ពួកមន្ត្រីសហរដ្ឋអាមេរិកកំពុងបំបែកកូនក្មេងដែលគ្មានឯកសារជាមួយឪពុកម្តាយរបស់ពួកគេដែលបានឆ្លងកាត់ព្រំដែនភាគខាងត្បូងក្នុងអត្រាមួយលឿនជាងដែលរដ្ឋាភិបាលបានទទួលស្គាល់កាលពីពេលមុន នេះតាមទិន្នន័យដែលបានផ្តល់ឲ្យពួកអ្នកយកព័ត៌មានដោយមន្ត្រីអន្តោប្រវេសន៍កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងរយៈពេល៣៥ថ្ងៃចាប់តាំងពីថ្ងៃទី៥ ខែឧសភាដល់ថ្ងៃទី៩ ខែមិថុនានេះ កូនក្មេង២៣២៩នាក់ បានត្រូវគេបំបែកពីឪពុកម្តាយ ឬអ្នកព្យាបាលជាមធ្យមរយៈពេល៦៧ថ្ងៃនៅពេលដែលមនុស្សពេញវ័យបានប្រឈមការចោទប្រកាន់ឧក្រិដ្ឋកម្មសហព័ន្ធចំពោះការចូលប្រទេសអាមេរិកខុសច្បាប់ និងស្ថិតនៅក្នុងដំណើរការនិរទេសខ្លួនដោយសារគោលនយោបាយថ្មីរបស់រដ្ឋបាលប្រធានាធិបតីត្រាំដែលហៅថា ការមិនអត់ឱនឲ្យទាល់តែសោះ។
ចំនួនកូនក្មេងដែលបំបែកពីឪពុកម្តាយឬអាណាព្យាបាលដែលបានផ្តល់ដោយក្រសួងសន្តិសុខមាតុភូមិកាលពីចុងសប្តាហ៍មុនបានប្រាប់ឲ្យដឹងថា នៅចន្លោះថ្ងៃទី១៩ខែមេសានិងថ្ងៃទី៣១ ខែឧសភា កូនក្មេងចំនួន១៩៩៥នាក់បានត្រូវគេយកចេញពីឪពុកម្តាយរបស់ខ្លួនហើយត្រូវបានឃុំខ្លួននៅក្នុងទីជម្រកដែលផ្តល់ថវិកាដោយរដ្ឋាភិបាល ដែលជាមធ្យមមានការបំបែកកូនក្មេងទាំងនោះពីឪពុកម្តាយចំនួន៤៨នាក់ក្នុងមួយថ្ងៃ។
ការបំបែកកូនក្មេងទាំងនោះនៅពេលសព្វថ្ងៃនេះ ជួនគ្នានៅពេលដែលលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក Jeff Sessions បានប្រកាសគោលនយោបាយនៅថ្ងៃទី៦ ខែមេសា និងនៅពេលដែលក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកដែលរួមមាននាយកដ្ឋានគយ និងការពារព្រំដែនសហរដ្ឋអាមេរិកបានចូលរួមការផ្តួចផ្តើមនៅថ្ងៃទី៧ ខែឧសភា។ VOA បានស្នើទិន្នន័យបន្ថែមស្តីពីការបំបែកកូនក្មេងពីឪពុកម្តាយនេះមកពីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកដែលជួនគ្នាជាមួយកាលបរិច្ឆេទសំខាន់ៗនៃការផ្តួចផ្តើមនេះ៕