តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានរារាំងការខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកហើយរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបញ្ចប់កម្មវិធីដែលការពារកុំឲ្យនិរទេសជនអន្តោប្រវេសន៍រាប់សែននាក់ដែលគ្មានក្រដាសស្នាមដែលត្រូវបាគេនាំមកកាន់សហរដ្ឋអាមេរិកនៅពេលនៅជាកូនក្មេង។
ការសម្រេចដ៏ភ្ញាក់ផ្អើលដោយសំឡេង៥ទល់នឹង៤ ដែលត្រូវបានសរសេរដោយលោក John Roberts ប្រធានចៅក្រមអភិរក្សនិយមរបស់តុលាការកំពូល និងបានចូលរួមដោយពួកចៅក្រមសេរីនិយម៤នាក់ទៀតរបស់តុលាការកំពូល មានន័យថា កម្មវិធីដែលគេស្គាល់ថា ការមកដល់របស់កូនក្មេងនៅសហរដ្ឋអាមេរិកឬហៅថា DACA នឹងស្ថិតនៅជាធរមាននៅពេលអនាគត ដោយអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ដែលគ្មានក្រដាសស្នាមចំនួន៧សែននាក់រស់នៅនិងធ្វើការនៅក្នុងសហរដ្ឋអាមេរិក។
កម្មវិធីនេះបានបង្កើតឡើងនៅឆ្នាំ២០១២ តាមរយៈបទបញ្ជារបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ អ្នកទទួលបានកម្មវិធី DACA ដែលគេហៅថា «អ្នកសុបិន្តឬ Dreamer» ហើយភាគច្រើនមកពីប្រទេសម៉ិកស៊ិក និងតំបន់អាមេរិកកណ្តាល ត្រូវបានអនុញ្ញាតឲ្យទទួលបានអត្ថប្រយោជន៍ដូចជាការធានារ៉ាប់រងខាងសុខភាពនិងប័ណ្ណបើកបរ។
ក៏ប៉ុន្តែ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានធ្វើយុទ្ធនាការបញ្ចប់កម្មវិធី DACA និងជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងប្រទេស បានបញ្ជាឲ្យក្រសួងសន្តិសុខមាតុភូមិនៅឆ្នាំ២០១៧ បញ្ឈប់កម្មវិធីនោះ ដោយបានហៅវាថា «ខុសច្បាប់»។ ការជំទាស់ប្រឆាំងខាងផ្លូវច្បាប់ដល់ការសម្រេចដើម្បីបញ្ចប់កម្មវិធី DACA បានត្រូវធ្វើនៅតាមតុលាការសហព័ន្ធនៅក្នុងរដ្ឋជាច្រើន បានបណ្តាលឲ្យមានការប្តឹងឧទ្ធរណ៍របស់រដ្ឋបាលប្រធានាធិបតី ត្រាំ ទៅតុលាការកំពូល៕