ក្រសួងការពារប្រទេសស.រ.អា.បាននិយាយកាលពីថ្ងៃចន្ទថា កងយោធាស.រ.អា.បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងទីដៅរបស់ពួករដ្ឋឥស្លាម នៅក្នុងប្រទេសលីប៊ី។
បើតាមពួកមន្ត្រីស.រ.អា.និងលីប៊ីបានឲ្យដឹងថា ការវាយប្រហារទាំងនេះបានត្រូវធ្វើឡើងនៅក្នុងសំបុកពួករដ្ឋឥស្លាម នៅ Sirte តាមសេចក្តីស្នើសុំរបស់រដ្ឋាភិបាលលីប៊ី តាមកិច្ចព្រមព្រៀងជាតិដែលគាំទ្រដោយអ.ស.ប.ដែលហៅកាត់ថា GNA។
ក្រសួងការពារប្រទេសអាមេរិកនិយាយថា លោកប្រធានាធិបតីបានអនុញ្ញាតឱ្យមានការវាយប្រហារទាំងនេះដើម្បីគាំទ្រកងកម្លាំងដែលមានចំណងទាក់ទងជាមួយរដ្ឋាភិបាល GNA នៅក្រោយលោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. Ash Carter និងលោកឧត្តមសេនីយ៍ Joe Dunford ប្រធានក្រុមនាយអគ្គសេនាធិការចម្រុះនៃកងយោធពលស.រ.អា.បានផ្តល់អនុសាសន៍ឱ្យវាយប្រហារ។
លោក Peter Cook លេខាធិការទទួលបន្ទុកផ្នែកព័ត៌មាននៃក្រសួងការពារប្រទេសស.រ.អា.បាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាសមួយបានត្រូវចំរថក្រោះមួយគ្រឿងរបស់ពួករដ្ឋឥស្លាម ដែលបានវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងកងកម្លាំងមានចំណងទាក់ទងជាមួយរដ្ឋាភិបាល GNA និងបានយកពួកជនស៊ីវិលជាទីដៅនៃការវាយប្រហារនៅក្នុងតំបន់នោះ។ ការវាយប្រហារតាមអាកាសមួយទៀតបានត្រូវចំយានយន្តពីរគ្រឿងរបស់ពួករដ្ឋឥស្លាម។
ក្រសួងការពារប្រទេសស.រ.អា.បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់ស.រ.អា.នឹងបន្តលើទីដៅកងកម្លាំងរដ្ឋឥស្លាម ក្នុងក្រុង Sirte ដើម្បីធ្វើឱ្យរដ្ឋាភិបាល GNA អាចធ្វើការទៅមុខដោយដាច់ណាត់និងប្រកបដោយយុទ្ធសាស្ត្រផង និងជួយកុំឱ្យពួករដ្ឋឥស្លាម មានកន្លែងជ្រាកកោនសុខសាន្តមួយនៅក្នុងប្រទេសលីប៊ី ដែលពូកគេអាចវាយប្រហារស.រ.អា.និងពួកសម្ព័ន្ធមិត្តរបស់អាមេរិកាំងចេញពីប្រទេសនេះ។លោក Cook បាននិយាយថា៖ «យើងចង់វាយប្រហារពួករដ្ឋឥស្លាម នៅកន្លែងណាដែលពួកវាងើបក្បាលឡើង»៕