ក្រុម​ប្រតិបត្តិ​នាវា​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅ​កាន់​កូរ៉េ​ខាង​ជើង

យន្តហោះ​ម៉ាក F18 របស់​កងទ័ព​ជើង​ទឹក​អាមេរិក​ចុះ​ចត​នៅ​លើ​នាវា USS Carl Vinson បន្ទាប់​ពី​ធ្វើ​ការ​ត្បាត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ក្រុម​ប្រតិបត្តិ​នាវា​ជើង​ទឹក​របស់​ខ្លួន​ទៅ​កាន់​ឧបទ្វីប​កូរ៉េ ដើម្បី​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ទី​នោះ និង​ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​កាល​ពី​សប្ដាហ៍​មុន បាន​ធ្វើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន ទោះបីជា​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ហាម​ឃាត់​ការ​សាកល្បង​ដូច​នេះ​ក៏​ដោយ។

ក្រុម​ប្រតិបត្តិ​នាវា​ជើង​ទឹក​ដែល​មាន​ឈ្មោះ​ថា Carl Vinson នេះ បាន​ឈប់​សំចត​រយៈពេល​ខ្លី​នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​មាន​គម្រោង​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​នៅ​ពេល​នោះ​ត្រូវ​បាន​ទីបញ្ជាការ​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​បញ្ជា​ឲ្យ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទិស​ខាង​ជើង​វិញ។

លោក​មេបញ្ជាការ Dave Benham ប្រធាន​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ក្រុម​នាវា​ជើង​ទឹក​ទី ៣ របស់​ទីបញ្ជាការ​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​ប្រាប់ VOA ថា៖ «ក្រុម​នាវា​ជើង​ទឹក​ទី ៣ នេះ មាន​ប្រតិបត្តិការ​ទៅ​មុខ​ក្នុង​គោល​បំណង​មួយ​គឺ​ដើម្បី​ការពារ​ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច»។

លោក​បាន​បន្ថែម​ថា៖ «ការ​គំរាម​កំហែង​ទី​មួយ​នៅ​ក្នុង​តំបន់ គឺ​កូរ៉េ​ខាង​ជើង​ដដែល ដោយសារតែ​ប្រទេស​នេះ មាន​កម្មវិធី​សាកល្បង​មីស៊ីល​ដែល​ព្រហើន ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​បង្ក​ភាព​វឹកវរ និង​ថែម​ទាំង​មាន​គោល​បំណង​បន្ត​សម្រេច​ឲ្យ​បាន​នូវ​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទៀត​ផង»។

នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ប្រទេស​ខាង​ជើង បាន​ដកស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​មួយ​រូប ដែល​បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​នឹង​បង្កើន​សមត្ថភាព​ការពារ​ប្រទេស​របស់​ខ្លួន ដើម្បី​ការពារ​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស ដូច​នឹង​ការ​វាយ​ប្រហារ​ដែល​សហរដ្ឋ​អាមេរិក​បាន​អនុវត្ត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ៕