អាមេរិក គ្រោង​ផ្តល់​ជំនួយ​អន្តរជាតិ​១១ពាន់​លាន​ដុល្លារ​ពី​ច្បាប់​សង្គ្រោះ​ពី​កូវីដ​ដែល​សភា​ទើប​អនុម័ត

រូបឯកសារ៖ វេជ្ជបណ្ឌិត ប្រើ​តេឡេស្កូប​ដើម្បី​ស្តាប់​ការដកដង្ហើម​របស់​អ្នកជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​មួយ​កន្លែង នៅ​ទីក្រុង​ដាកា​នៃ​ប្រទេស​សេណេហ្គាល់ កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ពុធ​ បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​កញ្ចប់​ថវិកា «ផែនការ​ជួយ​សង្គ្រោះ​អាមេរិក» ​(American Rescue Plan) តម្លៃ ១,៩ លាន​លាន​ដុល្លារ​សម្រាប់​សង្គ្រោះ​វិបត្តិ​កូវីដ១៩ ដោយ​ក្នុង​នោះ​ក៏​បានអនុម័ត​ជំនួយ​បរទេស​ដែល​មាន​ទឹកប្រាក់​ចំនួន​១១​ពាន់​លាន​ដុល្លារ​ផង​ដែរ។

ការ​អនុម័ត​នេះ ​បាន​ផ្ដល់​នូវ​ជ័យជម្នះ​ធំធេង​លើក​ទីមួយ​ដល់​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​លោក​ប្រធានាធិបតី Joe Biden ចាប់​តាំង​ពី​លោក​បាន​ចូល​កាន់​តំណែង​មក។ លោក Joe Biden ​ត្រូវ​គេ​រំពឹង​ថា នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នៅ​ចុង​សប្តាហ៍​នេះ។

ចំពោះ​ជំនួយ​អន្តរជាតិ ទឹកប្រាក់​១១​ពាន់​លាន​ដុល្លារ​នេះ​ គ្រាន់​តែ​ជា​ការចាប់ផ្តើម​នៃ​ការឆ្លើយតប​ជា​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ដល់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ នេះបើ​តាមក្រុម​អតីត​មន្ត្រី​ដែល​បាន​ថ្លែង​ប្រាប់សមាជិក​រដ្ឋសភា។

លោក Rajiv Shah អតីតនាយក​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅ​ក្នុង​សវនាការ​របស់​រដ្ឋសភា​កាល​ពី​ថ្ងៃ​ពុធ ​បាន​និយាយ​ថា៖

«ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិក​នាំមុខ​ពិភពលោក​នៅ​ក្នុង​ការ​បំពេញ​គម្លាត​នេះ យើង​ទំនង​នឹង​ធ្វើ​កាន់​តែ​ច្រើន​ថែម​ទៀត​ដើម្បី​រួបរួម​ជាមួយ​ដៃគូ​ពហុភាគី​តាម​រយៈ​ធនាគារ​ពិភពលោក មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ និង​ស្ថាប័ន​ផ្សេងៗ​ទៀត​ ដែល​ទី​នោះយើង​អាច​ប្រើ​សំឡេង​របស់​យើង»។​

បើ​តាម​ទីភ្នាក់ងារ USAID បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រាក់​ចំនួន​២.០០០​លាន​ដុល្លារ​នៃ​ប្រាក់​សរុប​ចំនួន​៤.០០០​លាន​ដុល្លារដែល​គ្រោង​ផ្តល់​ឲ្យ​កម្មវិធី COVAX ដែល​ជា​សម្ព័ន្ធភាព​សាកលលោក​ដើម្បី​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ហានិភ័យ​នៅ​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ចំនួន​៩២​ប្រទេស។ កម្មវិធី COVAX ខុស​គ្នា​ពី​ការ​ខំប្រឹងប្រែង​របស់​រុស្ស៊ី​និង​ចិន ​ដើម្បី​ឈ្នះ​ក្នុងការទូត​ខាង​ការ​ចែកចាយ​វ់ាក់សាំង​ពួក​គេ​នៅ​ជុំវិញ​ពិភពលោក។

ប្រាក់​ចំនួន​១១​ពាន់​លាន​ដុល្លារ​នេះ ​រួម​មាន​ការ​ជួយ​ឧបត្ថម្ភ​ដល់​មូលនិធិ​សាកលលោក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ជំងឺ​របេង​ និង​គ្រុនចាញ់ផង​ដែរ ដោយ​មូលនិធិ​ជា​ច្រើន​ពី​នេះ​ ត្រូវ​បាន​បង្វែរ​ទៅ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ជាច្រើន។ ប្រាក់​ទាំង​នេះ​ ក៏​ផ្តល់​ឲ្យ​កម្មវិធី​ថែទាំ​សុខភាព​នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC ផង​ដែរ៕