សហរដ្ឋ​អាមេរិក​នៅតែ​ប្ដេជ្ញា​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ INF

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

លោក Trump បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ថា​បាន​រំលោភ​សន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម INF នេះ ដោយសារតែ​ប្រទេស​រុស្ស៊ី​បាន​ដាក់​ពង្រាយ​មីស៊ីល។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ទំនងជា​មាន​ការ​តាំង​ចិត្ត​ប្ដូរផ្ដាច់​នៅ​ក្នុង​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ INF ដែល​ជា​កិច្ច​ព្រមព្រៀង​មួយ​ធ្វើ​ឡើង​ជាមួយ​ប្រទេស​រុស្ស៊ី​កាល​ពី​ឆ្នាំ ១៩៨៧ បន្ទាប់ពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មក។

លោក Trump បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ថា​បាន​រំលោភ​សន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម INF នេះ ដោយសារតែ​ប្រទេស​រុស្ស៊ី​បាន​ដាក់​ពង្រាយ​មីស៊ីល។

លោក Bolton បាន​ហៅ​ការ​រំលោភ​របស់​រុស្ស៊ី​លើ​សន្ធិសញ្ញា​នេះ​ថា «ធ្វើ​ឡើង​យូរ​មក​ហើយ និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ»។

លោក Bolton និយាយ​ដូច្នេះ​ថា៖ «ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ INF នេះ មិន​មែន​ជា​ការ​គំរាមកំហែង​នោះ​ទេ។ ប៉ុន្តែ ការ​ដាក់​ពង្រាយ​មីស៊ីល​របស់​រុស្ស៊ី​ទៅ​វិញ​ទេ ដែល​ជា​ការ​គំរាមកំហែង។ គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​គឺ​ថា រុស្ស៊ី​រំលោភ​លើ​សន្ធិសញ្ញា​នេះ។ គោល​ជំហរ​របស់​រុស្ស៊ី​គឺ​ថា ពួកគេ​មិន​បាន​រំលោភ​លើ​សន្ធិសញ្ញា​នេះ។ ដូច្នេះ សំណួរ​សួរ​ថា​តើ​ត្រូវ​ស្នើ​រុស្ស៊ី​ឲ្យ​គោរព​តាម​អ្វី​ដែល​ពួកគេ​គិត​ថា​ពួកគេ​មិន​បាន​រំលោភ​នោះ​បាន​ដែរ​ឬ​ទេ?»។

លោក Bolton បាន​ប្រាប់​អ្នក​កាសែត បន្ទាប់ពី​បញ្ចប់​ជំនួប​របស់​លោក​ជាមួយ​នឹង​លោក Putin រួច​មក​ថា ការ​ជូន​ដំណឹង​ជា​ផ្លូវការ​អំពី​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ នឹង​ធ្វើ​ឡើង​នៅ «ពេលវេលា​សមរម្យ​មួយ»។

អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Mikhail Gorbachev និង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Ronald Reagan បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នុយក្លេអ៊ែរ INF នេះ​កាល​ពី​ឆ្នាំ ១៩៨៧។ គោល​បំណង​សន្ធិសញ្ញា​នេះ​គឺ​រារាំង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​មិន​ឲ្យ​ផលិត សាកល្បង និង​ស្ដុក​ទុក​មីស៊ីល​បាញ់​ចេញ​ពី​ដី​ដែល​អាច​ហោះ​បាន​ចម្ងាយ​ពី ៥ រយ​ទៅ ៥ ពាន់​គីឡូម៉ែត្រ៕