ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកប្រធានាធិបតី Joe Biden បានបញ្ជាឱ្យយន្តហោះចម្បាំងអាមេរិក បាញ់ទម្លាក់«វត្ថុដែលមិនអាចបញ្ជាក់អត្តសញ្ញាណបាន» មួយនៅលើបឹង Huron ក្នុងរដ្ឋ Michigan។
ក្រសួងការពារជាតិបានបន្តទៀតថា វត្ថុនេះត្រូវបានគេជឿជាក់ថា ដូចគ្នានឹងវត្ថុ ដែលត្រូវបានគេចាប់សញ្ញាបានក្នុងរដ្ឋ Montana កាលពីថ្ងៃសៅរ៍ផងដែរ។ នេះជាវត្ថុទី៤ហើយ ដែលត្រូវបានបាញ់ទម្លាក់នៅក្នុងខែកុម្ភៈនេះ។
វត្ថុនេះត្រូវបានពណ៌នាថាមានរាង៨ជ្រុង ដែលមានខ្សែចងសងខាង ប៉ុន្តែមិនមានវត្ថុអ្វីដែលមានទម្ងន់ធ្ងន់លើនោះឡើយ។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Patrick Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា វត្ថុនោះមិនផ្តល់ការគំរាមកំហែងផ្នែកយោធាណាមួយឡើយ ប៉ុន្តែវាបានហោះក្នុងរយៈកម្ពស់៦.១០០ម៉ែត្រ ដែលជាការគំរាមកំហែងខ្លាំងដល់ផ្លូវហោះហើររបស់យន្តហោះពាណិជ្ជកម្ម។
មេបញ្ជាការកងទ័ពអាកាសលោក Glen VanHerck ដែលទទួលខុសត្រូវលើការការពារដែនអាកាសអាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំមួយថា ខាងយោធាមិនអាចបញ្ជាក់ថាតើវត្ថុ៣ចុងក្រោយនេះជាវត្ថុអ្វីឱ្យពិតប្រាកដនោះឡើយ ហើយតើវាហោះអណ្តែតលើអាកាសបានយ៉ាងដូចម្តេច ឬក៏វាមកពីណានោះឡើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters៕
សហរដ្ឋអាមេរិកបាញ់ទម្លាក់វត្ថុដែលមិនស្គាល់អត្តសញ្ញាណ លើបឹង Huron ក្នុងរដ្ឋ Michigan
វ៉ាស៊ីនតោន —