យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនឹងបន្តសមយុទ្ធយោធារួមគ្នាក្នុងទ្រង់ទ្រាយធំមួយថ្ងៃទៀត។ នេះបើតាមការប្រកាសរបស់ពួកមន្ត្រីនៅថ្ងៃសុក្រនេះ នៅពេលដែលកូរ៉េខាងជើងបានបន្តរិះគន់សមយុទ្ធនេះដោយការបង្កើនការបាញ់បង្ហោះកាំជ្រួចមីស៊ីល។
កូរ៉េខាងត្បូងបានប្រកាសថា សមយុទ្ធយោធាតាមផ្លូវអាកាសដែលមានឈ្មោះថា Vigilant Storm ដែលមានយន្តហោះចំនួន២៤០គ្រឿងចូលរួមនោះ នឹងបន្តធ្វើរហូតដល់ថ្ងៃសៅរស្អែកនេះ។ នេះបើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូងដែលយោងទៅលើការបង្កហេតុរបស់កូរ៉េខាងជើងនោះ។
ចាប់តាំងកាលពីថ្ងៃពុធមក កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីលចំនួន៣០ គ្រាប់ដែលកាំជ្រួចមីស៊ីលខ្លះបានធ្វើឱ្យមានការព្រមានប្រកាសអាសន្នពីការវាយប្រហារតាមអាកាសនិងការបញ្ជាឱ្យរកកន្លែងលាក់ខ្លួនក្នុងគ្រាអាសន្ននៅក្នុងប្រទេសកូរ៉េខាងត្បូងនិងជប៉ុនផងដែរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងនេះ ទៅតាមសំណើរបស់ប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមប្រភពការទូតជាច្រើនដែលបានប្រាប់វីអូអេ។
ក្នុងរយៈពេលមួយយប់ កូរ៉េខាងជើងក៏បានបាញ់កាំភ្លើងធំចំនួន៨០គ្រាប់ចូលក្នុងតំបន់ព្រំដែនសមុទ្រនៃឆ្នេរសមុទ្រខាងកើតរបស់ខ្លួន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់នាយអគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានសន្យាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថានឹងបង្កើនការឆ្លើយតបខាងការពារប្រទេសរបស់ពួកគេ ដល់ការបាញ់សាកល្បងរបស់កូរ៉េខាងជើងនេះ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Lee Jong-sup បានថ្លែងនៅក្បែររដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin ថា សហរដ្ឋអាមេរិកបានយល់ព្រមដាក់ពង្រាយអាវុធយុទ្ធសាស្ត្រ ដែលមានកម្រិតជាការដាក់ពង្រាយជាប្រចាំ។
កូរ៉េខាងត្បូងបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ជូនយន្តហោះចម្បាំងដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ និងនាវាកាន់តែច្រើនឡើងទៅកាន់តំបន់នោះ នៅពេលដែលមេដឹកនាំកូរ៉េខាងជើងKim Jong Un បង្កើនការសាកល្បងកាំជ្រួចមីស៊ីលហើយបានព្រមានពីសមត្ថភាពរបស់លោក ដើម្បីធ្វើការវាយប្រហារអាវុធនុយក្លេអ៊ែរកលយុទ្ធប្រឆាំងនឹងកូរ៉េខាងត្បូង៕
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបន្តធ្វើសមយុទ្ធយោធា នៅពេលកូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួចមីស៊ីលកាន់តែច្រើន
ក្រុងសេអ៊ូល —