ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជាឲ្យបុគ្គលិកមិនចាំបាច់ទាំងអស់និងសមាជិកក្រុមគ្រួសាររបស់ពួកគេចាកចេញពីប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលយោធាមីយ៉ាន់ម៉ានៅបន្តបង្ក្រាបដ៏ប្រល័យលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យោធាមីយ៉ាន់ម៉ាបានឃុំឃាំងនិងទម្លាក់មន្ត្រីរដ្ឋាភិបាលជាប់ឆ្នោតចេញពីអំណាច។ ការតវ៉ានិងបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាបានធ្វើឡើងហើយត្រូវគេរំពឹងថានឹងនៅបន្ត»។
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners (AAPP)) បានបញ្ជាក់ថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៥១២ នាក់ ចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈមក។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបិទទ្វារមួយនៅថ្ងៃពុធនេះដើម្បីពិភាក្សាអំពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់ VOA ថា៖ «អ្វីដែលយើងចង់ឃើញគឺសាររួមដ៏ខ្លាំងក្លាមួយរបស់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះយោធាមីយ៉ាន់ម៉ាឲ្យធ្វើឲ្យស្ថានការណ៍វិលទៅរកសភាពដើមវិញ បញ្ឈប់អំពើហិង្សា ដោះលែងអ្នកទោសនយោបាយ ប្រគល់ប្រទេសជូនប្រជាពលរដ្ឋមីយ៉ាន់ម៉ាវិញ និងជំរុញឲ្យមានដំណើរទស្សនកិច្ចរបស់បេសកជនពិសេសទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា»៕