សហ​រដ្ឋ​អាមេរិក​នឹង​​សម្រេច​ចិត្ត​អំពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដូស​ជំរុញ

រូបឯកសារ៖ បុរស​ម្នាក់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ក្រុង Ypsilanti រដ្ឋ Michigan ថ្ងៃ​ទី៧ ខែសីហា ឆ្នាំ២០២១។

នាយក​វិទ្យាស្ថានសុខាភិបាល​ជាតិ​សហ​រដ្ឋ​អាមេរិក​ ​លោក​វេជ្ជបណ្ឌិត ​Francis Collins ​បាន​ថ្លែង​ប្រាប់​កម្មវិធី​ទូរទស្សន៍ Fox News Sunday​ ថា​ ក្នុង​រយៈ​ពេល​២​ ឬ​៣​សប្តាហ៍​ខាង​មុខ​នេះ ​ទើប​សហរដ្ឋ​អាមេរិក​ដឹង​ថា ​តើ​ខ្លួន​នឹងចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​វីរុស​កូរ៉ូណា​ដូស​ជំរុញ​ដល់​ពលរដ្ឋ​ខ្លួន​ ឬ​យ៉ាង​ណា។ ​លោក​បន្ត​ថា៖ «មាន​ការ​បារម្ភ​ថា ​វ៉ាក់សំាងអាច​នឹង​ចុះ​ថយ​ប្រសិទ្ធភាព​របស់​វា»។​

អ្នកធ្វើ​ការផ្នែក​ថែទាំសុខភាព​ អ្នក​រស់​នៅ​ក្នុង​មណ្ឌល​ថែ​រក្សា​មនុស្ស​ចាស់​ និងមនុស្ស​ចំណាស់​ផ្សេងៗ​ទៀតនឹង​ក្លាយ​ជា​អ្នក​ដំបូង​គេ​ ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំងដូស​ជំរុញ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​នាយក​វិទ្យាស្ថានសុខាភិបាល​ជាតិរូប​នេះ។

វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​(delta)​កំពុង​បង្កើន​ចំ​នួន​អ្នក​ឆ្លង​ថ្មី​នៅ​សហ​រដ្ឋ​អាមេរិក​ដល់​ប្រមាណ​១២៩.០០០​ករណី​ក្នុង​មួយ​ថ្ងៃ​ គឺ​កើន​ឡើង​ប្រមាណ​៧០០%​ចាប់​តាំង​ពី​ដើម​ខែ​កក្កដាមក។ ​លោក​ Collins ​និយាយ​ថា​ ករណី​ឆ្លងនេះ​អាច​កើន​ឡើង​ដល់​ចំនួន​២​សែន​នាក់​ក្នុង​មួយ​ថ្ងៃ​ក្នុង​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ចំនួន​ដ៏ខ្ពស់​បំផុត ​ចាប់​តាំង​ពី​ការ​ផ្ទុះជំងឺ​កូវីដ១៩​កាល​ពី​ខែ​មករា ​និង​កុម្ភៈ​កន្លង​ទៅ។​

លោក Collins ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ១៩​គឺ​ជា​គោល​ដៅ​នៃ​ការ​ឆ្លងដ៏​សំខាន់​ ហើយ​លោក​បាន​ជំរុញ​ឲ្យ​ពួក​គេ​ទៅ​ចាក់​វ៉ាក់សាំងឲ្យ​បាន​រួស​រាន់​ ខណៈ​ពេល​វីរុស​ប្រភេទ​ដែលតា​កំពុង​ឆ្លង​ខ្លាំង​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។

លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រធាន​ផ្នែក​ជំងឺឆ្លង​ បាន​ប្រាប់​កម្មវិធី​ Face the Nation ​របស់​ទូរទស្សន៍ CBS Sunday ថា បើទិន្នន័យ​បង្ហាញ​ថា​ ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជា​ការ​ចាំបាច់​នោះ​ ​នោះ​សហ​រដ្ឋ​អាមេរិក​នឹងរៀប​ចំ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះជា​បន្ទាន់​ភ្លាមៗ»។

រហូត​មក​ដល់​ពេល​នេះ​ សហ​រដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លងជំងឺ​កូវីដ១៩ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​គឺ​ចំនួន​៣៦,៧លាននាក់។ ​នេះ​បើតាម​តួលេខ​របស់​សាកល​វិទ្យាល័យ​ Johns Hopkins៕