សហរដ្ឋ​អាមេរិក​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​ប្រទេស​ភាគ​ច្រើន​នៅ​ទូទាំង​ពិភពលោក​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី

រូបឯកសារ៖ អ្នកធ្វើដំណើរម្នាក់នៅព្រលានយន្តហោះ Warsaw Chopin ក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ពុធ សហរដ្ឋ​អាមេរិក​បាន​ផ្អាក​សេវា​ផ្ដល់​ទិដ្ឋាការ​ជា​ប្រចាំ​ទាំង​អស់​នៅ​តាម​ប្រទេស​ភាគ​ច្រើន​នៅ​ទូទាំង​ពិភពលោក ដោយសារតែ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី ឬ COVID-19។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។ នេះ​គឺ​ជា​វិធានការ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​នឹង​អាច​ប៉ះពាល់​ដល់​មនុស្ស​រាប់​សែន​នាក់។

ក្រសួង​ការបរទេស​មិន​បាន​បញ្ជាក់​អំពី​ថា​តើ​ប្រទេស​ណា​ខ្លះ និង​ចំនួន​ប៉ុន្មាន​នោះ​ទេ​ដែល​សហរដ្ឋ​អាមេរិក​ផ្អាក​សេវា​ផ្ដល់​ទិដ្ឋាការ​នេះ ប៉ុន្តែ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​យ៉ាង​តិច ៦ ដូចជា​កូរ៉េ​ខាង​ត្បូង អាហ្វ្រិក​ខាង​ត្បូង អាល្លឺម៉ង់ និង​អេស្ប៉ាញ​ជា​ដើម បាន​ប្រកាស​នៅ​លើ​វិបសាយ​របស់​ខ្លួន​ថា ពួកគេ​បាន​ផ្អាក ឬ​ក៏​កាត់​បន្ថយ​យ៉ាង​ច្រើន​នូវ​សេវា​ផ្ដល់​ទិដ្ឋាការ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បញ្ជាក់​ដូច្នេះ​ថា ស្ថានទូត និង​ស្ថាន​កុងស៊ុល​នានា​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​បាន​ផ្អាក​ការ​សម្ភាសន៍​ទិដ្ឋាការ​ទាំង​អន្តោប្រវេសន៍ និង​មិន​មែន​អន្តោប្រវេសន៍​នៅ​ត្រឹម​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ ២០២០។

អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បន្ត​ទៀត​ថា ស្ថានទូត និង​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​នៅ​បរទេស នឹង​នៅតែ​បន្ត​ផ្ដល់​សេវា​ទិដ្ឋាការ​សម្រាប់​ស្ថានការណ៍​បន្ទាន់​នានា​ដដែល «នៅ​ពេល​ដែល​មាន​ធនធាន​គ្រប់គ្រាន់» និង​បាន​បន្ថែម​ថា សេវា​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​គឺ​មិន​ផ្អាក​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នោះ​និយាយ​ដូច្នេះ​ថា៖ «ស្ថានទូត​ទាំង​នេះ​នឹង​បន្ត​សេវា​ផ្ដល់​ទិដ្ឋាការ​នេះ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ប៉ុន្តែ​មិន​ទាន់​អាច​ផ្ដល់​កាល​បរិច្ឆេទ​ឲ្យ​បាន​ជាក់លាក់​នៅ​ឡើយ​ទេ»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា វិធានការ​នេះ​នឹង​មិន​ប៉ះពាល់​ដល់​កម្មវិធី​លើកលែង​ទិដ្ឋាការ​នោះ​ទេ។ កម្មវិធី​លើកលែង​ទិដ្ឋាការ​នេះ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ភាគ​ច្រើន​នៃ​បណ្ដា​ប្រទេស​ដែល​បញ្ចូល​ក្នុង​កម្មវិធី​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​បាន​រយៈពេល ៩០ ថ្ងៃ ឬ​ក៏​តិច​ជាង​នេះ សម្រាប់​ការ​ធ្វើ​ទេសចរណ៍ ឬ​ក៏​អាជីវកម្ម ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ៕