ផ្សារភាគហ៊ុនអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានឡើងថ្លៃនៅពេលមានព័ត៌មានថា សហរដ្ឋអាមេរិកនិងចិនបានព្រមព្រៀងគ្នាធ្វើការចរចាពាណិជ្ជកម្មថ្មី។
ភាគហ៊ុនរបស់ Dow Jones Industrial Average បានឡើង៣៧២ពិន្ទុ។ ភាគហ៊ុន S&P 500 បានឡើងជាង១ភាគរយខណៈភាគហ៊ុនរបស់ NASDAQ បានឡើងជិត២ភាគរយ។
ការយកពន្ធគយថ្មីលើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក និងចិន និងភាពមិនប្រាកដប្រជាលើការចរចាកម្រិតខ្ពស់ បានធ្វើឲ្យពួកអ្នកវិនិយោគទុនមានការភ័យខ្លាចក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ចិនបានប្រកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាកម្រិតខ្ពស់ថ្មីមួយនៅដើមខែតុលា។
ក្រសួងពាណិជ្ជកម្មចិន ប្រាប់ឲ្យដឹងថា ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He លោក តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Robert Lighthizer និងលោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាធ្វើការចរចាក្នុងអំឡុងនៃការនិយាយតាមទូរស័ព្ទ។
ការិយាល័យតំណាងពាណិជ្ជកម្ម មិនបានផ្តល់កាលបរិច្ឆេទដោយគ្រាន់តែនិយាយថា នឹងមានការចរចាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ភាគីទាំង២ នឹងធ្វើការចរចាថ្នាក់អនុប្រធាននៅខែនេះ ដែលចិននិយាយថា នឹងក្រាលផ្លូវដើម្បីធ្វើឲ្យមានការជឿនលឿនពិតប្រាកដ។ មិនមានការចរចាកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងចិននៅក្នុងកក្កដាទេ។
ក្នុងពេលដ៏សំខាន់នេះ ភាគីទាំង២ បានបន្តសង្គ្រាមពាណិជ្ជកម្មនៅសប្តាហ៍នេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានយកពន្ធគយចំនួន១៥ភាគរយ លើទំនិញរបស់ចិនដែលមានតម្លៃ១១២ពាន់លានដុល្លារកាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ការណ៍នេះមានន័យថា អ្នកទិញទំនិញសហរដ្ឋអាមេរិក អាចឃើញការឡើងថ្លៃលើម្ហូបអាហារ ឧបករណ៍កីឡា តន្រ្តី និងគ្រឿងសង្ហារឹម៕