សហរដ្ឋ​អាមេរិក​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​តាម​រយៈ​កម្មវិធី​សិក្សា​ថ្មី​មួយ

ក្រុមទីមួយនៃអ្នកចូលរួម​កម្មវិធី US-ASEAN Institutes for Rising Leaders បាន​ទទួល​ការស្វាគមន៍​យ៉ាងកក់​ក្តៅ​ពី​សាលា​សិក្សា​ជាន់ខ្ពស់​អំពី​អន្តរជាតិ SAIS នៃ​សាកល​វិទ្យាល័យ John Hopkins ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ (ប៉ូច រាសី/វីអូអេ)

សម្រាប់​អ្នកចូលរួម​៣១នាក់​មក​ពី​ប្រទេស​អាស៊ាន​ទាំង១០ សីហា មិនមែន​ជាខែ​ដែល​ពួកគេ​កំពុងធ្វើ​វិស្សមកាល​ទេ។ ផ្ទុយ​ទៅវិញ​ពួកគេ​កំពុង​ជួប​ជាមួយ​ក្រុមមន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​ក្រុមមេដឹកនាំ​ជំនួញ ដើម្បី​ហ្វឹកហាត់​និង​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ដូចជា ថាមពល បច្ចេកវិទ្យា​ថ្មីៗ សុខភាព​សាធារណៈ និង​បញ្ហា​សន្តិសុខ​ជាដើម។ លោក Joshua White ជា​នាយក​នៃ​កម្មវិធី​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​អាស៊ាន​សម្រាប់​ក្រុម​មេដឹកនាំ​កំពុង​លេច​មុខ ឬ US-ASEAN Institute for Rising Leaders Fellowship

លោក Joshua White ជា​នាយក​នៃ​កម្មវិធី​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​អាស៊ាន​សម្រាប់​ក្រុម​មេដឹកនាំ​កំពុង​លេច​មុខ ឬ US-ASEAN Institutes for Rising Leaders ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​សា្វគមន៍​អ្នកចូលរួម​ទាំង​៣១នាក់​នៅឯ​កន្លែង​ទទួលភ្ញៀវ​នៅ​លើ​ដំបូល​សាលា​សិក្សា​ជាន់ខ្ពស់​អំពី​អន្តរជាតិ SAIS នៃ​សាកល​វិទ្យាល័យ John Hopkins​នៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ (ប៉ូច រាសី/វីអូអេ)

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា​អ្វី​ដែល​ពិសេស​អំពី​កម្មវិធី​នេះ គឺ​យើង​មាន​ក្រុមមន្ត្រី​រដ្ឋាភិបាល​ដែល​មាន​បទពិសោធន៍​លើស​ពី១០ឆ្នាំ ដែល​ជាអ្នកដឹកនាំ​ក្នុង​ជំនាញ​របស់​ពួកគេ​រួចជាស្រេច​ទៅ​ហើយ។ អ្នកខ្លះ​លេច​មុខ​នៅក្នុង​បទពិសោធន៍​របស់​ពួកគេ មុនពេល​ពួកគេ​មក​ចូលរួមក្នុង​កម្មវិធី​៤​សប្តាហ៍ ដែល​ជា​កម្មវិធី​សិក្សា​សាលា​យ៉ាងប្រកដប្រជា និង​ឱកាស​ជួប​ជាមួយ​ក្រុមមន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មន្ត្រី​មក​ពី​ធនាគារ​ពិភពលោក ព្រមទាំង​ក្រុមមេដឹកនាំ​ក្នុង​វិស័យ​ឯកជន‍»។

លោក Marc Mealy ជា​ប្រធាន​គោលនយោបាយ និង​អនុប្រធាន​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន ដែល​មាន​ទីស្នាក់ការ​កណ្តាល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ នៅក្នុង​ពិធី​សម្ពោធ​កម្មវិធី​នេះ លោក​បាន​ប្រាប់​ក្រុមអ្នក​ចូលរួម​ក្នុង​កម្មវិធី​ថា ចំណង​ទាក់ទង​រវាង​ពលរដ្ឋ​មាន​សារៈសំខាន់​ក្នុង​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​សមាគម​អាស៊ាន។

លោក Marc Mealy ប្រធាន​គោលនយោបាយ និង​អនុប្រធាន​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-អាស៊ាន ដែល​មាន​ទីស្នាក់ការ​កណ្តាល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្លែង​ទៅកាន់​អ្នកចូលរួម​ទាំង​៣១នាក់​អំពី​សារៈសំខាន់​នៃ​ចំណង​ទាក់ទង​រវាង​ពលរដ្ឋ ក្នុងការ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក-អាស៊ាន​ស៊ី​ជម្រៅ កាលពីថ្ងៃ​ទី៨ ខែសីហា ឆ្នាំ២០២៣។ (ប៉ូច រាសី/វីអូអេ)

លោក​ថ្លែងថា៖ «យើង​ពិត​ជា​ចង់ឱ្យ​កម្មវិធី​នេះ មិន​ត្រឹមតែ​មាន​ប្រយោជន៍​សម្រាប់​ការអភិវឌ្ឍន៍​អាជីព​ផ្ទាល់ខ្លួន​របស់​លោកអ្នក និង​សម្រាប់​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​លោក​អ្នក​តែប៉ុណ្ណោះទេ គឺ​ដូច​ដែល លោក​ព្រឹទ្ធបុរស​បាន​កត់សម្គាល់​ហើយ​ថា យើង​ក៏ចង់ឱ្យ​លោក​អ្នកជួយ​យើង​ដើម្បី​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ អំពី​ការយល់ឃើញ​របស់​យើង​ចំពោះ​បញ្ហា​ទាំងឡាយ ចំពោះ​អាទិភាព ចំពោះ ការព្រួយ​បារម្ភ​នានា និង​ចំពោះ​មតិ​ផ្សេងៗ​លើ​បញ្ហា​សំខាន់ៗ​ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន‍»។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក កែវ ឈា បាន​លើក​ទឹកចិត្ត​ដល់​ក្រុម​អ្នកចូលរួម​រៀន​សូត្រ​ពី​ក្រុម​អ្នកដឹកនាំ។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក កែវ ឈា ថ្លែង​ទៅកាន់​អ្នកចូលរួម​កម្មវិធី US-ASEAN Institutes for Rising Leaders នៅសាលាសិក្សាជាន់ខ្ពស់អំពី​អន្តរជាតិ SAIS នៃសាកលវិទ្យាល័យ John Hopkins ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ (ប៉ូច រាសី/វីអូអេ)

លោក​ថ្លែង​ថា៖ «នេះ​ជាផ្នែក​មួយ​នៃ​ការប្រាស្រ័យ​ទាក់ទងគ្នា​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ និង​ជា​បណ្តាញ​សម្រាប់​ក្រុម​មេដឹកនាំ​វ័យក្មេង ដើម្បី​សម្រួល​ដល់​អភិបាលកិច្ច​នៅ​ថ្ងៃ​អនាគត និង​ការចូលរួម​ក្នុង​រដ្ឋាភិបាល​ក្នុង​ប្រទេស​របស់​លោក​អ្នក។ លោក​អ្នក​រក្សា​ទុក​នូវ​បណ្តាញ​នេះ។ វា​នឹង​ជួយ​ដល់​ការងារ​របស់​លោក​អ្នក ហើយ​វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ទាំងសងខាង‍»។

ហើយ​បណ្តាញ​ទាក់ទង​គ្នា​នេះ អាច​ជា​ថាមពល​រឹងមាំ​បំផុត​របស់​កម្មវិធី​នេះ។ អ្នកចូលរួម​ជាច្រើន​នាក់ និយាយ​ថា​ពួកគេ​កំពុង​សិក្សា​រៀនសូត្រ​ពីគ្នា​ទៅវិញ​ទៅ​មក ខណៈដែល​ពួកគេ​ទទួល​បាន​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​សហរដ្ឋ​អាមេរិក៕