កីឡាការនី​សហរដ្ឋ​អាមេរិក​ទទួល​បាន​មេដាយ​មាស​ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រេស៊ីល

អ្នកឈ្នះមេដាយក្នុងកីឡាអូឡាំពិកជាច្រើនដងលោក Michael Phelps ដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិកក្នុងការបើកសម្ភោធកីឡាអូឡាំពិក។

កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio ប្រទេស​ប្រេស៊ីល កំពុង​ដំណើរ​ការ​ហើយ ដោយ​គេ​ឃើញ​មាន​កីឡា​ផ្សេងៗ​ចាប់ផ្ដើម​ប្រកួត​ដូចជា កីឡា​ប្រណាំង​កង់ កីឡា​បាល់ទះ​នៅ​ឆ្នេរ​ខ្សាច់ កីឡា​ប្រដាល់ និង​កីឡា​ហែលទឹក ក្នុង​ចំណោម​ការ​ប្រកួត​កីឡា​ផ្សេងៗ​ជាច្រើន​ទៀត បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។

កីឡាការនី Ginny Thrasher វ័យ ១៩ ឆ្នាំ ទទួល​បាន​មេដាយ​មាស​នៅ​ក្នុង​ការ​ប្រកួត​កីឡា​បាញ់​កាំភ្លើង​វែង​ស្ត្រី ដោយ​យក​ឈ្នះ​គូ​ប្រកួត​ជនជាតិ​ចិន​ពីរ​នាក់​ផ្សេង​ទៀត គឺ​កីឡាការនី Du li និង​កីឡាការនី Yi Siling។ មេដាយ​មាស​នេះ​ជា​មេដាយ​មាស​ទទួល​បាន​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ ឆ្នាំ ២០១៦ នេះ។

រីឯ​ក្រុម​កីឡា​ហែល​ទឹក​វិញ កីឡាការនី Katie Ledecky ទទួល​បាន​មេដាយ​ប្រាក់​នៅ​ក្នុង​ការ​ប្រកួត​ហែល​ទឹក​សេរី​ចម្ងាយ ១០០ ម៉ែត្រ ៤ ត្រឡប់។ កីឡាការនី​ជនជាតិ​អូស្ត្រាលី​បាន​បំបែក​ឯកគទ្ទកម្ម​ពិភពលោក ដោយ​ឈ្នះ​ក្នុង​ថេរវេលា ៣ នាទី ៣០,៦៥ វិនាទី។

ប្រធានាធិបតី​ស្តីទី​ប្រទេស​ប្រេស៊ីល​លោក Michel Temer បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​ប្រកួត​កីឡា​អូឡាំពិក​នេះ ជាមួយ​នឹង​វត្តមាន​របស់​ប្រមុខ​រដ្ឋ​ផ្សេងៗ​ទៀត​ដូចជា​លោក​ប្រធានាធិបតី​បារាំង Francois Hollande និង​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី Matteo Renzi ជាដើម។

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerryនិង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Ban Ki-moon រួម​ទាំង​អ្នក​តំណាង​រដ្ឋាភិបាល​ប្រទេស​ជាង ២០ ផ្សេង​ទៀត ក៏​មាន​វត្តមាន​នៅ​ក្នុង​ពិធី​បើក​នោះ​ដែរ៕