មន្រ្តី​ការទូត​អាមេរិកនិងកូរ៉េ​ខាង​ត្បូង​​ពិភាក្សា​ពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង

លោក Tony Blinken ​អនុ​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ ឆ្វេង និយាយ​ជាមួយ​លោក Cho Tai-yong ​អនុ​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាង​ត្បូង​​ នៅ​ក្នុង​កិច្ច​ពិភាក្សា​នា​ឯ​ក្រសួង​ការបរទេស​ក្នុង​ទីក្រុង​សេអ៊ូល កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

មន្រ្តី​ការទូត​ជាន់​ខ្ពស់​ទី​២មក​ពី​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េខាង​ត្បូង​ បាន​ជួប​ពិភាក្សា​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូលនៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ពិភាក្សាបញ្ហា​ទ្វេភាគី​ហើយ​និង​កម្មវិធី​នុយក្លេអ៊ែរ​និង​កាំ​ជ្រួច​ផ្លោង​មីស៊ីល​របស់​ប្រទេស​កូរ៉េខាង​ជើង។​

លោក Tony Blinken ​អនុ​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​ចំណាយ​ពេល​៣​ថ្ងៃ​នៅ​ក្នុង​រដ្ឋ​ធានី​សេអ៊ូល​ ​ដែល​ជា​ដំណើរទស្សន​កិច្ច​លើក​ដំបូង​ទៅ​កាន់​តំបន់​អាស៊ី​ដែល​អាច​នឹង​នាំ​លោក​ទៅ​កាន់​ប្រទេស​ចិន​និង​ជប៉ុន​ផងដែរ។

បន្ទាប់​ពី​ជំនួប​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ជាមួយ​លោក Cho Tai-yong ​អនុ​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាង​ត្បូង​ លោក Blinken ​បាន​មាន​ប្រសាសន៍​ថា ​វា​ជា​ការសំខាន់​ដើម្បី​រក្សា​ការដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាង​ជើង​រហូត​ទាល់​តែ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បង្ហាញ​ថា វា​ថា​កូរ៉េ​ខាង​ជើង​ពិត​ជា​ចង់​បន្ត​ចរចា​ការគ្មាន​អាវុធ​នុយក្លែអ៊ែរ​៦​ភាគី​នោះ។

លោកអនុរដ្ឋ​មន្រ្តី​ការបរទេស Blinken ​បាន​មាន​ប្រសាសន៍​ថា៖ «សម្ពាធ​ដែល​សហគមន៍​អន្តរជាតិ​បាន​ដាក់​លើ​ប្រទេស​កូរ៉េ​ខាង​ជើង បានធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ដ៏​សំខាន់នៅ​ក្នុង​សមត្ថភាព​ដើម្បី​ទទួល​បាន​សំភារៈ​សម្រាប់​កម្មវិធី​អាវុធ​និងកាំ​ជ្រួច​ផ្លោង​មីស៊ីល​របស់​ខ្លួន ដែល​ការដាក់​សម្ពាធ​នេះ​បាន​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ចាត់​វិធានការ​នៅ​ក្នុង​ទិសដៅ​ផ្សេង។​ ក៏​ប៉ុន្តែ​នៅ​ទី​បញ្ចប់​ នេះ​ជា​ការសម្រេច​ចិត្ត​ដែល​កូរ៉េ​ខាង​ជើង​ត្រូវ​ធ្វើ។ កូរ៉េ​ខាង​ជើង​ត្រូវ​តែ​សម្រេច​ថា​ តើ​ខ្លួន​ប្រាកដ​ប្រជាអំពី​ការវិល​ត្រឡប់​ទៅ​កាន់ការកាត់​បន្ថយ​យោធា​និង​មាន​ការចរចា​ដែល​អាច​ជឿ​ទុកចិត្ត​បាននិង​ពិតប្រាកដ។ ​យើង​នៅ​តែ​បើក​ចំហ​ដល់​បញ្ហា​នេះ​លុះ​ត្រា​តែ​កូរ៉េ​ខាង​ជើង​បង្ហាញ​ភាព​ប្រាកដ​ប្រជា។ ​នេះ​ជា​ការ​សំខាន់​ក្នុង​ការបន្ត​ការ​ដាក់​សម្ពាធ​លើ​កូរ៉េខាង​ជើង​ហើយ​និង​បន្ត​សាម​គ្គីភាព​ជាមួយ​សហគមន៍​អន្តរជាតិ»។

ភាពតានតឹង​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​រីក​កាន់​តែ​ធំ​ឡើង ចាប់​តាំង​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើកូរ៉េ​ខាង​ជើង​ពី​បទ​ចោទ​ប្រកាន់​ថា ​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធើណែត​ទៅ​លើ​ក្រុមហ៊ុន​ Sony Picture។

កូរ៉េខាង​ជើង​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ​ខ្លួន​មើល​មិន​ឃើញ​ពី​ភាព​ចាំ​បាច់​ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ ​ហើយ​បាន​គំរាម​កំហែងវាយ​ប្រហារដោយ​អាវុធ​នុយក្លេអ៊ែរ​និងប្រព័ន្ធ​អ៊ីនធើណែត​នៅ​ក្នុង​ការឆ្លើយ​តប​ដល់​ទង្វើ​គំរោះ​គំរើយរបស់​សហរដ្ឋ​អាមេរិក៕