កាលពីព្រឹកថ្ងៃសុក្រនេះ កងយោធាស.រ.អា.បានបាញ់កាំជ្រួចមីស៊ីលជាច្រើនគ្រាប់ជាការឆ្លើយតបដល់ការវាយប្រហារដោយអាវុធគីមីគួរឱ្យប្រល័យដែលបានត្រូវបន្ទោសលើកងកម្លាំងរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad។ ការវាយប្រហារដោយអាវុធគីមីនេះបានបណ្តាលឱ្យជនស៊ីវិលប្រមាណ១០០នាក់ស្លាប់។ នេះជាការវាយលុកលើកទីមួយដោយផ្ទាល់របស់ស.រ.អា.លើកងកម្លាំងរដ្ឋាភិបាលស៊ីរី។
ប្រទេសរុស្ស៊ីដែលបានផ្តល់ពួកទាហាន និងការគាំទ្រខាងអាកាសដល់រដ្ឋាភិបាល Assad បានថ្កោលទោសសកម្មភាពយោធារបស់ស.រ.អា.នេះ ដោយបានហៅសកម្មភាពនេះថាជា «អំពើឈ្លានពានប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ» ហើយបាននិយាយថា ពួកគេព្យួរអនុស្សារណៈនៃការយោគយល់មួយរវាងប្រទេសរុស្ស៊ី និងស.រ.អា.សម្រាប់សុវត្ថិភាពនៃការហោះហើរលើប្រទេសស៊ីរី។
កាំជ្រួចមីស៊ីលធុន Tomahawk ៥៩គ្រឿងបានត្រូវបាញ់បង្ហោះនៅរវាងម៉ោង៤និង៤០នាទីព្រឹក ម៉ោងក្នុងស្រុក ពីនាវាពិឃាតនៃកងទ័ពជើងទឹកស.រ.អា.ឈ្មោះ USS Ross និង USS Porter ដែលបានត្រូវបញ្ជូនទៅកាន់សមុទ្រមេឌីទែរ៉ាណេ ភាគខាងកើត។ ពួកមន្ត្រីស.រ.អា.បានថ្លែងថាការបាញ់កាំជ្រួចមីស៊ីលទាំងនេះមានរយៈពេលពីបីទៅបួននាទី។
គេបាននិយាយថា កងកម្លាំងស.រ.អា.បានយកវាលយន្តហោះ Shayrat ក្នុងប៉ែកខាងលិចនៃប្រទេសស៊ីរីជាទីដៅនៃការវាយប្រហារនេះជាការសងសឹកដល់ការវាយប្រហារដោយអាវុធគីមីដែលពួកមន្ត្រីអាមេរិកាំងមានជំនឿថាកងយន្តហោះរដ្ឋាភិបាលបានវាយប្រហារលើក្រុងមួយកាន់កាប់ដោយពួកឧទ្ទាមជាមួយឧស្ម័នពុល។
មន្ត្រីម្នាក់នៃកងទ័ពជើងទឹកស.រ.អា.បាននិយាយប្រាប់ VOA ថាវាលយន្តហោះនេះបានត្រូវយកជាទីដៅនៃការវាយប្រហារពីព្រោះមានទំនងខ្លាំងបំផុតថាវាលយន្តហោះនេះបានត្រូវប្រើប្រាស់ដើម្បីបើកធ្វើការវាយប្រហារដោយអាវុធគីមីកាលពីថ្ងៃអង្គារ៕