អាមេរិក​និង​កូរ៉េ​ខាងត្បូង​បង្កើន​សមយុទ្ធ​ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ពី​កូរ៉េ​ខាងជើង

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ចាប់​រលាក់ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាងត្បូង​លោក Lee Jong-sup បន្ទាប់ពី​ពួកអស់លោក​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​នៅ​ក្រសួង​ការពារ​ជាតិ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​បង្កើន​សន្ទុះ​និង​ទំហំ​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា និង​ពង្រីក​ការ​ចែក​រំលែក​ព័ត៌មាន​សម្ងាត់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​សាកល្បង​មីស៊ីល​ម្ដង​ហើយ​ម្ដង​ទៀត ​និង​កាន់តែ​ញឹកញាប់​ជាង​មុន​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​លោក Lee Jong-sup បាន​សន្យា​ធ្វើ​ការ​ឆ្លើយតប​ឱ្យ​បាន​មុតមាំ​ជាង​មុន​ចំពោះ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា​កម្រិត​មិន​ធម្មតា​នៃ​ការ​បង្កហេតុ​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ។

នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​បន្ទាប់ពី​បាន​ជួប​ពិភាក្សា​គ្នា​អស់​រយៈពេល​មួយ​ម៉ោង​នៅ​ឯ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ក្នុង​ទីក្រុង​សេអ៊ូល​មក លោក Austin បាន​ធានា​ចំពោះ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​នានា​ថា ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅតែ​រឹងមាំ​ដដែល និង​ថា​ក្រសួង​ការពារ​ជាតិ​អាមេរិក​នឹង​ប្រើ«សមត្ថភាព​ផ្នែក​ការពារ​ទាំង​អស់​ដែល​ខ្លួន​មាន រួម​ទាំង​សមត្ថភាព​ការពារ​ដែល​ប្រើ​អាវុធ​ធម្មតា អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ផង​ដែរ» ដើម្បី​ការពារ​កូរ៉េ​ខាង​ត្បូង​ដែល​ជា​សម្ពន្ធមិត្ត​ជា​យូរ​មក​ហើយ​របស់​ខ្លួន។

លោក Austin និង​លោក Lee ក៏​បាន​និយាយ​ផង​ដែរ​ថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ធ្វើ​សមយុទ្ធ​ថ្មី​ដោយ​ការធ្វើត្រាប់​នៅ​ខែ​ក្រោយ ក៏ដូចជា​សមយុទ្ធ​និង​ការ​ហ្វឹកហាត់​បន្ថែម​ទៀត​ផង​ដែរ។

នៅ​មុន​ជំនួប​របស់​លោក​ទាំង​ពីរ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​សន្យា​បន្ត​ឡើង​វិញ​នូវ​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​រួម​គ្នា​នៅ​ពេល​ក្រោយ​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក Austin បាន​និយាយ​ថា កូរ៉េ​ខាង​ត្បូង​អាច​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត​ក្នុង​អំឡុង​ពេល​នៃ​ការ​ដាក់​ពង្រាយ​យុទ្ធោបករណ៍​នា​ពេល​ថ្មីៗ​នេះ​របស់​សហរដ្ឋ​អាមេរិក​ដូចជា​យន្តហោះ​ចម្បាំង F-22 និង​យន្តហោះ​ចម្បាំង F-35 ជាដើម និង​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាវា​ផ្ទុក​យន្តហោះ Ronald Reagan Carrier Strike Group។

នា​ពេល​បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​មាន​ទាហាន​ប្រហែល ២៨.៥០០ នាក់​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង៕