ភាគហ៊ុន​សហរដ្ឋ​អាមេរិក​ឡើង​ថ្លៃ​បន្ទាប់ពី​ចំនួន​អ្នកសុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ​ធ្លាក់ចុះ

រូបឯកសារ៖ ទិដ្ឋភាព​នៃ​ទីស្នាក់ការ​ទីផ្សារភាគហ៊ុន New York នៅ​ដងផ្លូវ Wall Street ក្នុងទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

ភាគហ៊ុន​របស់​ផ្សារ​ភាគហ៊ុន Wall Street​ បាន​ឡើង​ថ្លៃ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ការធ្លាក់ចុះ​លើក​ដំបូង​នៃ​ចំនួន​អ្នកសុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ​ប្រចាំសប្តាហ៍​ដែល​បាន​បន្ធូរ​បន្ថយ​ការព្រួយ​បារម្ភ​អំពី​ការធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច។

ការសុំ​ប្រាក់​គ្មាន​ការងារ​ធ្វើ​ដំបូង​មាន​ចំនួន​ ២៣៣.០០០ដែល​ធ្លាក់​ចុះ​ចំនួន​១ម៉ឺន​៧ពាន់​ធៀប​នឹងសប្តាហ៍​មុន។ នេះ​បើ​តាម​ក្រសួង​ការងារ​របស់​សហរដ្ឋ​អាមេរិក។

ទីផ្សារ​ភាគហ៊ុន​មាន​ការភ័យខ្លាច​អំពី​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ចាប់តាំង​ពី​របាយ ការណ៍​ការងារ​ប្រចាំ​ខែ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែល​បាន​បណ្តាល​ឱ្យ​មាន​ការខាតបង់​ផ្សារភាគហ៊ុន​កាន់តែ​ខ្លាំង​ឡើង​កាលពី​ថ្ងៃ​ចន្ទ៕