អាមេរិក​រឹតបន្ដឹង​ការដាក់​កំហិត​លើ​ក្រុមហ៊ុន Huawei កុំ​ឲ្យ​​ទទួល​បាន​បច្ចេកវិទ្យា និង​បន្ទះ chip

  • ​Reuters

រូបឯកសារ៖ បុរស​ជនជាតិ​ចិន​ម្នាក់ កំពុង​ឈរ​នៅ​ក្បែរ​ហាង Huawei ដែល​ផ្សព្វផ្សាយ​សេវាកម្ម 5G នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋបាល​នេះ ​ក៏​នឹង​ដាក់​បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​ឧបសម្ព័ន្ធ​របស់​ក្រុមហ៊ុន Huawei ចំនួន ៣៨ នៅ​ក្នុង​បណ្ដា​ប្រទេស​ចំនួន ២១ ទៅ​ក្នុង​បញ្ជី​ខ្មៅ​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផង​ដែរ។

រដ្ឋបាល​លោក​ប្រធានាធិបតី​ Trump បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ដ​រឹតបន្ដឹងការ​ដាក់​កំហិត​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei Technologies Co ​របស់​ចិន​ ក្នុង​គោល​បំណង​រារាំង​កុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​បាន​បន្ទះ chip ដែល​មាន​លក់​នៅ​ទីផ្សារ​បាន។

វិធានការទាំង​នេះ​របស់​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ដែល​ដំបូង​ឡើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នឹង​ពង្រីក​ការ​រឹតត្បិត​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​ឧសភា ដែល​មាន​គោលបំណង​ទប់ស្កាត់​មិន​ឲ្យ​មហា​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ចិន​មួយ​នេះ អាច​ទទួល​បានបន្ទះ​ semiconductor ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពិសេស​បាន​ទេ ដែល​នោះ​រួម​មាន​ទាំង​បន្ទះ chip ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បរទេស ដែល​ត្រូវ​បាន​ផលិត​ជាមួយ​នឹង​កម្មវិធី ឬ​ បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិកផង​ដែរ។ ​

រដ្ឋបាល​នេះ ​ក៏​នឹង​ដាក់​បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​ឧបសម្ព័ន្ធ​របស់​ក្រុមហ៊ុន Huawei ចំនួន ៣៨ នៅ​ក្នុង​បណ្ដា​ប្រទេស​ចំនួន ២១ ទៅ​ក្នុង​បញ្ជី​ខ្មៅ​ផ្នែក​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រភព​ព័ត៌មាន​នានា។ ការ​ដាក់​បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​បន្ថែម​ទៀត​នេះ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឧបសម្ព័ន្ធ​របស់​ក្រុមហ៊ុន Huawei ​ក្នុងបញ្ជី​ខ្មៅ​អាមេរិក​សរុប​មាន​ចំនួន ១៥២ ចាប់​តាំង​ពី​ចាប់​ផ្ដើម​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៩​មក។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​លោក Wilbur Ross បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ Fox Business ថា ​ការ​ដាក់​កំហិត​លើ​បន្ទះ chip ដែល​ច្នៃ​ដោយ​ក្រុមហ៊ុន Huawei កាល​ពី​ខែ​ឧសភា «បាន​បង្ក​ឲ្យ​ពួកគេ​ចាត់​វិធានការ​បំពាន​មួយ​ចំនួន»។

លោក Ross ថ្លែង​ថា៖ «ពួកគេ​បាន​ទៅ​រក​ភាគី​ទី​បី។ បទបញ្ញត្តិ​ថ្មី​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ប្រើប្រាស់​កម្មវិធី ឬ​ឧបករណ៍​របស់​អាមេរិក ត្រូវ​បាន​ហាមឃាត់ ឬ​តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ»។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ថ្លែង​ថា ការ​ផ្លាស់ប្ដូរ​បទបញ្ជា​ថ្មី​នេះ «នឹង​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន Huawei បំពាន​ច្បាប់​អាមេរិក តាមរយៈ​ការ​ផលិត chip តាម​វិធី​ផ្សេង និង​ការ​ទទួល​បាន​បន្ទះ​ chip ដែល​ផលិត​ហើយ​ស្រាប់»។ លោក​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖ «ក្រុមហ៊ុន Huawei នៅ​តែ​ព្យាយាម​បំពាន​នឹង​ការ​ដាក់​កំហិត​របស់​សហរដ្ឋអាមេរិក ដែល​បាន​ដាក់​កាល​ពី​ខែ​ឧសភា»។

ក្រុមហ៊ុន Huawei មិន​ទាន់​ផ្ដល់​អត្ថាធិប្បាយ​អ្វី​ភ្លាមៗ​អំពី​បញ្ហា​នេះ​នៅឡើយ​ទេ៕