រដ្ឋបាលលោកប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគាំទ្រកម្មវិធីផ្តួចផ្តើម COVAX ដែលជាយន្តការសកលមួយ មានគោលបំណងចែកចាយវ៉ាក់សាំងកូវីដ ដល់ប្រទេសក្រីក្រនានា ប៉ុន្តែបានទទួលស្គាល់ថា ខ្លួនមិនបានបង្កើនកញ្ចប់ថវិកាឲ្យលើសពីចំនួន ៤ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តកាលពីខែធ្នូឆ្នាំមុន សម្រាប់ភាពជាដៃគូផ្នែកសុខភាពសកលរវាងរដ្ឋនិងវិស័យឯកជន ហៅថាសម្ព័ន្ធវ៉ាក់សាំង (Gavi) ដែលដឹកនាំរួមគ្នាជាមួយនឹងកម្មវិធី COVAX។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានឆ្លើយសំណួររបស់វីអូអេ ក្នុងសម្តីដើមថា៖ «យើងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់យើង ចំពោះកម្មវិធី COVAX ហើយខ្ញុំគ្មានព័ត៌មានអ្វីពាក់ព័ន្ធនឹងការបន្ថែមថវិកា ដើម្បីប្រកាសនៅថ្ងៃនេះទេ»។
កាលពីថ្ងៃទី២១ ខែមករា មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Joe Biden ចូលកាន់តំណែងសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងចូលរួមក្នុងកម្មវិធី COVAX បានចូលរួមឡើងវិញនៅក្នុងអង្គការសុខភាពពិភពលោក។ កាលពីខែកក្កដា ឆ្នាំ២០២០ អតីតប្រធានាធិបតីលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីអង្គការនេះជាផ្លូវការ ដោយបានចោទប្រកាន់អង្គការនេះថា ជាអាយ៉ងរបស់ប្រទេសចិន នៅអំឡុងពេលជំងឺរាតត្បាតនេះ។
លោក Biden បានលើកឡើងពីសារនៃការធ្វើការងាររួមគ្នាជាមួយសហគមន៍អន្តរជាតិ នៅក្នុងសុន្ទរកថាស្តីពីគោលនយោបាយការបរទេស របស់លោក កាលពីថ្ងៃព្រហស្បតិ៍។
លោក Biden បានថ្លែងដូច្នេះថា៖ «យើងក៏បានចូលរួមជាមួយអង្គការសុខភាពពិភពលោកឡើងវិញផងដែរ។ ដូច្នេះ យើងអាចបង្កើតការត្រៀមលក្ខណៈជាសកលល្អជាងមុន ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ព្រមទាំងការពារនិងទប់ស្កាត់ការរាតត្បាតនៅថ្ងៃអនាគត ព្រោះថាវានឹងកើតឡើងកាន់តែច្រើន»។
រដ្ឋបាលនេះនៅតែផ្តល់ព័ត៌មានបន្តិចបន្តួចអំពីវិសាលភាពនិងទំហំនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកម្មវិធី COVAX ក្រៅតែពីគម្រោងផ្តួចផ្តើមបទបញ្ជាសន្តិសុខជាតិ ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី២១ ខែមករា ដែលជាគម្រោងផ្តួចផ្តើម ដើម្បីបញ្ជាក់ពីភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងការឆ្លើយតបនឹងការរាតត្បាតសកល។
បទបញ្ជានេះណែនាំឲ្យក្រុមមន្រ្តីលើកឡើងពីក្របខណ្ឌ ដើម្បីផ្តល់វ៉ាក់សាំងដែលលើសពីតម្រូវការក្នុងស្រុកទៅឲ្យប្រទេសនានា ដែលត្រូវការចាំបាច់រួមទាំងតាមរយៈកម្មវិធី COVAX ផងដែរ។
អ្វីទៅជាកម្មវិធី COVAX?
COVAX គឺជាកម្មវិធីផ្តួចផ្តើមសកលដែលដឹកនាំរួមគ្នាដោយអង្គការសុខភាពពិភពលោក (WHO)សម្ព័ន្ធវ៉ាក់សាំង (Gavi) និងសម្ព័ន្ធភាពនវានុវត្តន៍សម្រាប់ត្រៀមប្រឆាំងនឹងការរីករាលដាលជំងឺរាតត្បាត។ គម្រោងនេះមានគោលដៅផ្គត់ផ្គង់វ៉ាក់សាំង ២ ពាន់លានដូស ទៅពលរដ្ឋនៅក្នុងប្រទេសដែលមានចំណូលទាបត្រឹមដំណាច់ឆ្នាំ ២០២១។
ស្របពេលដែលប្រទេសអ្នកមានទិញវ៉ាក់សាំងស្តុកទុក សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនកម្មវិធី COVAX មានគោលបំណងធានាឲ្យបានថា ប្រទេសក្រីក្រអាចផ្តល់វ៉ាក់សាំងយ៉ាងហោចណាស់ឲ្យបាន ២០ ភាគរយនៃពលរដ្ឋរបស់ខ្លួន។
កាលពីថ្ងៃពុធសប្តាហ៍មុន កម្មវិធី COVAX បានប្រកាសពីការព្យាករណ៍នៃការចែកចាយកញ្ចប់វ៉ាក់សាំងជាលើកដំបូងរបស់ខ្លួន។
លោក Seth Berkley នាយកប្រតិបត្តិសម្ព័ន្ធវ៉ាក់សាំងបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ក្នុងពេលឆាប់ៗនេះ យើងនឹងមានលទ្ធភាពបញ្ជូនវ៉ាក់សាំងសង្គ្រោះជីវិតនៅទូទាំងសកលលោក ដែលនេះគឺជាលទ្ធផលដ៏សំខាន់មួយ ប្រសិនបើយើងមានឱកាសអាចយកឈ្នះការរាតត្បាតនេះបាន»។
យោងតាមទិន្នន័យនៃការព្យាករណ៍ជាបណ្តោះអាសន្នរបស់កម្មវិធី COVAX ការចែកចាយកញ្ចប់វ៉ាក់សាំងដំបូង នឹងមានវ៉ាក់សាំង AstraZeneca ចំនួន ៣៣៦ លានដូសនៅឆមាសទី ១ ក្នុងឆ្នាំនេះ និងវ៉ាក់សាំង Pfizer-BioNTech ចំនួន ១,២ លានដូសសម្រាប់ត្រីមាសដំបូង។
វ៉ាក់សាំងចំនួន ១,២ លានដូស គឺជាផ្នែកមួយនៃវ៉ាក់សាំង Pfizer ចំនួន ៤០ លានដូស ដែលត្រូវបានសន្យាថា នឹងផលិតឲ្យកម្មវិធី COVAX នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងមានកាតព្វកិច្ចផលិតវ៉ាក់សាំងឲ្យប្រទេសនីមួយៗ រួមទាំងវ៉ាក់សាំងចំនួន ២០០ លានដូស ដែលខ្លួនបានសន្យាថា នឹងផលិតសម្រាប់សហរដ្ឋអាមេរិកនៅត្រឹមខែកក្កដា។
លោក Berkley បានសម្តែងការខកចិត្តដែលកម្មវិធី COVAX បានទទួលវ៉ាក់សាំងតិចតួចប៉ុណ្ណោះពីក្រុមហ៊ុន Pfizer។
លោកបានថ្លែងលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងឲ្យផលិតឲ្យបានច្រើនឆាប់បំផុត ដើម្បីធានាដល់ការចែកចាយវ៉ាក់សាំងនៅទូទាំងសកលលោក។ លោកបានថ្លែងដូច្នេះថា៖ «ពិតណាស់យើងចង់បានវ៉ាក់សាំង Pfizer-BioNTech បន្ថែមទៀត។ នេះគឺជាចំនួនដែលគេអាចផ្តល់ឲ្យយើង»។
កម្មវិធី COVAX គឺជាផ្នែកមួយនៃវិធានការពន្លឿនរបស់អង្គការសុខភាពពិភពលោក ដែលជាកិច្ចសហការសកលមួយ ដើម្បីពន្លឿនការអភិវឌ្ឍផលិតកម្មនិងសមភាពនៃការទទួលបានការធ្វើតេស្តការព្យាបាល និងវ៉ាក់សាំងកូវីដ១៩។
ជំហានទី១
ខណៈប្រទេសដែលត្រូវទទួលបានវ៉ាក់សាំងស្វាគមន៍កម្មវិធីនេះ ចំនួនវ៉ាក់សាំងសរុបដែលស្ថិតក្រោមកម្មវិធី COVAX អាចផ្តល់ជាមធ្យមបានតែ ៣,៣ ភាគរយ ប៉ុណ្ណោះនៃចំនួនពលរដ្ឋសរុបរបស់ប្រទេស ដែលចូលរួមក្នុងកម្មវិធីនេះ ដែលជាជំហានទី ១ នៅក្នុងគោលដៅនៃការចែកចាយវ៉ាក់សាំងចំនួន ២០ ភាគរយ ដល់ពលរដ្ឋនៅក្នុងប្រទេសមានប្រាក់ចំណូលទាបចំនួន ៩២ ប្រទេសឲ្យបានត្រឹមចុងឆ្នាំ ២០២១។ ភាគច្រើននៃប្រទេសទាំងនេះស្ថិតនៅក្នុងទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន។
លោក Bruce Gellin នាយកផ្នែកការចាក់ថ្នាំបង្កាសកលនៃវិទ្យាស្ថានវ៉ាក់សាំង Sabin បានថ្លែងថា៖ «ពួកគេនឹងទទួលបានវ៉ាក់សាំងបន្ថែមទៀត ហើយយើងនឹងទទួលបានវ៉ាក់សាំងកាន់តែច្រើនថែមទៀតពីកម្មវិធី COVAX»។
លោក Gellin បានថ្លែងបន្តទៀតថា៖ «នេះជាវ៉ាក់សាំងដែលមាននៅក្នុងដៃ។ ពួកគេអាចគ្រប់គ្រងនិងចាប់ផ្តើមព្យាករណ៍លើការចែកចាយដំបូង ដូច្នេះប្រទេសនានាអាចចាប់ផ្តើមធ្វើផែនការបាន»។
ផែនការយុទ្ធសាស្រ្តចាក់ថ្នាំបង្កានឹងរួមបញ្ចូលទាំងការរក្សាទុកការចែកចាយ និងពីវិធីពន្យល់ដល់អ្នកដែលមិនទាន់ហ៊ានចាក់វ៉ាក់សាំង។
ដើម្បីអាចសម្រេចតាមគោលដៅ កម្មវិធី COVAX នឹងចាំបាច់ត្រូវដោះស្រាយបញ្ហាទាំងការខ្វះខាតលើការផ្គត់ផ្គង់ និងថវិកាផងដែរ។ កម្មវិធី COVAX ថា ខ្លួនចាំបាច់ត្រូវការថវិកាចំនួន ៤,៩ ពាន់លានដុល្លារ បន្ថែមពីលើថវិកាចំនួន ២,១ ពាន់លានដុល្លារ ដែលខ្លួនបានរៃអង្គាសរួចហើយ៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា