ក្រសួង​ការ​បរទេស​អាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង

រូបឯកសារ៖ អ្នកគាំទ្រម្នាក់កាន់ផ្ទាំងរូបប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ គឺលោក កឹម សុខា នៅឯកន្លែងបិទផ្លូវមួយនៅជិតសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ថ្ងៃទី ២៧ ខែមីនាឆ្នាំ២០១៨។

មក​ទល់​ពេល​នេះ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​​រួម​ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចំនួន​២៦​នាក់​ត្រូវបាន​ចាប់​ខ្លួន ឬ​ចោទ​ពី​បទ​ញុះ​ញង់ ឬ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជា​អាទិ៍។

នៅ​រសៀល​ថ្ងៃ​ពុធ​នៅ​សហរដ្ឋ​អាមេរិក ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​ខ្លី​ជា​វីដេអូ​មួយ ដោយ​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ដោយសារ​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ហើយបាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​សកម្មជន​ទាំង​នោះ​ជា​បន្ទាន់។ នេះ​បើ​តាម​អ្នកស្រី Morgan Ortagus អ្នក​នាំពាក្យ​នៃក្រសួង​ការ​បរទេស​អាមេរិក។

នៅ​ក្នុង​សារ​ជា​វីដេអូ​ដែល​មាន​រយៈពេល​៥៤​វិនាទី​ តាម​បណ្តាញ Twitter អ្នក​ស្រី Ortagus បាន​លើក​ឡើង​ថា៖ «សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​គាប​សង្កត់​ខាង​នយោបាយ​របស់​រដ្ឋាភិបាល​ម្ពុជា​ទៅ​លើ​អតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ។ ហើយ​យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​បំបាត់​ការ​រឹតបន្តឹង​ខាង​នយោបាយ​នានា​លើ​បុគ្គល​គ្រប់​រូប រួម​ទាំង​លោក កឹម សុខា និង​ដោះលែង​សកម្មជន​នយោបាយ​ដែល​ត្រូវបាន​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត និង​ដោយ​ខុស​ច្បាប់‍»។

កាលពី​ពីរ​ថ្ងៃ​មុន អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​រំលាយ ចំនួន​៩នាក់​ថែម​ទៀត។ មក​ទល់​ពេល​នេះ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង រួម​ទាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ចំនួន​២៦​នាក់​ត្រូវបាន​ចាប់​ខ្លួន ឬ​ចោទ​ពី​បទ​ញុះ​ញង់ ឬ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជា​អាទិ៍។ ស្រប​ពេល​ជាមួយ​គ្នា​នោះ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កំពុងជាប់​ឃុំ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​នៅ​ឡើយ។

ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កំពុង​តែ​មាន​ភាព​តាន​តឹង​ខ្លាំង ជាពិសេស​ក្រោយ​ការ​ប្រកាស​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​គណបក្ស​ប្រឆាំង​ដែល​នីរទេស​ខ្លួន​រស់នៅ​ក្រៅ​ប្រទេស។ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្តេជ្ញា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី នៅ​ពេល​ដែល​លោក​ទៅដល់​ប្រទេស​កម្ពុជា។

ក្រោយ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​មក លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្សសង្គ្រោះ​ជាតិ ដោយ​ផ្អែក​លើ​បទ​ចោទ​ថា ​ប្រធាន​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​អាមេរិក ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​របស់​ក្រសួង​ការ​បរទេស​អាមេរិក អ្នក​ស្រី Morgan Ortagus បាន​សង្កត់​ធ្ងន់​ថា៖ «សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពហុ​បក្ស​ដ៏​ពិត​ប្រាកដ និង​ការពារ​សិទ្ធិ​មនុស្ស និង​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា‍»៕