សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលចំនួន៧នាក់ ដែលមកពីគណបក្សប្រជាធិបតេយ្យបានចូលរួមជាមួយនឹងសមាជិកសភាសហរដ្ឋអាមេរិក ដោយអំពាវនាវដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជាអនុញ្ញាតឱ្យសមាជិកសភាគណបក្សប្រឆាំងបានវិលត្រឡប់ចូលប្រទេសវិញ ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬការយកមកកាត់ទោសអ្វីឡើយ។
នៅក្នុងលិខិតចុះថ្ងៃទី១១ ខែកុម្ភៈ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល VOA ទទួលបាន សមាជិកព្រឹទ្ធសភាទាំងនេះសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍នានាពីភាពមិនប្រក្រតីយ៉ាងធំកើតមានឡើងនៅក្នុងអំឡុងពេលបោះឆ្នោតជាតិឆ្នាំ២០១៣។
សមាជិកព្រឹទ្ធសភាទាំងនោះមានលោក Christopher Murphy លោក Richard Blumenthal លោកស្រី Amy Klobuchar លោកAl Franken លោកស្រី Maria Cantwell លោក Sheldon Whitehouse និងលោកស្រីElizabeth Warren។ សមាជិកព្រឹទ្ធសភាទាំងនោះបានបន្ថែមថា បើទោះបីជាមានការព្រួយបារម្ភក្តី ក៏ពួកគេសម្តែងក្តីសង្ឃឹមថា គណបក្សប្រជាជនកម្ពុជាអាចនឹងទុកឱកាសឱ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើការតាមអណត្តិរបស់ពួកគេ ដោយមិនមានការភ័យខ្លាច ឬការគំរាមកំហែង។
សមាជិកព្រឹទ្ធសភាទាំងនោះបានបន្ថែមថា៖«ជាចៃដន្យអាក្រក់ព្រឹត្តិការណ៍ដែលកើតមានជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមមាន ការវាយប្រហារដោយក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនៅពីខាងមុខអគារសភាជាតិកាលពីខែតុលា គឺបានធ្វើឱ្យខូចដល់ដំណើរការប្រជាធិបតេយ្យ»។
លោក សម រង្ស៊ី ប្រធានគណបក្សវិញកំពុងតែរស់នៅនិរទេសខ្លួនក្រៅប្រទេស បន្ទាប់ពីសភាជាតិដែលមានតែសមាជិកគណបក្សកាន់អំណាចលុបចោលសមាជិកភាពសភាជាតិរបស់លោក ដើម្បីឱ្យប្រឈមមុខនឹងការជាប់ពន្ធនាគារក្នុងរឿងបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។
សមាជិកព្រឹទ្ធសភាអាមេរិកាំងទាំងនេះក៏ស្នើសុំឱ្យដោះលែងលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិជាបន្ទាន់ផងដែរ។ លោក ម៉ាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិអាមេរិកាំង កំពុងជាប់ក្នុងពន្ធនាគារនាទីក្រុងភ្នំពេញ ដោយរងការចោទប្រកាន់ពាក់ព័ន្ធនឹងបាតុកម្មរបស់គណបក្សប្រឆាំងនៅក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៣។
សមាជិកព្រឹទ្ធសភាក៏អំពាវនាវឱ្យមេដឹកនាំកម្ពុជាបញ្ចប់ការរឹបអូសយកដីធ្លីនៅក្នុងប្រទេសកម្ពុជា និងនាំយកជនល្មើសមកកាត់ទោស និងបញ្ឈប់សកម្មភាពជួញដូរមនុស្សផងដែរ។
កាលពីដើមខែធ្នូឆ្នាំមុន សមាជិកសភាសហរដ្ឋអាមេរិកចំនួន១៦នាក់ក៏បានសរសេរលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងសំណុំរឿងលុបសមាជិកភាពតំណាងរាស្រ្តរបស់លោក សម រង្ស៊ី និងការវាយតប់លើអ្នកតំណាងរាស្រ្ត ញ៉យ ចំរើន និងលោក គង់ សភា ផងដែរ៕