រទេស​ដទៃ​ទៀត​ដែល​រួមមាន​លោក​គន់ គីម ​និង​សមាជិក​គ្រួសារ​និង​លោក​ឧកញ៉ាទ្រី ភាព​ ​អំឡុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។​

លោក​ Steven Mnuchin​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បានថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​ស.រ.អា.​មិន​អត់​ឱន​ការ​ធ្វើ​ទារុណកម្ម ​ការ​ចាប់​ជម្រិត ​អំពើហិង្សា​ផ្លូវភេទ ​ ឃាតកម្ម ​អំពើ​ព្រៃ​ផ្សៃ​លើ​ជន​ស៊ីវិល​ស្លូតត្រង់​ទេ។​ស.រ.អា.​ជា​មេដឹកនាំ​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ពិភពលោក ហើយ​ស.រ.អា.​នឹង​ឲ្យ​ជន​ល្មើស​ទទួល​ខុស​ត្រូវ៕