សេតវិមាននិងក្រសួងការពារប្រទេសស.រ.អា.បាននិយាយកាលពីថ្ងៃសៅរ៍ថាកងកម្លាំងពិសេសស.រ.អា.បានសម្លាប់មេបញ្ជាការម្នាក់នៃក្រុមរដ្ឋអ៊ីស្លាម ហើយចាប់បានប្រពន្ធគាត់នៅក្នុងប៉ែកខាងកើតនៃប្រទេសស៊ីរី។
ការវាយប្រហារឆ្មក់កាលពីយប់ថ្ងៃសុក្រមានទិសដៅវាយប្រហារបុរសទុយនីស៊ីម្នាក់ឈ្មោះ Abu Sayyaf ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព៌ណនាថាមានទាក់ទិននឹងកិច្ចប្រតិបត្តិការខាងយោធានិងខាងហិរញ្ញវត្ថុរបស់ក្រុមជនសកម្មប្រយុទ្ធនេះ ដោយមានរួមមានផ្សារងងឹតលក់ឧស្ម័ននិងប្រេងដែលផ្តល់ប្រាក់ដល់សកម្មភាពជាច្រើនរបស់អង្គការនេះផងដែរ។
សេតវិមានបាននិយាយថាកាលពីយប់ថ្ងៃសុក្រថាលោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានបញ្ជាដល់ក្រសួងការពារជាតិឱ្យបញ្ជូនក្រុមទាហានស.រ.អា.ដែលមានមូលដ្ឋានក្នុងប្រទេសអ៊ីរ៉ាក់ឱ្យធ្វើប្រតិបត្តិការនៅ al-Omar។
ប្រពន្ធរបស់មេដឹកនាំនៃក្រុមរដ្ឋអ៊ីស្លាមរូបនេះឈ្មោះ Umm Sayyaf កំពុងឋិតនៅក្នុងការឃុំឃាំងរបស់ក្រុមយោធាស.រ.អា.ក្នុងប្រទេសអ៊ីរ៉ាក់។ នៅក្នុងពេលឆ្មក់វាយប្រហារនោះស្ត្រីវ័យក្មេង Yazidi ម្នាក់ដែលប្តីប្រពន្ធនេះបានចាប់ឃុំឃាំងបានត្រូវដោះលែងឱ្យមានសេរីភាព។
បើតាមអ្នកស្រី Bernadette Meehan អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិបានឲ្យដឹងថាគ្មានទាហានស.រ.អា.ណាម្នាក់ស្លាប់ឬត្រូវរបួសទេនៅក្នុងកិច្ចប្រតិបត្តិការនោះ។
ក្រុមមន្ត្រីស.រ.អា.បាននិយាយថា ការឆ្មក់វាយប្រហារដែលបានសម្លាប់មេបញ្ជាការរូបនេះមិនមែនជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ទេ៕